នយោបាយ

ចក្រភពអង់គ្លេស នឹងបន្តតាមដាន លទ្ធផល សវនាការ លោក កឹម សុខា

ភ្នំពេញ ៖ មុនប៉ុន្មានថ្ងៃ នៃដំណើរការក្ដី ក្នុងសវនាការ នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាការងារផ្ទាល់ ជាមួយលោកស្រី Amanda Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ ខូមិនវែល និងអភិវឌ្ឍន៍(Minister of State for Foreign, Commonwealth and Development Affairs)នៃចក្រភពអង់គ្លេស។ លោកស្រីបានអះអាងជំនួសឲ្យរដ្ឋាភិបាលខ្លួនថា ចក្រភពអង់គ្លេសនឹងបន្តតាម នៃលទ្ធផលសវនាការនេះយ៉ាងយកទុកដាក់ ។

ហ្វេសប៊ុកលោក កឹម សុខា នាថ្ងៃ១១ មករា នេះបានបង្ហាញក្រោយបញ្ចប់ជំនួបជាមួយលោក ស្រី Amanda Milling បានឲ្យដឹងថា “ជំទាវរដ្ឋមន្រ្តីបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងបន្តតាមដានដោយយកចិត្តទុកដាក់អំពីដំណើរការ និងលទ្ធផលនៃសវនាការនាពេលខាងមុខ ដែលពាក់ពន្ធ័នឹងសេរីភាពរបស់ខ្ញុំ ក្នុងការចូលរួមដំណើរការប្រជាធិបតេយ្យ នៅកម្ពុជានាពេលខាងមុខ ផងដែរ”។

លោក កឹម សុខា បន្ថែមថា ក្នុងជំនួបដែលរៀបចំដោយស្ថានទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជានេះ លោកស្រីរដ្ឋមន្ត្រី ក៏ចង់ដឹងពីទស្សនៈរបស់លោក ជុំវិញស្ថានភាពនានា នៅកម្ពុជាក្នុងបរិបទឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ។

សូមរំលឹកថា លោក ប្លង់ សុផល តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ចូលសវនាការនៅព្រឹកថ្ងៃ១៩ មករា ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ។

គួរឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រី Milling បានជួបដៃគូកម្ពុជាជាច្រើន ក្នុងជួររាជរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ ការជំរុញពាណិជ្ជកម្ម ការដោះស្រាយវិបត្តិកូវីដ១៩ តម្លៃការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនា៕

To Top