ភ្នំពេញ៖ ខណៈជំងឺកូវីដ១៩ ដែលជាមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង កំពុងរត់ចូលក្នុងសហគមន៍ បង្កឲ្យភ្ញាក់ផ្អើល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំអភិបាលរាជធានី-ខេត្ត សហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងអ្នកពាក់ព័ន្ធត្រូវបង្កើន ល្បឿនចាក់វ៉ាក់សាំងកូវីដ ទាំងដូសមូលដ្ឋាន និងដូសជំរុញ សំដៅទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មីនេះ ។
គិតត្រឹមយប់ថ្ងៃ១០ មករា មេរោគនេះបានឆ្លងចូលក្នុង សហគមន៍កម្ពុជាចំនួន១០ករណី និងនាំចូល ២៤ករណី សរុបទាំងអស់ ៣៤ករណី ។ ដើម្បីកុំឲ្យឆ្លងចូលកាន់តែរហ័ស សម្ដេចតេជោនារាត្រីថ្ងៃ១០ មករាដដែលនេះ ក៏បានចេញបទបញ្ជាឲ្យគ្រប់ភាគី ពាក់ព័ន្ធរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង។
រាជរដ្ឋាភិបាល ណែនាំបែបនេះបន្ទាប់ពីពិនិត្យឃើញ ប្រជាជនមួយចំនួននៅតែមិនទាន់ បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋានពេញលេញនៅឡើយ និងចំនួនប្រជាជនដែលទទួលបាន ការចាក់វ៉ាក់សាំងដូសជំរុញ នៅមានចំនួនតិចតួចនៅឡើយ បើធៀបទៅនឹងចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួច ហើយទន្ទឹមនេះ ប្រជាជនមួយចំនួនហាក់ បាននិងកំពុងមានការធ្វេសប្រហែស ក្នុងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេស វិធានការ «៣កុំ ៣ការពារ» ដែលអាចជាកត្តាប្រឈមនឹង ការផ្ទុះឆ្លងរាលដាលមេរោគកូវីដ-១៩ ក្នុងសហគមន៍ជាថ្មីម្តងទៀត។
យោងតាមសារាចររបស់ រាជរដ្ឋាភិបាល នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា «គណៈអភិបាលរាជធានី-ខេត្ត ទាំងអស់សហការជាមួយ គណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងយន្តការដែលមានការពាក់ព័ន្ធត្រូវជំរុញ និងបង្កើនល្បឿន ការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដែលជាខ្សែក្រវាត់ការពារទី១ និងជាយុទ្ធសាស្រ្ត គន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ ជូនដល់ប្រជាជននៅក្នុង ភូមិសាស្ត្រស្ថិតក្រោម សមត្ថកិច្ចរបស់ខ្លួនឲ្យ សម្រេចបានឆាប់រហ័ស ដើម្បីធានាឲ្យបាននូវភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្ដាល មកពីការឆ្លងរាលដាលនៃ មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង»។
រាជរដ្ឋាភិបាល បន្ដថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវបន្តពង្រឹងយន្តការ តាមដាន និងត្រួតពិនិត្យរបស់ខ្លួនលើវឌ្ឍនភាព នៃការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃ ទាំងសម្រាប់ក្របខណ្ឌ រាជធានី-ខេត្ត នីមួយៗដាច់ដោយឡែកពីគ្នា ទាំងសម្រាប់ក្របខណ្ឌទូទាំងប្រទេស ព្រមទាំងត្រូវ ពង្រឹងយន្តការឆ្លើយតប ឲ្យបានទាន់ពេលវេលា ទាក់ទងនឹងការអនុវត្តការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជន ជាក់ស្តែងនៅតាមមូលដ្ឋាន ជាពិសេស ការសម្របសម្រួលក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងឲ្យត្រូវទៅនឹងស្ថានភាព ជាក់ស្ដែងនៅក្នុងមូលដ្ឋាននីមួយៗ និងការធានាផ្គត់ផ្គង់ ឲ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់ បណ្តារាជធានី-ខេត្ត។
ជាងនេះទៅទៀត អភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការចាត់វិធានការចាំបាច់នានា ក្នុងភូមិសាស្ត្រស្ថិតក្រោម សមត្ថកិច្ចរបស់ខ្លួន ដើម្បីពង្រឹង និងជំរុញការអនុវត្តវិធានការ «៣កុំ ៣ការពារ» និងវិធានការសុវត្ថិភាពផ្នែក សុខាភិបាលផ្សេងទៀត ជាពិសេស ការពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យជាប់ជាប្រចាំ ៕