ព័ត៌មានជាតិ

ផ្ទុះគ្រាប់មីនតោន ស្លាប់អ្នកជំនាញដោះមីន ៣នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មានករណីផ្ទុះគ្រាប់មីនតោន ស្លាប់អ្នកជំនាញដោះមីន ចំនួន៣នាក់ និងរបួសធ្ងន់ម្នាក់ របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១០ មករា នេះ លោក ហេង រតនា បានថ្លែងថា «នៅថ្ងៃទី១០ មករា នៅម៉ោងប្រមាណ ១១៖៣០នាទីព្រឹក មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ ជំនាញដោះមីនចំនួន៣នាក់ និងរបួសធ្ងន់ម្នាក់ របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)»។

លោកបន្ដថា អង្គការ CSHD គេស្គាល់ថា ជាអង្គការអាគីរ៉ា មានទីតាំងស្នាក់ការ នៅខេត្តសៀមរាប ។ លោកថា ករណីគ្រោះថ្នាក់នេះកើតឡើង នៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកបន្ថែមថា ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះ កើតឡើងតែប្រមាណ២០នាទីប៉ុណ្ណោះ នៅភូមិនេះ ក៏មានករណីផ្ទុះគ្រាប់ដុតសំអាតដីដាំដំឡូង ស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ ៕

To Top