ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ណែនាំទប់ស្កាត់ ការទន្ទ្រានឈូសឆាយ ក្នុងតំបន់ការពារធម្មជាតិ នាំឲ្យមានភ្លើងឆេះព្រៃ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន រាជធានី-ខេត្ត និងអាជ្ញាធរ ជាដើម ត្រូវទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ ព្រៃលិចទឹក ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលបង្កឲ្យមានភ្លើងឆេះព្រៃ ។

តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន ថ្មីៗ នេះ បានឲ្យដឹងថា អាជ្ញាធរ ត្រូវអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីការប្រើប្រាស់ភ្លើង ជាមធ្យោបាយ ដើម្បីចម្អិនអាហារ ការដុតស្មៅ និងព្រៃ ព្រមទាំង ការប្រមូលផល អនុផលព្រៃឈើ ជាដើម ។

ក្រសួង បញ្ជាក់ថា «ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឲ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាល ដល់ផ្ទះសម្បែង របស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានានៅក្នុង និងជុំវិញ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធ តំបន់ការពារធម្មជាតិ»។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួង បន្ដថា ក្នុងករណីកើតមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ សមត្ថកិច្ចពាក់ព័ន្ធប្រញាប់ចាត់វិធានការ ទប់ស្កាត់ជាបន្ទាន់ តាមរយៈការប្រកាសអាសន្ន ដោយស្នើឲ្យគណៈបញ្ជាការឯកភាព រាជធានី-ខេត្ត ដឹកនាំបញ្ជាផ្ទាល់ ក្នុងការប្រើប្រាស់កម្លាំងចម្រុះ រួមមាន ៖ ប្រជាពលរដ្ឋ សហគមន៍ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅក្នុងមូលដ្ឋាននោះ រួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងឆេះព្រៃឲ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ចំនួន ៧២ តំបន់ មានផ្ទៃដីសរុបប្រមាណ ជាង ៧,២ លានហិកតា។

សូមបញ្ជាក់ថា អនុលោមតាមមាត្រា៦២ នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិ បានចែងថា ការបង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដែលត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៥ ដល់១០ឆ្នាំ និងផាកពិន័យជាប្រាក់ពី ១៥.០០០.០០០រៀល ដល់ ១៥០.០០០.០០រៀល ៕

To Top