ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ គ្រូបង្រៀន ជាឪពុកម្តាយទី២ និងជាអ្នកសម្រួច អនាគតរបស់សិស្ស ដែលជាទំពាំងស្នងឬស្សី

កំពង់ចាម ៖ ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២១-២០២២ និងទិវាដឹងគុណគ្រូបង្រៀន នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២នេះ នៅវិទ្យាល័យសីហនុ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា គ្រូបង្រៀន ជាឪពុកម្តាយទី២ និងជាអ្នកសម្រួច អនាគតរបស់សិស្ស ដែលជាទំពាំងស្នងឬស្សី ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្តាល ក្នុងសាលារៀន ដែលមានគ្រូបង្រៀន ជាឪពុកម្តាយទី២ ។ ប៉ុន្តែ ក៏ត្រូវមានកិច្ចសហការពី មាតាបិតាអាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជន ទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ ទាំងមូលផងដែរ ។ គ្រួសារត្រូវតែដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងកោសិកាសង្គម និងតម្រែតម្រង់មាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទៅសិស្ស និស្សិត ឱ្យដើរទៅតាមផ្លូវត្រូវ ។

ជាមួយគ្នានេះ យើងក៏ត្រូវទទួលស្គាល់ផងដែរថា ការអប់រំមិនបានដិតដល់ ឬការបែកបាក់ក្នុងគ្រួសារ ក៏ជាប្រភព ដែលបង្កើត ឱ្យមានការប្រព្រឹត្ត
នូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខផ្សេងៗ ។ ដូច្នេះ មាតាបិតា អាណាព្យាបាលសិស្ស ត្រូវជួយគ្រប់គ្រងអប់រំ កូនចៅ ឱ្យពួកគេស្ថិតនៅក្នុងសាលារៀន ស្ថិតក្នុងលំនៅដ្ឋាន ស្ថិតក្នុងរង្វង់នៃការកម្សាន្ត ជាមួយក្រុមគ្រួសារ មិត្តភ័ក្រត្រឹមត្រូវ ដើម្បីកុំឱ្យពួកគេស្ថិត នៅក្នុងក្រុមក្មេងទំនើង ដើរ
មិនចូលផ្ទះមិនចូលសាលារៀន ហើយបង្កបញ្ហានៅតាមទីធ្លា សាធារណៈឬសាលារៀនជាដើម ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រការខាងលើនេះ ជាកង្វល់រួមរបស់គ្រួសារ របស់រាជរដ្ឋាភិបាល និងរបស់សង្គមជាតិ ទាំងមូល យើងចាំបាច់ត្រូវរួមគ្នា ដើម្បីទប់ស្កាត់ និងលុបបំបាត់តាមវិធានការដែលមានរួចមកហើយ គឺទំនាក់ទំនងរវាងសាលារៀន គ្រួសារ និងសង្គមជាតិ ។

ទន្ទឹមនេះ មាតាបិតា ឬអាណាព្យាបាលសិស្ស មានតួនាទីសំខាន់ណាស់ ក្នុងការរួមចំណែកជំរុញកុលបុត្រ កុលធីតារបស់ខ្លួន ឱ្យខិតខំប្រឹងប្រែង ព្យាយាមរៀន សូត្រ ដើម្បីជួយពង្រឹងឱ្យកូន-ចៅខ្លួន មានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និង អាកប្បកិរិយាថ្លៃថ្នូរ ហើយអាចក្លាយ
ខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ” ដែលមានចំណេះដឹងទូទៅយ៉ាងទូលំទូលាយ និងមានការអភិវឌ្ឍវិជ្ជាជីវៈ ជាមូលដ្ឋានសំខាន់បំផុត សម្រាប់ឈានទៅរកការ បំពេញបន្ថែមនូវជំនាញ ជាន់ខ្ពស់នានាបន្ថែមទៀត ដើម្បីអនាគតរុងរឿង របស់ពួកគេ សង្គមគ្រួសារ និងជាតិទាំងមូលផងដែរ៕

To Top