នយោបាយ

រដ្ឋមន្រ្តីការបរទេសខ្មែរ បញ្ជាក់ពីការប្តេជ្ញា ជាមួយរដ្ឋមន្រ្តី ការបរទេសជប៉ុន លើការផ្សះផ្សាមីយ៉ាន់ម៉ា

ភ្នំពេញ ៖ រដ្ឋមន្រ្តីការបរទេសជប៉ុន សរសើរកម្ពុជាលើការ ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ប៉ុន្តែទោះបីជាទទួលបានការកោតសរសើរ ពីភាគីជប៉ុន យ៉ាងណាក៏ដោយ ក៏លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតខ្មែរ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ធ្វើការជាមួយជប៉ុន ក្នុងការផ្សះផ្សាជាតិ នៅមីយ៉ាន់ម៉ា ។

ការបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុននេះ ធ្វើឡើងក្នុងក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ហាយ៉ាហ្សី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន តាមទូរស័ព្ទកាលពីថ្ងៃ១១ មករា ។

បើតាម លោក ប្រាក់ សុខុន លើកឡើងក្នុងហ្វេសប៊ុកនាថ្ងៃ១២ មករានេះ គឺលោក ហាយ៉ាហ្សី យ៉ូហ្ស៊ីម៉ាសា បានកត់សម្គាល់ពីវឌ្ឍនភាពមួយចំនួន ក្រោយដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់មីយ៉ាន់ម៉ា ។ ដោយលោកបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការជួយមីយ៉ាន់ម៉ា ដោះស្រាយបញ្ហារបស់ខ្លួន។

លោកថា កម្ពុជា-ជប៉ុន បានឯកភាពគ្នាថា ការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច គឺជាកត្តាស្នូល ដើម្បីសម្រេចការងារនេះ (មីយ៉ាន់ម៉ា)។

រដ្ឋមន្រ្តីការបរទេសខ្មែរ បញ្ជាក់បែបនេះថា “ខ្ញុំក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយលោកបណ្ឌិត យ៉ូហេ សាសាកាវ៉ា ដែលជាប្រេសិតពិសេសរបស់ជប៉ុន សម្រាប់ការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា” ។

សូមបញ្ជាក់ថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវិលត្រឡប់មកពីដោះស្រាយបញ្ហា នៅមីយ៉ាន់ម៉ាវិញ កាលពីថ្ងៃ៩ មករា មានមតិជាតិនិងអន្តរជាតិ ជាច្រើនបានលើកឡើង ដោយខ្លះបានកោតសរសើរ និងខ្លះរិះគន់ ចំពោះដំណើរទៅដោះស្រាយនៅមីយ៉ាន់ម៉ា ៕

To Top