ព័ត៌មានជាតិ

KOICA បន្ដគាំទ្រកម្ពុជា ខណៈ៣០ឆ្នាំមកនេះ ផ្តល់ជំនួយឥតសំណង ៣១៦លានដុល្លារ ដល់កម្ពុជា

ភ្នំពេញ៖ លោក Rho Hyunjun ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានបន្តគាំទ្រកម្ពុជា ដែលជាប្រទេសអាទិភាពខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការ ខណៈចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ KOICA ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦ លានដុល្លារមកកម្ពុជា។ នេះយោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Virtual Meeting) លោក Rho Hyunjun បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់សម្រេចបាន សមិទ្ធផលយ៉ាងធំធេង រហូតមកដល់បច្ចុប្បន្ន និងការដាក់ចេញនូវវិធានការ យ៉ាងមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ រហូតឈានដល់ការបើក ប្រទេសឱ្យដំណើរការឡើងវិញ លើគ្រប់វិស័យ ។

លោកប្រធាន KOICA បានបញ្ជាក់ជំហរថា «បន្តគាំទ្រដល់កម្ពុជាដែល ជាប្រទេសអាទិភាពខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការ។ ចាប់តាំងពីឆ្នាំ១៩៩១ ដល់ ឆ្នាំ២០២១ KOICA បានបើកផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ ៣១៦ លានដុល្លារអាមេរិក ហើយបច្ចុប្បន្ន KOICA មានគម្រោងចំនួន ១៦ ជាមួយថវិកាប្រមាណ ១២៦.៥ លានដុល្លារ»។

លើសពីនេះ KOICA បានផ្តល់កម្មវិធី សហប្រតិបត្តិការជាច្រើន ដូចជាការបញ្ជូនអ្នកជំនាញការ និងអ្នកស្ម័គ្រចិត្តកូរ៉េ, កម្មវិធីបណ្ដុះបណ្ដាលរយៈពេលខ្លី និងកម្មវិធីអាហារូបករណ៍រយៈពេលវែង, កម្មវិធីភាពជាដៃគូជាមួយ អង្គការសង្គមស៊ីវិល និងការឧបត្ថម្ភសម្ភារវិជ្ជសាស្ត្រ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកប្រធាន KOICA បានបន្ថែមថា ទន្ទឹមនឹងការដាក់ដំណើរការ មជ្ឈមណ្ឌលព្យាបាលភ្នែក នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង គម្រោងបង្កើនសមត្ថភាពមជ្ឈមណ្ឌល ព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក ដែលកំពុងសាងសង់ ក្រោមហិរញ្ញប្បទានឥតសំណង របស់សាធារណរដ្ឋកូរ៉េមានថវិកា ៨ លានដុល្លារ គ្រោងនឹងបញ្ចប់នាចុងខែមីនា ឆ្នាំ២០២២ ៕

To Top