ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ពង្រឹងបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ឲ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈជំងឺកូវីដប្រភេទអូមីក្រុង បាននិងកំពុងចូលទៅក្នុងសហគមន៍ ។

ក្នុងកិច្ចប្រជុំតាមរយៈ Video Conference ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ និង មន្ទីរពាក់ព័ន្ធមួយចំនួនទៀត ស្ដីពីការជំរុញការងារចាក់វ៉ាក់សាំង បង្ការជំងឺកូវីដដូសជំរុញ ជូនពលរដ្ឋក្នុងភូមិសាស្ត្រ ភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា មកដល់ពេលនេះជំងឺកូវីដ ប្រភេទអូមីក្រុង បាននិងកំពុងរាលដាល ចូលទៅក្នុងសហគមន៍ហើយ ដូច្នេះត្រូវអនុវត្ត ដើម្បីបង្ការទប់ស្កាត់ ។ ក្នុងនោះអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរ ពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹង វិធានការការពារ ពិសេសគឺការអនុវត្ត៣កុំ និង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល វិធានការសុខាភិបាល និងមួយវិញទៀតជំរុញ ការចាក់វ៉ាក់សាំងដូសជំរុញ នៅតាមទីតាំងទាំង៤២ ដែលបានរៀបចំដោយ អាជ្ញាធររាជធានីភ្នំពេញ ។

លោកឃួង ស្រេង បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញគ្រោង និងបង្កើតទីតាំងចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីពង្រីកការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋទាំងមូលដ្ឋាន ដុសជំរុញទី៣ និងដុសទី៤ ឲ្យបានគ្រប់គ្នា។ ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋវាជាអាវក្រោះ ដ៏រឹងមាំមួយ ក្នុងការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ ប្រជាពលរដ្ឋមិនមានឆ្លងកូវីដ ។

លោកក៏បានបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែទទួល នូវការចាក់វ៉ាក់សាំងទាំងដុសជម្រុញ និងដុសទី៤ អោយបានគ្រប់គ្នា ដោយមិនគិតថា ពួកគាត់ពីមុនចាក់វ៉ាក់សាំងនេះ នៅទាហានឬ ចាក់នៅតាមបណ្តាខណ្ឌ ជាមួយផ្នែកស៊ីវិលនោះទេ គឺត្រូវតែចាក់ជូនពួកគាត់ ជៀសវាងកុំឲ្យលេចឮ ពាក្យថា ពួកគាត់មកទទួលការ ចាក់វ៉ាក់សាំងហើយ មិនបានចាក់ជូនពួកគាត់ ៕
