ភ្នំពេញ៖ ផ្សារភ្ជាប់ទៅនឹងពាក្យស្លោក «ទោះបីកម្ពុជាក្រ តែកម្ពុជាក៏មាន បេះដូងធំទូលាយ» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្ទេរវ៉ាក់សាំងមូល និធិអាស៊ាន ដែលជាចំណែករបស់កម្ពុជា ជូនប្រទេសមីយ៉ាន់ម៉ា ដែលកំពុងត្រូវការជាចាំបាច់ ដើម្បីចាក់ជូនប្រជាពលរដ្ឋ កំពុងរងគ្រោះ ពីវិបត្តិនយោបាយធ្ងន់ធ្ងរ នៅក្នុងប្រទេស ដែលជាសមាជិកអាស៊ាន មួយនេះ ។
សូមរំលឹកថា ស្ថានការណ៍នយោបាយតានតឹង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីមានការធ្វើរដ្ឋប្រហារ ទម្លាក់លោកស្រី អ៊ុង សានសូជី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ រហូតបង្កឱ្យមានវិបត្តិសុខភាពធ្ងន់ធ្ងរ ផងដែរ ដោយសារការឆ្លងរាតត្បាត នៃជំងឺឆ្លង កូវីដ១៩។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បញ្ចាក់ថា« ខ្ញុំបានប្រកាសប្រាប់ នាយឧត្ដមសេនីយន៍ មីន អោងឡាំង នៅក្នុងពេលបាយថា វ៉ាក់សាំង មូលនិធិអាស៊ាន សម្រាប់វ៉ាក់សាំង ដែលជាចំណែក របស់កម្ពុជា ខ្ញុំសុំផ្ដល់ជូនទៅមីយ៉ាន់ម៉ា ទាំងអស់ តម្លៃប្រហែល១លានដុល្លារ ព្រោះអាស៊ាន១០ នឹងប្រើប្រាស់ថវិកានេះ ចំនួន១០លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចែក ជូនគ្រប់ៗគ្នា តែកម្ពុជាមិនទទួលយកទេ សុំផ្ទេរចំណែករបស់កម្ពុជា ជូនទៅមីយ៉ាន់ម៉ា ដើម្បីឱ្យប្រជាជនមីយ៉ាន់ម៉ា មានវ៉ាក់សាំងចាក់» ។
សម្ដេចសង្កត់ធ្ងន់ថា «ទោះបីកម្ពុជាក្រ តែកម្ពុជាក៏មាន បេះដូងធំទូលាយ»៕