កំពង់ចាម ៖ ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារ រវាង អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ជាមួយនឹងនាយិកាបេសកកម្ម USAID ណែនស៊ី អ៉ីសលីក និងប្រតិភូ នៅរសៀលថ្ងៃទី១២ ខែមករាឆ្នាំ ២០២២ នៅសាលាខេត្តកំពង់ចាម ភាគីទាំងពីរ បានគូសបញ្ជាក់ពីគោលបំណង ដើម្បីបន្តសហការគ្នាលើ សកម្មភាពការងារ លើកកម្ពស់ គុណភាពរស់នៅរបស់ប្រជាជនក្នុងខេត្តកំពង់ចាម ។
លោក ឈិន រីឆាត ប្រធានការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយចីរភាពរបស់អង្គការ USAID បានបញ្ជាក់ថា កម្មវិធី USAID ធ្វើយ៉ាងណាដើម្បីពង្រឹងជីវភាពរបស់កសិករនៅក្នុងខេត្តកំពង់ចាម ពោលគឺ ផ្សារភ្ជាប់ គាំទ្រជួយទៅដល់កសិករ ដាំស្វាយចន្ទី ជួយផ្សារភ្ជាប់ពួកគាត់ទៅកាន់ទីផ្សារ គាត់ដូចជាជួយខាងផ្នែកបច្ចេកទេស ដើម្បីបង្កើនតម្លៃឲ្យពួកគាត់ទទួលផលចំណេញបានច្រើន ។ ជាពិសេស USAID មានបំណងជួយ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយ នៅស្រុកស្ទឹងត្រង់ ឱ្យមានការរីកចម្រើន ពោលគឺ គាត់អាចជាអ្នកនាំចេញដ៏ខ្លាំងមួយ ទៅកាន់ប្រទេសមួយចំនួន ពិសេស សហរដ្ឋអាមេរិក។
លោក ឈិន រីឆាត បន្តថា ជាងនេះទៅទៀត ការិយាល័យរបស់លោកកំពុង បង្កើតឧទ្យានបច្ចេកវិជ្ជាកសិកម្ម ដែលមានទីតាំងនៅក្នុងស្រុកចំការលើ ក្នុងកិច្ចសហការរវាងសាកលវិទ្យាល័យកសិកម្ម និងUSAID ក្នុងគោលបំណងបង្ហាញបច្ចេកវិទ្យា ទំនើបផ្សេងៗ ពាក់ព័ន្ធទៅនឹងផ្នែកកសិកម្ម ដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ ដើម្បីបង្ហាញប្រជាកសិករ ឲ្យពួកគាត់បានស្វែងយល់បន្ថែម នឹងយកចំណេះដឹងទាំងនោះ ទៅប្រើប្រាស់សម្រាប់ការងារកសិកម្មរបស់ពួកគាត់ ។
ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា លទ្ធផលកន្លងទៅមានមន្ទីរសុខាភិបាល និងមន្ទីអប់រំ ដែលបានអនុវត្តល្អ ជាមួយ USAID អំពីសកម្មភាពការងារ និងការគាំទ្រគម្រោង ជាពិសេសការពង្រឹងគុណភាពសេវាផ្នែកសុខាភិបាល ដែលមានមន្ត្រីរបស់ USAID នៅប្រចាំក្នុងមន្ទីរពេទ្យតែម្តង ។ ហើយការងារពង្រឹងសេវាផ្នែកសុខាភិបាលនេះ គឺមិនត្រឹមតែក្នុងក្រុងកំពង់ចាមទេ គឺបានពង្រីករហូតតាមបណ្ដារ មន្ទីរពេទ្យបង្អែកស្រុក មួយចំនួនផងដែរ ។ ចំពោះផ្នែកអប់រំគឺការរៀបចំ នៅមានកម្រិតនៅឡើយ ។
លោកអភិបាលខេត្តបានបញ្ជាក់ថា សកម្មភាពការងាររបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត និងខាង USAID មានគោលបំណងដូចគ្នា គឺសំដៅលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋតាមរយៈគម្រោងនានា ដូចជាការបង្កើតមុខរបរ , ការលើកកម្ពស់សេវាសុខាភិបាល , ការផ្ដល់ការអប់រំ ឬបរិស្ថានជាដើម ។ ដោយសារតែគោលបំណងដូចគ្នាដូច្នេះ USAID និងរដ្ឋបាលខេត្តកំពង់ចាមអាចបន្តចាប់ដៃគ្នា ធ្វើសកម្មភាពការងារបន្តទៅទៀត ដើម្បីលើកកម្ពស់គុណភាពជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានោះដែរ ដោយសារអាណត្តិគម្រោងសុខាភិបាលរបស់ USAID ត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៣ ដូច្នេះ លោកអភិបាលខេត្ត បានសំណូមពរ សូម USAID ពិចារណា និងបន្ត ១អាណត្តិទៀត ជួយបន្ថែមទៀតឲ្យកាន់តែរីកចម្រើន ។ និងសូមបន្ថែមទៅលើការងារកសិកម្មដែលបានលើកឡើង ដូចជាការនាំចេញគ្រាប់ស្វាយចន្ទី , ការបង្រៀនប្រជាកសិករ នូវបច្ចេកទេសនៃការដាំដុះ , ឬការវេចខ្ចប់ជាដើម ដែលធ្វើអោយផលិតផលនោះមើលទៅបែបជាលក្ខណៈស្តង់ដា អាចប្រកួតប្រជែងក្នុងទីផ្សារនៅក្រៅប្រទេស ដែលជាចំណុចសំខាន់ សម្រាប់បង្កើនចំណូលដល់ប្រជាពលរដ្ឋរបស់យើង ៕