នយោបាយ

អ្នកនាំពាក្យបក្សកាន់អំណាច៖ អាជ្ញាធរមូលដ្ឋាន គប្បីអនុវត្តច្បាប់ដោយស្មើភាព គ្រប់បក្សនយោបាយ (Video)

ភ្នំពេញ៖ ក្នុងនាមជាអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច លោក សុខ ឥសាន បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន គួរគប្បីអនុវត្តច្បាប់ដោយសារស្មើភាពគ្នា គ្រប់គណបក្សនយោបាយនៅកម្ពុជា ដោយកុំលំអៀងទៅបក្សណាមួយ ជៀសវាងកុំឲ្យប៉ះពាល់ ដល់រាជរដ្ឋាភិបាល ។

ការលើកឡើងរបស់លោកនេះ ក្រោយតំណាងគណបក្សភ្លើងទៀន មានគម្រោងប្តឹងទៅក្រសួងមហាផ្ទៃ ដោយសារអាជ្ញាធរមូលដ្ឋាន នៅក្នុងខេត្តកំពង់ចាម រារាំងមិនឲ្យលើកស្លាកគណបក្ស ។

លោក សុខ ឥសាន បានលើកឡើងក្នុង បណ្តាញគ្រុបតេឡេក្រាម នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ថា “អាជ្ញាធរមូលដ្ឋាន គប្បីអនុវត្តច្បាប់ដោយស្មើភាព ចំពោះគ្រប់គណបក្សនយោបាយ ។ ការហាមឃាត់ណាមួយត្រូវមាន មូលហេតុច្បាស់លាស់ កុំឲ្យប៉ះពាល់ដល់មុខមាត់ រាជរដ្ឋាភិបាលកម្ពុជា”។

លោកថា កាលណាប៉ះពាល់រាជរដ្ឋាភិបាល ក្រុមពួកប្រឆាំងតែងតែឆ្លៀត យកចន្លោះប្រហោង មកវាយប្រហារហើយ ។

កាលពីថ្ងៃ១៦ មករា លោក ម៉ន ហេន ចៅសង្កាត់វាលវង់ ខេត្តកំពង់ចាមបានចុះទៅរារាំង និងមិនឲ្យមន្រ្តីគណបក្សភ្លើងទៀនខេត្តនេះ លើកស្លាកគណបក្ស នៅទីតាំងមុខវត្តដីដុះទេ ។ បន្ទាប់ពីមានការរារាំង លោក គា វិសាល មន្រ្តីគណបក្សភ្លើងទៀន ប្រចាំខេត្តកំពង់ចាម គ្រោងដាក់បណ្តឹងទៅក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តនៅក្នុងសប្តាហ៍នេះ ដើម្បីប្តឹងអាជ្ញាធរមូលដ្ឋានខេត្ត ពីបទរារាំងមិនឲ្យលើកស្លាក គណបក្សនៅទីសាធារណៈ ខណៈព្រះចៅអធិការវត្តដីដុះ បានអនុញ្ញាត ។ នេះបើតាមការចេញផ្សាយ របស់វិទ្យុអាស៊ីសេរី នា១៧ មករា ៕

To Top