ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានស្នើឲ្យសមាជិក គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ លោកគ្រូ-អ្នកគ្រូបង្វឹក និងកីឡាករ-កីឡាការិនី បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង សហការគ្នា និងបង្កើនភាពស្និទ្ធស្នាល ក្នុងការជំរុញប្រភេទកីឡាការ៉ាតេកម្ពុជា កាន់តែខ្លាំងក្លា បន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកជោគជ័យ ពីការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ នេះយោងតាមការចេញផ្សាយ ក្រសួងព័ត៌មាន។

ក្នុងឱកាសបិទការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរៀបចំការប្រកួត កីឡាករ កីឡាការិនី គ្រូបង្វឹកទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដោយតម្កល់ស្មារតីកីឡាការ៉ាតេឱ្យខ្ពស់ត្រដែត និងខិតខំប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួន រហូតទទួលបានលទ្ធផល ដ៏ត្រចះត្រចង់មកដល់ពេលនេះ។

លោកបញ្ជាក់ថា «បន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការផ្ទៃក្នុង គ្រួសារការ៉ាតេឲ្យបានកាន់តែរឹងមាំ។ ត្រៀមលក្ខណៈសម្បត្តិ ឲ្យបានគ្រប់គ្រាន់ ក្នុងការបង្កើនគុណផល កីឡាការ៉ាតេដល់កម្រិតខ្ពស់ ឈានទៅរកជ័យលាភី ពីការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់។ ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ SEAKF Championship លើកទី៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-២២ ខែមីនា ឆ្នាំ២០២២ ឲ្យបានរលូន ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងភាពជោគជ័យ»។

លោកឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា ពេលវេលាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ ដូច្នេះឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏សំខាន់ដែលត្រូវ ធ្វើឲ្យប្រាកដប្រជា គ្រប់មុខងារទទួលខុសត្រូវ ដើម្បីសម្រេចបាននូវផែនការ យុទ្ធសាស្ត្រយកប្រៀបឈ្នះ និងជ័យលាភីជូនសហព័ន្ធ និងជូនជាតិមាតុភូមិរបស់កម្ពុជា ៕

