ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចនឹងស្នើសុំ លោក សាសាកាវា (Sasakawa) ប្រធានមូលនិធិជប៉ុន ធ្វើជាទីប្រឹក្សាប្រធានអាស៊ាន ឆ្នាំ២០២២ សម្រាប់បញ្ហាមីយ៉ាន់ម៉ា ។
ក្នុងងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ នាថ្ងៃទី១០ មករានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងជួបលោក សាសាកាវា នៅថ្ងៃទី៣១ ដែលគាត់បានទៅមីយ៉ាន់ម៉ា ១៣១លើក ។ ខ្ញុំចង់ស្នើគាត់ឲ្យធ្វើទីប្រឹក្សា ប្រធានអាស៊ាន ឆ្នាំ២០២២ ដើម្បីជួយខ្ញុំសម្របសម្រួល ព្រោះគាត់ស្គាល់មីយ៉ាន់ម៉ា ។ ស្គាល់សឹងតែគ្រប់ភាគី ចឹងទេបើគាត់យល់ព្រម..តែថ្ងៃ៣១ បានខ្ញុំជួប គាត់នឹងមកជួបខ្ញុំ…ហើយបើសិនជាគាត់លឺ គាត់ស្ម័គ្រធ្វើជាទីប្រឹក្សា ប្រធានអាស៊ាន លើបញ្ហាមីយ៉ាន់ម៉ា សម្រាប់ឆ្នាំ២០២២» ។
សម្ដេចតេជោសង្ឃឹមថា ប្រជាពលរដ្ឋ អាចយល់ពីការរៀបចំដំណើរការ ព្រោះបញ្ហាមីយ៉ាន់ម៉ា មិនទាន់ចប់ត្រឹមសេចក្ដីប្រកាសរួម ២ទំព័រនេះទេ គឺត្រូវបញ្ចប់ដោយមីយ៉ាន់ម៉ាខ្លួនឯង ដោយការប្រកាសបោះឆ្នោត នៅខែសីហា ឆ្នាំ២០២៣ ៕