ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មាន ពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពត បានអោយដឹងថា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ឧកញ៉ា ប៉ែន នួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងបទល្មើស ឆបោកមានស្ថានទម្ងន់ទោសនិងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅក្នុងកំឡុងខែមិថុនា ឆ្នាំ២០២១ ។
យោងតាមដីការបស់តុលាការ បានអោយដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនត្រូវចោទ ឈ្មោះ ប៉ែន នួន ភេទប្រុស កើតឆ្នាំ១៩៧៥ រស់នៅផ្ទះលេខ៥អា ស្ថិតនៅភូមិអង្គរកែវ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការ លោក ខា ដែនណា ចោទប្រកាន់ពីបទ « ឆបោកមានស្ថានទម្ងន់ទោសនិងរំលោភលើទំនុកចិត្ត ” តាមមាត្រា នៃច្បាប់ព្រហ្មទណ្ឌ » ។
ជនត្រូវចោទ ត្រូវបានដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ស៊ិន ប៊ុល ភេទប្រុស អាយុ៣៨ឆ្នាំ ។
ទាក់ទងនឹងករណីខាងលើនេះ លោកឧកញ៉ា ប៉ែន នួន មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕ ដោយ រស្មី អាកាស