ព័ត៌មានជាតិ

កុំផ្ដល់ព័ត៌មានក្លែងក្លាយ និងរូបភាពអាសអាភាស ចូលក្នុងគ្រុបតេឡេក្រាម សុវត្ថិភាពចរាចរណ៍យើង

ភ្នំពេញ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំដល់ប្រជាពលរដ្ឋ កុំផ្ដល់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលមានចរិតញុះញង់ មួលបង្កាច់ បង្ខូចកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ចូលក្នុងគ្រុបតេឡេក្រាម (Telegram Group) សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY។

យោងតាមសេចក្ដីណែនាំរបស់ គ.ស.ច.គ នាថ្ងៃទី៧ មករា បានឲ្យដឹងថា តាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាពេលថ្មីៗនេះ គ.ស.ច.គ បានបង្កើតគ្រុបតេឡេក្រាមឈ្មោះ «សុវត្ថិភាពចរាចរណ៍យើង» ជូនសាធារណជនគ្រប់រូប ប្រើប្រាស់ដោយសេរី ដើម្បីផ្តល់ព័ត៌មានអំពីស្ថានភាព ចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ បន្ថែមលើបណ្ដាញសង្គម កម្មវិធីផ្ដល់ព័ត៌មាននានា ដែលគ.ស.ច.គ កំពុងទំនាក់ទំនងជាមួយសាធារណជន សំដៅបង្ការទប់ស្កាត់កាត់បន្ថយ គ្រោះថ្នាក់ និងបង្ការទប់ស្កាត់អំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដែលមាននៅលើផ្លូវថ្នល់នៅកម្ពុជា ចាប់ពីពេលនេះតទៅ។

គ.ស.ច.គ បានបញ្ជាក់ថា «សូមផ្ដល់ព័ត៌មាន ទីតាំង និងពេលវេលា នៃហេតុការណ៍ពិតប្រាកដ និងច្បាស់លាស់, សូមផ្តល់រូបភាព ឬវីដេអូខ្លីៗ នៃហេតុការណ៍ពិតៗ ជាក់ស្តែង, សូមផ្ដល់ខ្លឹមសារព័ត៌មានដោយ ប្រកាន់ខ្ជាប់តាមក្រមសីលធម៌, សូមកុំផ្ដល់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលមានចរិតញុះញង់ មួលបង្កាច់ បង្អួចកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់អ្នកដទៃ ឬប្រើពាក្យពេចន៍អសុរោះ ឬរូបភាពអាសអាភាស ដែលអំពើទាំងនេះនឹងត្រូវផ្តន្ទាទោស តាមច្បាប់ជាធរមាន, សូមកុំផ្ដល់ព័ត៌មាន ដែលខុសពីព័ត៌មាន ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក»។

បន្ថែមពីនេះ ប្រជាពលរដ្ឋក៏អាចរាយការណ៍ តាមរយៈកម្មវិធីលើទូរស័ព្ទដៃ «ថែទាំផ្លូវថ្នល់ ROAD CARE Mobile App» ដែលអាចទាញយកពី App Store (https://roadcare.mpwt.gov.kh/ios) ឬ Play Store (https://roadcare.mpwt.gov.kh/android) កម្មវិធីនេះនឹងបញ្ជូនព័ត៌មាន ទៅក្នុងគ្រុបតេឡេក្រាម «សុវត្ថិភាព ចរាចរណ៍យើង» ដោយភ្ជាប់ព័ត៌មានទីតាំង និងពេលវេលាដោយស្វ័យប្រវត្តិ។

លើសពីនេះទៀត គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានសង្ឃឹមយ៉ាងមុតមាំចំពោះស្មារតី ចូលរួមប្រកបដោយស្ថាបនា ក្នុងបំណងកែលម្អស្ថានភាព សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត ដោយផ្តល់សុវត្ថិភាពជូនអ្នកប្រើប្រាស់ ផ្លូវទាំងឡាយតាមរយៈការផ្តល់ព័ត៌មាន សុវត្ថិភាពចរាចរណ៍ផ្លូវគោក ទាន់ហេតុការណ៍ នៃកម្មវិធីតេឡេក្រាម «សុវត្ថិភាពចរាចរណ៍យើង» ៕

To Top