នយោបាយ

UN ៖ សម្ដេចតេជោ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការអន្តរជាតិ ពិសេសដោះស្រាយ​ បញ្ហាមីយ៉ាន់ម៉ា

ភ្នំពេញ ៖ លោកស្រី ណូលីន ហេយហ្សឺ (Noeleen Hayzer) ប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកកិច្ចការ មីយ៉ាន់ម៉ា បានថ្លែងការកោតសរសើរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាប្រធានអាស៊ាន ឆ្នាំ២០២២នេះថា នឹងដើរតួនាទី យ៉ាងសំខាន់ ក្នុងកិច្ចការអន្តរជាតិ ជាពិសេសលើការ ដោះស្រាយបញ្ហា នៅមីយ៉ាន់ម៉ា ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ លោកស្រី ណូលីន ហេយហ្សឺ បានរីករាយ ចំពោះសម្ដេចជំរុញការងារ ពាក់ព័ន្ធនឹងមីយ៉ាន់ម៉ា ជាស្មារតីមួយបន្ទាន់ ពីសភាពការណ៍នៅមីយ៉ាន់ម៉ា ។

លោកស្រីបញ្ជាក់ថា «ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាននេះ អង្គការសហប្រជាជាតិ មើលឃើញថា សម្ដេចនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការអន្តរជាតិ ។ អង្គការសហប្រជាជាតិ នឹងសហការគ្នា ដើម្បីចូលរួមចំណែក ក្នុងការដោះស្រាយ បញ្ហាផ្សេងៗក្នុងតំបន់ ជាពិសេសនៅមីយ៉ាន់ម៉ា នេះតែម្ដង»។

ជាការឆ្លើយតប សម្ដេចតេជោ បានលើកឡើងអំពីដំណើរទស្សនកិច្ចការងារ របស់សម្ដេច ទៅមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះថា គឺសំខាន់មិនចេញឆ្ងាយ ពីធម្មនុញ្ញអាស៊ាន ដែលបានឯកភាពគ្នាចំនួន៥ ក្នុងប្រទេសអាស៊ានទាំង១០ នាពេលកន្លងទៅនោះទេ។

សម្ដេចតេជោ គូសបញ្ជាក់ថា ថ្វីត្បិតតែក្នុងឆ្នាំ២០២១ ការងារអាស៊ាន មិនបានដើររលូនទេ ដូច្នេះអ្វីដែលនៅសល់ រហូតដល់ឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន គឺគោលដៅសំខាន់ ក្នុងដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ា គឺចង់រកមធ្យោបាយ ដើម្បីបញ្ចប់ភាពហិង្សា និងបញ្ចប់បទឈប់បាញ់ ដែលជាកត្តាសំខាន់ ស្ថិតនៅក្នុងចំណុចទាំង៥ ដែលអាស៊ាន បានលើកឡើង ហើយចំណុចមួយទៀត ធ្វើយ៉ាងណា ដើម្បីផ្ដល់ជំនួយមនុស្សធម៌ ដល់មីយ៉ាន់ម៉ា ដែលត្រូវការចាំបាច់នៅក្នុងគ្រានេះ ។

សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា «យើងមិនអាចនៅជាប់គាំងបែបនេះនោះទេ គឺយើងត្រូវរកមធ្យោបាយដោះស្រាយបញ្ហាជាប់គាំងនេះ ដើម្បីចាប់យកឱកាសក្នុងការចរចា ។ ជាមួយគ្នានោះ ការងារផ្ទៃក្នុងអាស៊ាននេះ យើងត្រូវតែធ្វើការជាមួយគ្នា ជាពិសេសដើម្បីឲ្យមានការឯកភាពគ្នា»៕

To Top