ព័ត៌មានជាតិ

ក្រសួងអប់រំ និងអគ្គលេខាធិការអាស៊ាន ប្តេជ្ញាបន្តពង្រឹង​ កិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និងលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន បានធ្វើការប្តេជ្ញា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្រោមសហគមន៍សង្គម-វប្បធម៌។

ការប្ដេជ្ញានេះ ធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ រវាង លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា ជាមួយ លោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី១៧ មករា ឆ្នាំ២០២២នេះ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា ទៅលើភាពជាប្រធានអាស៊ានរបស់កម្ពុជា ផ្នែកសហគមន៍សង្គម-វប្បធម៌ ដែលរួមមានអាទិភាព និងឯកសារលទ្ធផល ក្រោមសហគមន៍សង្គម-វប្បធម៌ ដែលត្រូវយកទៅអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា «ភាគីទាំងពីរ ក៏បានប្តេជ្ញា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលនានារវាងលេខាធិការដ្ឋានអាស៊ាន និងវិស័យទាំងអស់ នៅក្រោមសហគមន៍សង្គម-វប្បធម៌ ដើម្បីធានាថា ភាពជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២ នឹងសម្រេចបានជោគជ័យ និងលទ្ធផលល្អប្រសើរ»៕

To Top