ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរ ទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅប្រទេសមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អ្នកដែលប្រឆាំងជាមួយ និងបទឈប់បាញ់ មានន័យថាអ្នកចង់ឱ្យ មនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា ក្នុងគោលបំណង ចូលរួមចំណែកបញ្ចៀស ប្រទេសនេះពីអំពើហឹង្សា និងសង្រ្គាមស៊ីវិល តាមរយៈបទឈប់បាញ់ ព្រមទាំងវិបត្តិមនុស្សធម៍ តាមរៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មាន ការរើសអើង។
សម្ដេចបន្តថា «អាស៊ាននិងដៃគូរ ដែលចង់ចូលរួមក៍ដូចជា មីយ៉ាន់ម៉ា ខ្លួនឯងនៅមានកិច្ចការជាច្រើន ដែលត្រូវធ្វើដើម្បីឱ្យការឈប់បាញ់និងការផ្តល់ជំនួយអនុវត្ត ទៅបានប្រកបដោយ ប្រសិទ្ធភាព។
សម្ដេចគួសបញ្ចាក់ថា « អ្នកដែលប្រឆាំងជាមួយ និងបទឈប់បាញ់ មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំង ជាមួយនិងការផ្តល់ជំនួយ មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ ការពារជម្ងឺរាតត្បាតកូវីដ១៩»។
ឆ្លៀតឱកាសនេះសម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ជូនផងដែរថា ថ្ងៃនេះគឺជាខួបទី៤៣ឆ្នាំ នៃថ្ងៃដែលសម្ដេចបានទទួលតំណែង ជារដ្ឋមន្រ្តីក្រសួងការបរទេស (៨មករា១៩៧៩-៨មករា២០២២) ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង ហើយដែលអាចចាត់ទុកថា ជារដ្ឋមន្ត្រីការបរទេស ដែលមានវ័យក្មេងជាងគេ នៅលើពិភពលោកនាពេលនោះ។
សម្ដេចបញ្ជាក់បន្ថែមថា «ជាក់ស្ដែង ៤៣ឆ្នាំក្រោយមក ខ្ញុំនៅតែបន្តធ្វើកិច្ចការ បរទេសដដែល ទោះបីបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៧ឆ្នាំហើយក៍ដោយ ព្រោះនាយករដ្ឋមន្ត្រី ត្រូវធ្វើការដឹកនាំ នយោបាយទាំងក្នុងនិងក្រៅប្រទេស។ ដូចនេះខ្ញុំត្រូវប្រើពេលវេលាជាងពាក់ កណ្តាលជិវិតរបស់ខ្ញុំសម្រាប់ កិច្ចការ មួយនេះ»៕
