ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើដល់លោក Lim Jock Hoi អគ្គលេខាធិការអាស៊ានបន្តផ្ដល់ការគាំទ្រ និងជ្រោមជ្រែងដល់ដំណើរការ ជាប្រធានអាស៊ានរបស់កម្ពុជា ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Lim Jock Hoi អគ្គលខាធិការអាស៊ាន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ក្នុងអាណត្តិជាប្រធានអាស៊ាននៅឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រូវរៀបចំកិច្ចប្រជុំសំខាន់ៗមួយចំនួន ដូចជា កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និង ទេសាភិបាលធនាគារកណ្តាលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងអំឡុងខែមីនា ឆ្នាំ ២០២២ នេះ ។
ដើម្បីគាំទ្រដល់មូលបទអាស៊ានឆ្នាំ ២០២២ ស្តីពី-អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN ACT. Addressing Challenges Together), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសហ ប្រធាន នៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានកំណត់នូវអាទិភាពចំនួន ៣ រួមមាន ៖១. ការស្ដារឡើងវិញ (Rocovery),២. ការកសាងភាពធន់(Resiliency) និង ៣. ការរួបរួមគ្នា (Togetherness) ។
ជាទិសដៅបន្ត រដ្ឋមន្រ្តីសេដ្ឋកិច្ច បានស្នើលេខាធិការដ្ឋានអាស៊ានបន្ត ផ្ដល់ការគាំទ្រ និងជ្រោមជ្រែងដល់ដំណើរការ ជាប្រធានអាស៊ានរបស់កម្ពុជា ជាពិសេស ការរៀបចំកិច្ចប្រជុំរដ្ឋ មន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន និងការរៀបចំជា Showcase Event មួយ រួមជាមួយស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិ ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យ និងលទ្ធផលផ្លែផ្កា សម្រាប់ជាប្រយោជន៍ដល់ ការអភិវឌ្ឍតំបន់ ប្រកបដោយភាពរឹងមាំ និងបរិយាប័ន្ន ។
ផ្អែកលើអាទិភាពទាំង៣ នេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំសមិទ្ធិផលសេដ្ឋកិច្ច អាទិភាព (Priority Economic Deliverables) ក្រោមកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន ដោយផ្តោតសំខាន់លើ ការពង្រឹង សកម្មភាពរួមគ្នា ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលលោក និងឆ្ពោះទៅរក ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព និងភាពធន់ តាមរយៈការលើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្ម និងវិនិយោត, ការធ្វើសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន និងជាមួយដៃគូស៊ីជម្រៅ, ការជំរុញហិរញ្ញវត្ថុ ប្រកបដោយចីរភាព (Sustainable Finance) ដើម្បីគៀរគរហិរញ្ញប្បទានបន្ថែម សម្រាប់ការអភិវឌ្ឍតំបន់ ប្រកបដោយចីរភាព, ការជំរុញហិរញ្ញវត្ថុឌីជីថល និងការធានានូវស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ ។
ក្នុងន័យនេះលោក អូន ព័ន្ធមុនីរ័ត្ន ក៏បានណែនាំដល់ក្រុមការងារ បច្ចេកទេស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានអាស៊ាន បន្តធ្វើកិច្ចសហការលើការរៀបចំ ខ្លឹមសារនៃកិច្ចប្រជុំ ក៍ដូចជាកិច្ចការរៀបចំផ្សេងៗទៀត ដើម្បីធានាបាននូវ ប្រសិទ្ធភាពខ្ពស់ នៃការធ្វើជាប្រធានអាស៊ាន របស់កម្ពុជា ។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរ បានឯកភាពគ្នា បន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមូត បន្ថែមទៀត ដើម្បីឱ្យកម្ពុជាបំពេញភារកិច្ច ជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយជោគជ័យ និងដឹកនាំអាស៊ានឆ្ពោះទៅរក សុខ-សន្តិភាព និងវិបុលភាពជារួម សំដៅបន្តបេសកកម្មក្នុងការ កសាងសហគមន៍អាស៊ាន ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ៕