ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា អាស៊ាននឹងមិនក្លាយជាចំណាប់ខ្មាំងនៃបញ្ហាមីយ៉ាន់ម៉ានោះឡើយ។
ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបចំធ្វើឡើង នៅខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាស៊ាន មានបញ្ហាជាច្រើនទៀត ដែលត្រូវដោះស្រាយនៅក្នុងឆ្នាំ២០២២នេះ ក្នុងនោះ រួមមាន ទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីបើកឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់និងបញ្ហាកូវីដ-១៩ជាដើម។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ថា កិច្ចការរបស់អាស៊ានឆ្នាំ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ា តែមួយនោះទេ ដូចអ្នកទាំងឡាយបាននិយាយយ៉ាងច្រើនក្នុងពេលប្រមាណជាជិត ៣អាទិត្យនេះ ខ្ញុំសុំនិយាយថា យើងមានកិច្ចការជាច្រើនដែលត្រូវធ្វើក្រៅពីមីយ៉ាន់ម៉ា ហើយអាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ»។
សម្ដេចតេជោ ចង់ឲ្យមានការផ្ដល់អាទិភាព នៃកិច្ចការអាស៊ាន ឆ្នាំ២០២២ គឺបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបើកដំណើរការឡើងវិញ ជាមួយនឹងការបើកច្រករបៀងធ្វើដំណើរសម្រាប់វិស័យទេសចរណ៍។
សម្ដេចតេជោ ក៏បានរំលឹកថា ក្នុងក្របខណ្ឌអាស៊ាន នរណាដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ នឹងមិនអាចធ្វើដំណើរបាននោះឡើយ។ សម្ដេច បានកោតសរសើរដល់ប្រទេសថៃ ដែលបានអនុវត្តជាមួយកម្ពុជា ក្នុងការអនុញ្ញាតឲ្យប្រជាជនចាក់វ៉ាក់សាំងកូវីដ-១៩ រួច បានឆ្លងកាត់ ទៅវិញទៅមក ដោយមិនបាច់ធ្វើចត្តាឡីស័ក៕