ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការពុះពារ រាល់ឧបសគ្គទាំងឡាយ រវាងកម្ពុជា-ចិន បង្កើតបានជាគំរូសម្រាប់សហគមន៍អន្តរជាតិ ក្នុងការសហការទប់ស្កាត់ ជំងឺវីរុសកូវីដ១៩។
ការថ្លែងរបស់លោកឯកអគ្គរដ្ឋចិនរូបនេះ បានធ្វើឡើង នៅក្នុងពិធីបំពាក់មេដាយជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តនៃកងទ័ពរំដោះប្រជាជនចិនក្រុមទី១៦ ពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១៤ មករា ឆ្នាំ២០២២។
យោងតាមហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបំពាក់មេដាយជូនក្រុម អ្នកជំនាញវេជ្ជសាស្រ្តនៃកងទ័ពរំដោះប្រជាជនចិន ក្រុមទី១៦ ដើម្បីជាការសរសើរចំពោះការរួមចំណែក របស់ពួកគេជាមួយ កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចទប់ស្កាត់ជំងឺ វីរុសកូវីដ១៩។
ក្នុងឱកាសនោះសម្តេច ទៀ បាញ់ បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០៧មក កងទ័ពរំដោះប្រជាជនចិន បានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តចំនួន១៦ក្រុម មកកាន់កម្ពុជា បានជួយលើកកម្ពស់សមត្ថភាព ពិនិត្យព្យាបាលជំងឺក្នុងមន្ទីរពេទ្យ ព្រះកេតុមាលា នេះបានបង្ហាញពីចំណងមិត្តភាពដែកថែបរវាងកងទ័ពទាំងពីរប្រទេស។ ភាគីកម្ពុជាសូមថ្លែងអំណរគុណ ដល់ភាគីចិនដោយស្មោះ។
ស្ថានទូតបន្តថា «បន្ទាប់ពីក្រុមអ្នកជំនាញវេជ្ជសាស្រ្តក្រុមទី១៦ បានមកដល់ប្រទេសកម្ពុជា បានធ្វើការបណ្តុះបណ្តាល ការចាក់វ៉ាក់សាំងជូនដល់ក្រុមការងារ វេជ្ជសាស្រ្តយោធាកម្ពុជា យ៉ាងឆាប់រហ័ស បានចុះទៅកាន់មូលដ្ឋាន និងសម្របសម្រួលនៅតំបន់ក្រហម ជំងឺវីរុសកូវីដជាច្រើន ដងច្រើនសា បានចែករំលែកបទពិសោធន៍ និងវិធីសាស្រ្តរបស់កងទ័ពចិន ក្នុងការប្រយុទ្ធប្រឆាំងជំងឺវីរុស បានដើរតួនាទី យ៉ាងសំខាន់ក្នុងកិច្ចទប់ស្កាត់ នឹងជំងឺវីរុសដល់កងយោធពលខេមរភូមិន្ទ ដោយជោគជ័យ។ បានបង្ហាញពីស្មារតីមនុស្សធម៌អន្តរជាតិដ៏អង់អាចក្លាហាន។ អាចនិយាយបានថា ប្រសិនបើគ្មានជំនួយពីភាគីចិន សមិទ្ធផលនៃកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសក្នុងប្រទេសកម្ពុជាក៏មិនអាចទទួលបានដូចសព្វថ្ងៃនេះដែរ»។
ដោយឡែក លោក Wang Wentian មានប្រសាសន៍ថា «ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដ១៩មក ប្រទេសនិងកងទ័ពទាំងពីរ បានជួយគ្នាទៅវិញទៅមក បានពុះពាររាល់ឧបសគ្គទាំងឡាយ បានយកសកម្មភាពជាក់ស្តែង មកបង្ហាញពីអត្ថន័យស្នូល នៃសហគមន៍វាសនារួមរវាងចិននិងកម្ពុជា បង្កើតបានជាគំរូសម្រាប់សហគមន៍ អន្តរជាតិក្នុងការសហការទប់ស្កាត់ ជំងឺវីរុសកូវីដ»។
លោកថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធាចិន គឺជាសក្ខីជននៃកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងប្រទេសនិងកងទ័ពទាំងពីរ ក៏ជាការបង្ហាញពីអត្ថន័យសំខាន់ ក្នុងការអនុវត្តសហគមន៍វាសនារួមរវាងចិននិងកម្ពុជា ក្នុងវិស័យវេជ្ជសាស្រ្តយោធា។
សម្តេចពិជ័យសេនា បានបំពាក់មេដាយដល់ក្រុមអ្នកជំនាញ ខាងលើបានឆ្លុះបញ្ចាំងពីការទទួលស្គាល់ របស់ក្រសួងការពារជាតិកម្ពុជា សម្រាប់ការងាររបស់ក្រុមអ្នកជំនាញ ក្នុងកិច្ចប្រយុទ្ធប្រឆាំង ជំងឺវីរុសកូវីដ ក៏បានបង្ហាញពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ រវាងប្រទេសនិងកងទ័ពទាំងពីរ។ ភាគីចិនបន្តខិតខំជាមួយភាគីកម្ពុជា បន្តពង្រឹងនិងលើកកម្ពស់ចំណងមិត្តភាពដែកថែបនៃប្រទេសនិងកងទ័ពទាំងពីរ៕