ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កេត សុជាតិ កាលពីព្រលប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនស្រ្តី វ័យចំណាស់ ត្រូវចោទម្នាក់ ដែលជាថៅកែ នៃ រោងចក្រផលិតបារីមួយកន្លែង និង បានបញ្ជូនខ្លួនគាត់ ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយ នៅក្នុងសវនាការ តាមនីតិវិធីច្បាប់ ។
យោងតាមដីកាបង្គាប់ អោយឃុំខ្លួន របស់លោកចៅក្រមស៊ើបសួរ បានអោយដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ឈ្មោះ ង៉ូវ ម៉ុក ភេទ ស្រី អាយុ៧២ឆ្នាំ មុខរបរ ជានាយិកាក្រុមហ៊ុនហុងកុងអន្តរជាតិ មានទីលំនៅ ផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនត្រូវចោទ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ« ក្លែងបន្លំ ពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាម របស់សហគ្រាសមួយផ្សេងទៀត ដែលមានចុះបញ្ជី នៅក្នុងព្រះរាជាណាចក្រកម្ពុជា» ប្រព្រឹត្តនៅទីតាំងបារី ហុងកុងអន្តរជាតិ ផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនត្រូវចោទ ត្រូវបានចាប់ឃាត់ខ្លួន ដោយ សមត្ថកិច្ចនគរបាល នៃ នាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំសម្របសម្រួល នីតិវិធីពីតំណាង អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅក្នុងចំណុច ទីតាំងរោងចក្ររបស់គាត់ ស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម។
ក្រោយប្រតិបត្តិការបង្ក្រាប និង ការត្រួតពិនិត្យឆែកឆេររោងចក្របារី ហុងកុង អន្តរជាតិ សមត្ថកិច្ចនគរបាលជំនាញ នៃ នាយកដ្ឋានប្រឆាំង បទល្មើសសេដ្ឋកិច្ច បានរកឃើញនូវសម្ភារៈវត្ថុតាង ជាច្រើន ពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយបារីម៉ាក JET ក្លែងក្លាយ និងបារីម៉ាក ៥៥៥ ក្លែងក្លាយមួយចំនួនធំ ដែលបានលផលិតរួចរាល់ និង ស្តុកទុក នៅក្នុងរោងចក្របារី ហុងកុង អន្តរជាតិ ៕
ដោយ៖ រស្មី អាកាស