ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងដៃគូ ប្តេជ្ញាធ្វើឲ្យប្រសើរឡើង ដល់ការលើកកម្ពស់ជីវភាពសហគមន៍ ក្នុងតំបន់ការពារទេសភាព បឹងព្រែកល្ពៅ

ភ្នំពេញ៖ ក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការជីវិតសត្វស្លាបអន្តរជាតិ និងអង្គការ The Wildfowl & Wetlands Trust បាននិងកំពុងអនុវត្តគម្រោង ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍ នៅក្នុងតំបន់ការពារទេសភាព បឹងព្រែកល្ពៅ។

តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន នាថ្ងៃ១៦ មករា បានបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏មានសក្កានុពល មួយនៅកម្ពុជាដែលមាន ទីតាំងភូមិសាស្រ្ត ក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថានបានថ្លែងថា «ចំពោះការអភិរក្សជីវៈចម្រុះ យើងបានសាងសង់ស្នាក់ការរងចំនួន ១កន្លែង សម្រាប់ពង្រឹងការល្បាតនៅក្នុងតំបន់ សាងសង់អាងទឹកទំហំ ១៦ហិកតាដើម្បីរក្សារទឹកទុកជាអចិន្ត្រៃយ៍សម្រាប់ ទ្រទ្រង់ដល់ពពួកសត្វស្លាបទឹក ជាពិសេសសត្វក្រៀល ។

យើងក៏បានធ្វើការដាំព្រៃលិចទឹក ទំហំ៥ហិកតា និងដាំម៉ឺមផ្លុងទំហំ ២៥ហិកតា ដែលជាចំណីរបស់សត្វក្រៀល និងបានគ្រប់គ្រងរុក្ខជាតិប្រភេទរាតត្បាត ដូចជាប្រខ្លបយក្ស (Mimosa pigra) វល្លិ៍រាតត្បាត និងកំប្លោក ជាដើម។ រីឯសកម្មភាពលើកម្ពស់ ជីវភាពសហគមន៍វិញ យើងបានបង្កើតធនាគារក្របី ដោយធ្វើការប្រវាស់ក្របីជាមួយ ប្រជាសហគមន៍មូលដ្ឋាន នៅក្នុងតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ»។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្ដថា ចំណែកឯការអប់រំផ្សព្វផ្សាយ បានបញ្ចូលកម្មវិធីអប់រំបរិស្ថាន និងសត្វក្រៀលជាមួយសាលារៀន គោលដៅចំនួន៣ គឺសាលាបឋមសិក្សាសង្គមមានជ័យ សាលាបឋមសិក្សាក្ដុលជ្រុំ និងសាលាបឋមសិក្សាបន្ទាយធ្លាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សិក្សានុសិស្សអំពីសារៈសំខាន់ជីវៈចម្រុះ ជាពិសេសសត្វក្រៀល នៅក្នុងតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ។

លោកបញ្ជាក់ទៀតថា ដោយសារកិច្ចខំប្រឹងប្រែងទាំងអស់គ្នា ទើបធ្វើឲ្យតំបន់នេះមានការ កើនឡើងនូវប្រភេទ ជីវៈចម្រុះមួយចំនួន ជាពិសេសសត្វចង្កៀលខ្យង ដែលកើនឡើងរហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន២១៨៦ ក្នុងឆ្នាំ២០២០ ខណៈពួកវាមានចំនួនជាង ១០០ក្បាល ប៉ុណ្ណោះកាលពីឆ្នាំ២០០៣។ លើសពីនេះទៅទៀត ឃើញមានវត្តមានប្រភេទសត្វស្លាបជិត ផុតពូជដូចជាសត្វចាបព្រៃវែង និងត្រដក់ធំ។

គួរបញ្ជាក់ផងដែរថា តំបន់ការពារទេសភាព បឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ហិកតា និងសម្បូរទៅដោយជីវៈចម្រុះ ជាច្រើនប្រភេទក្នុងមានសត្វស្លាបចំនួន ១៣២ប្រភេទ មច្ឆជាតិចំនួន ១៣៨ប្រភេទ និងរុក្ខជាតិទឹក ៣០ប្រភេទ ៕

To Top
×