ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បាននិងកំពុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបធ្វើឡើងនៅក្រុងព្រះសីហនុ។
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។
វេទិកាទេសចរណ៍អាស៊ាននេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។ ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន៕