នយោបាយ

សម្ដេចតេជោ ប្រាប់មេដឹកនាំយោធាភូមា ថា សន្តិភាពនិងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ បើគ្មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថាដំណើរការសន្តិភាព សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រម ព្រៀងគ្នាពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់។

ការថ្លែងប្រាប់បែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាល និងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដំបូងហើយ ដែលបានបំពេញទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា ចាប់តាំងពីមានការធ្វើរដ្ឋប្រហារ ទម្លាក់លោកស្រី អ៊ុង សានសូជី កាលពីឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរ បានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗ នៅក្នុងប្រទេសរៀងៗខ្លួន ទាក់ទងនឹងការវិវត្តថ្មីៗ នៅមីយ៉ាន់ម៉ា ។

នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថារដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់គ្នា ជាមួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបាន សម្រេចពន្យារបទឈប់បាញ់គ្នា បន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។

ជាមួយគ្នានោះនាយឧត្តមសេនីយ៍ជាន់ខ្ពស់ ក៏បានអំពាវនាវដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ ខ្ពស់បំផុត ដែលទង្វើទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនា ប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេច បាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានស្វាគមន៍ការចូលរួម របស់ប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា អំពីបទឈប់បាញ់ជាមួយ អង្គការប្រដាប់អាវុធជនជាតិភាគតិច ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ច ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច របស់អាស៊ាន។

ដើម្បីពង្រឹងប្រសិទ្ធភាព នៃការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជន ដែលកំពុងត្រូវការជំនួយបំផុត ថ្នាក់ដឹកនាំទាំងពីរ បានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមាន ប្រេសិតពិសេស របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ ជាតិដើម្បីសម្របសម្រួល ការផ្តល់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការ សហប្រជាជាតិដែលពាក់ព័ន្ធ ភាគីទាំងពីរបានទទួលស្គាល់នូវសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតឱ្យ មានយន្តការ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្រប ជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌ អោយមានប្រសិទ្ធភាព ដល់ប្រជាជនដែលត្រូវការបំផុត ដោយគ្មានការ រើសអើង ដោយហេតុថា គ្មានអ្វីដែលសំខាន់ ជាងការជួយសង្គ្រោះជីវិតមនុស្ស នោះឡើយ។

ផ្ទាំងពាណិជ្ជកម្ម

នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង បានអបអរសាទរចំពោះកម្ពុជា ដែលបានចូលកាន់តួនាទី ជាប្រធានអាស៊ានឆ្នាំ២០២២ និងស្វាគមន៍ចំពោះការតែងតាំង លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធាន អាស៊ានស្ដីពីមីយ៉ាន់ម៉ា និងបានសន្យាផ្ដល់ការគាំទ្រ ដល់ប្រេសិតពិសេសដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច ស្របតាមធម្មនុញ្ញអាស៊ាន។

នាយឧត្តមសេនីយ៍ ជាន់ខ្ពស់ ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច គួរតែជាការបំពេញបន្ថែម ដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវ ប្រាំចំណុច របស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកអំពីភាពជោគជ័យ នៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។

សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធន៍និងមេរៀនដែលកម្ពុជា ទទួលបាន ពីដំណើរការសន្តិភាព សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រម ព្រៀងគ្នាពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់។

ក្នុងស្មារតីនេះដែរ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានធានា ការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធ ជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែង នៅមីយ៉ាន់ម៉ា។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពពិភពលោក។

លោក មីន អោងឡាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋភិបាលនិងប្រជាជនកម្ពុជា សម្រាប់ជំនួយបន្ថែមទៀត រួមមាន ម៉ាស់ចំនួន ៣.២០០.០០០ ឯកសណ្ឋាន ការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នក ជំងឺ ចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួន ទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩។

កិច្ចប្រជុំខាងលើបានបញ្ចប់ទៅក្នុងបរិយាកាសយល់គ្នាទៅវិញទៅមក និងដោយស្មោះត្រង់៕

To Top