ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា សោកសង្រេងក្រោយទទួលដំណឹង ពីការស្លាប់របស់មន្ត្រីជំនាញដោះមីន និងកណ្តុររាវរកមីន

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានសម្ដែងនូវក្ដីសោកសង្រេង ដែលទើបបានដឹងពី មរណភាពរបស់សមាជិក ក្រុមដោះមីនកម្ពុជា ៣នាក់ នៅខេត្តព្រះវិហារ និងម៉ាកាវ៉ា ដែលជាវីរៈកណ្តុររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១០០គ្រាប់ ក្នុងអំឡុងពេលបេសកកម្ម ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៤ មករា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់ ដែលបានហែលឆ្លងកាត់ សោកនាដកម្មនៃសង្គ្រាម លោកពិតជាមានកិត្តិយសដ៏ធំធេង ដែលបានបម្រើប្រទេសកំណើតរបស់លោក ក្នុងសកម្មភាពកំចាត់មីន អស់រយៈពេលជាង មួយទសវត្សរ៍កន្លងមក។

ប្រមុខការទូតកម្ពុជា បញ្ជាក់ថា «ខ្ញុំមានសេចក្តីសោកសង្រេង ដែលទើបបានដឹងពីមរណភាព របស់សមាជិកក្រុមដោះមីនកម្ពុជា ៣នាក់ នៅខេត្តព្រះវិហារ និងម៉ាកាវ៉ា ដែលជាវីរៈកណ្តុររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១០០គ្រាប់ ក្នុងអំឡុងពេលបេសកកម្ម។ ហើយវាក៏ជារឿងមួយដ៏សោកសៅផងដែរ ពេលដែលខ្ញុំនឹកឃើញ ដល់បងប្អូនខ្មែរស្លូតត្រង់ និងវីរជនដោះមីនទាំងឡាយ ដែលបានស្លាប់បាត់បង់ជីវិត និងរងរបួសដោយសារគ្រាប់មីន និងកាកសំណល់សង្រ្គាម។ សមានចិត្ត និងការបន់ស្រន់របស់ខ្ញុំ នឹងស្ថិតនៅជាមួយក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិរបស់ជនរងគ្រោះគ្រប់រូប» ។

សូមរំលឹកថា បើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីន (ស៊ីម៉ាក់) បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មានករណីផ្ទុះគ្រាប់មីនតោន ស្លាប់អ្នកជំនាញដោះមីនចំនួន ៣នាក់ និងរបួសធ្ងន់ម្នាក់ របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining) ៕

To Top