Covid-19

អភិបាលរងខេត្តស្វាយរៀង អំពាវនាវដល់សិស្សានុសិស្ស អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសាលារៀន

ស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់ សិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនគឺ ៣កុំនិង ៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសាលារៀនជាពិសេស ត្រូវរៀនរស់តាមបែបគន្លង ប្រក្រតីថ្មីនៃបរិបទជំងឺកូវីដ-១៩ ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង សាលាវិទ្យាល័យស្វាយរៀង ដែលស្ថិតនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀងគឺជា វិទ្យាល័យគំរូមួយ ក្នុងខេត្ត ដែលមានការរៀបចំរបៀបរៀបរយ ក្នុងសាលាបានល្អប្រសើរទាំង ការងារបរិស្ថាននិងអនាម័យ ជាពិសេសមានសួនច្បារ តារាងបាល់ទាត់ បាល់ទះនិងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនទៀតនៅក្នុងសាលា ដោយទាំងនេះជាការខិតខំ របស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ ធ្វើឲ្យមានការចាប់អារម្មណ៍ និងគាំទ្រពីថ្នាក់ដឹកនាំផងដែរ។

លោកបានបញ្ជាក់ថា សិស្សានុសិស្សនៅផ្ទះត្រូវ គោរពវិន័យគ្រួសារ នៅសាលា ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា ដូច្នេះត្រូវខិតខំរៀនសូត្រ ដើម្បីក្រេបយកចំណេះវិជ្ជា ដែលជាស្ពានចម្លងឲ្យមាន អនាគតល្អនៅពេលបញ្ចប់ការសិក្សា ហើយនឹងក្លាយជាទំពាំង ស្នងឬស្សីដ៏រឹងមាំប្រកបដោយ ចំណេះនិងជំនាញពិតប្រាកដ ។

លោកបានបន្ថែមថា លោកគ្រូអ្នកគ្រូត្រូវតែតាមដាន ចំពោះសិស្សមួយចំនួនដែល យកម៉ោងសិក្សាទៅដើរលេងខាងក្រៅ និងរាយការទៅអាណាព្យាបាល អប់រំកូនៗឲ្យបានល្អ ជៀសវាងទៅសេពគ្រឿងញៀន អំពើអបាយមុខផ្សេងៗទៀត ដែលនាំឲ្យខូចអនាគត ព្រោះក្មេងៗចាត់ទុកបានដូចជា ក្រណាត់សមួយដុំដែលឆាប់ប្រឡាក់ និងឆាប់ទទួលបានទាំង អំពើមិនល្អនិងអំពើល្អ ដូច្នេះត្រូវចូលរួមទាំងអស់គ្នា ដើម្បីក្លាយជាសិស្សល្អ ពលរដ្ឋល្អ ៕

To Top