ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញការសោកស្តាយ ចំពោះមន្រ្តីរដ្ឋបាល សាលាខេត្តបាត់ដំបងម្នាក់ ដែលបានដាក់ពាក្យលាឈប់ ក្រោមហេតុផល មានបក្ខពួកនិយម នៅក្នុងសាលាខេត្ត។
ក្នុងហ្វេសប៊ុក របស់លោករដ្ឋមន្រ្តីព័ត៌មាន នៅថ្ងៃ១៩ មករា នេះបានឲ្យដឹងថា “សោកស្តាយ ឃើញយុវជនម្នាក់ ដើរចោលការងាររដ្ឋ ព្រោះយល់ថា មានរឿងបក្ខពួក ។ អ្វីដែលខ្ញុំស្តាយគឺប្អូនគិតថា ពិភពលោកមានតែពណ៌២គត់ គឺ ខ្មៅ និងស” ។
លោកថា តាមពិតពណ៌ ដែលមានច្រើនបំផុត ក្នុងលោកគឺពណ៌ប្រផេះ ។ សម័យនេះ ព្រំដែនដែលខណ្ឌ Teamwork និងបក្ខពួក គឺស្តើងណាស់ “តែអ្វីដែលសំខាន់តើយើងមានជំនាញអី ដែលគេត្រូវការយើងទេ ?”។
ការលើកឡើងរបស់លោកខៀវ កាញារីទ្ធនេះ បន្ទាប់ពីលោក លី ឌីនូរី មន្ត្រីការិយាល័យគ្រប់គ្រង បុគ្គលិក នៃទីចាត់ការគ្រប់គ្រង ធនធានមនុស្ស សាលាខេត្តបាត់ដំបង បានដាក់ពាក្យស្នើសុំលាឈប់ ពីការងារ ដោយសារតែលោកលើកឡើងថា ដោយសារពុំពេញចិត្ត នឹងការបង្កើតបក្ខពួក ក្នុងសាលាខេត្តបាត់ដំបង ។
យោងតាមពាក្យស្នើសុំលាឈប់ ពីការងារដែល លោក លី ឌីនូរី ផ្ញើជូនសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា “ខ្ញុំបានបំពេញភារៈកិច្ចជាមន្ត្រីរាជការ ក្របខណ្ឌក្រសួងមហាផ្ទៃ ចាប់តាំង ពីឆ្នាំ២០០៧ រហូតបច្ចុប្បន្ន ជាមន្ត្រីសាលាខេត្តបាត់ដំបង ។ ដោយសារខ្ញុំពុំពេញចិត្ត នឹងការបង្កើតបក្ខពួក ក្នុង សាលាខេត្តបាត់ដំបង ខ្ញុំសូមគោរពស្នើសុំលាឈប់ ពីក្របខណ្ឌមន្ត្រីរាជការ ស៊ីវិល ក្រសួងមហាផ្ទៃ ចាប់ពីពេលនេះតទៅ” ។
ស្របពេលការដាក់ពាក្យលាឈប់នេះ លោកត្រូវបាន រដ្ឋបាលសាលាខេត្តបាត់ដំបង នៅថ្ងៃ១៨ មករា ដដែលនេះ បានចេញលិខិតអញ្ជើញលើកទី១ ឲ្យចូលមកបំពេញការងារ នៃការិយាល័យគ្រប់គ្រងបុគ្គលិក ក្រោយពីអវត្តមានគ្មានច្បាប់ អនុញ្ញាតជាប់ៗ គ្នារយៈពេល២ សប្ដាហ៍កន្លងមក ។
ជុំវិញលិខិតអញ្ជើញលើកទី១នេះ លោក លី ឌីនូរី ថ្លែងតបវិញភ្លាមៗ តាមបណ្ដាញ សង្គមហ្វេសប៊ុកថា “១-តើរយ:កាលកន្លងមក ក្រុមអស់លោក ធ្វើទុក្ខបុកម្នេញខ្ញុំ វាមិនទាន់គ្រប់ គ្រាន់មែនទេ? , ២-នៅពេលដែលខ្ញុំចូលបំពេញការងារ តើធានាទេ មានការងារ ធ្វើសំរាប់ខ្ញុំដូចមន្រ្តីធម្មតា ? ឬត្រឹមតែចង់ឲ្យខ្ញុំមកអង្គុយ អានកាសែតដូចរយៈ:កាលមុន? តើខ្ញុំមានកំហុសអ្វី? ប្រសិនបើមកអង្គុយ ត្រឹមអានកាសែត ខ្ញុំមិនមកល្អជាង សុខចិត្តសុំលាឈប់ ទៅធ្វើការងារឯកជនវិញ និង៣- បក្ខពួកនិយមខ្លាំងពេក នាំឲ្យអន្តរាយ ដល់ស្ថាប័នរដ្ឋ ។ នេះប្រហែលមកពីខ្ញុំ មិនមែននៅក្នុងក្រុមគេទេដឹង? កន្លែងដែលមានបក្ខពួកពេក ខ្ញុំមិនធ្វើការជាមួយទេ សូមជ្រាប” ៕