នៅក្នុងបទសម្ភាសន៍ ផ្តាច់មុខ ជាមួយសារព័ត៍មាន ជានហ្វា កាលពីថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិកាជាតិ អូឡាំពិកកម្ពុជា បានសម្តែងនូវមោទនភាព និងក្តីរំភើបរបស់ខ្លួន ដែលត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងា នៅទីក្រុងប៉េកាំង ឆ្នាំ២០២២ ហើយលោកមានជំនឿ យ៉ាងមុតមាំថា កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង នឹងក្លាយជាព្រឹត្តិការណ៍មួយ ប្រកបដោយភាពជោគជ័យ។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា «កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ភាគីចិនមិនត្រឹមតែ ជូនកាដូដ៏ធំដោយផ្តល់ ជាជំនួយឥតសំណង ជួយសាងសង់ពហុកីឡដ្ឋានជាតិ និងផ្តល់បទពិសោធន៍ ក្នុងការធ្វើម្ចាស់ផ្ទះកីឡាប៉ុណ្ណោះទេ ថែមទាំងបានយល់ព្រម ទទួលយកអត្តពលិកកម្ពុជា ប្រមាណ១០០នាក់ ទៅហ្វឹកហាត់នៅប្រទេសចិន ជារៀងរាល់ឆ្នាំផងដែរ ដើម្បីជួយកម្ពុជា ត្រៀមខ្លួនសម្រាប់ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣។ អាស្រ័យហេតុនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្ត»។
លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា «កីឡាមិនគួរយកមកធ្វើ នយោបាយឡើយ ហើយការប្រកួតកីឡាអូឡាំពិក គឺជាវេទិកាសម្រាប់អត្តពលិកមកពីគ្រប់ប្រទេសចូលរួមប្រកួតលើឆាកតែមួយ។ ទីក្រុងប៉េកាំង មានបទពិសោធន៍ច្រើន ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកីឡាអូឡាំពិក យើងគាំទ្រយ៉ាងពេញទំហឹងចំពោះ ទីក្រុងប៉េកាំងក្នុងការធ្វើជាម្ចាស់ផ្ទះ កីឡាអូឡាំពិក រដូវរងាឆ្នាំ២០២២ ហើយក៏សូមជូនពរទុកជាមុន ឱ្យអត្តពលិក ដែលចូលរួមទទួលបានលទ្ធផលល្អ។
កន្លងមក លោក វ៉ាត់ ចំរើន ធ្លាប់មានប្រសាសន៍ថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានកែសម្រួលបទប្បញ្ញត្តិ និងគោលនយោបាយ នៃកីឡាអូឡាំពិករដូវរងា ពោលគឺសង្ឃឹមថា ប្រទេសនៅតំបន់ត្រូពិច កាន់តែច្រើន អាចចូលរួមក្នុងកីឡា អូឡាំពិករដូវរងា នេះក៏ជាហេតុផលចម្បង ដែលកម្ពុជាត្រូវបានអនុញ្ញាតឱ្យ ចូលរួមក្នុងកីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំង ឆ្នាំ២០២២ ដែរ។
លោក បានបង្ហើបថា បន្ទាប់ពីទទួលបានការអញ្ជើញ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានឧបត្ថម្ភដល់កីឡាករ កម្ពុជាចំនួន៣រូបទៅហ្វឹកហាត់នៅប្រទេសកូរ៉េខាថងត្បូង ដើម្បីបង្កើនកម្រិតប្រកួតប្រជែង របស់ពួកគេ៕