ព័ត៌មានជាតិ

បាត់ដំបង-ព្រះសីហនុ-សៀមរាប ទទួលជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាត ប្រចាំតំបន់អាស៊ាន លើកទី៣ (Video)

ភ្នំពេញ៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានឲ្យដឹងថា ទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជា ចំនួន ៣ រួមមាន៖ ទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ទទួលបានជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី៣ សុពលភាពឆ្នាំ២០២២-២០២៤។

យោងតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាថ្ងៃទី១៧ មករា បានបញ្ជាក់ថា «ជ័យលាភីជាទីក្រុងទេសចរណ៍ ស្អាតអាស៊ាន លើកទី៣នេះ គ្រោងនឹងចែកនៅក្នុងពិធីប្រគល់ ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ»។

ប្រភពដដែលបន្ដថា ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នឹងប្រគល់រង្វាន់ទីក្រុងទេសចរណ៍ ស្អាតអាស៊ាននេះ ជូនដល់ទីក្រុងទេសចរណ៍ចំនួន២១ នៅក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិវាយតម្លៃ ទីក្រុងស្អាតបាននិងកំពុងជំរុញចលនា ប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញ ការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។ ការណ៍នេះបានឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លើសពីនេះទៀត ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាម បណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦ ២០២៥ សំដៅ ធ្វើឲ្យអាស៊ានក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។ ការប្រកួតប្រជែងនេះ ក៏បានជំរុញដល់ការរៀបចំ មជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ាន ឲ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមឲ្យមានប្រសិទ្ធភាព ដល់ការអភិវឌ្ឍទីក្រុង ប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។

គួរបញ្ជាក់ថា ស្ដង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំឡើង ដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃ ទីក្រុងស្អាតតាំងពីឆ្នាំ២០១១ ដោយមានការគាំទ្រពី រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្ដង់ដានេះត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តន៍ជាផ្លូវការ កាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥ ៕

To Top