នយោបាយ

កម្ពុជា-ចិន មានប្រវត្តិ ប្រាស្រ័យទាក់ទង មេត្រីភាព ជាមួយគ្នា ជាង១០០០ឆ្នាំ

ភ្នំពេញ ៖ លោកបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើង ពីចំណងទាក់ទងគ្នា រវាងកម្ពុជា និងមហាអំណាចចិន តាំងពីអតីតកាលដ៏យូរលង់ មកដល់បច្ចុប្បន្ននេះ គឺថា មានការប្រាស្រ័យទាក់ទងគ្នា មេត្រីភាពជាង១០០០ឆ្នាំមកហើយ ។

ក្នុងសុន្ទរកថា ក្នុងកិច្ចសន្ទនាលើកទី២ ស្តីពី ការផ្លាស់ប្តូរនិងការស្វែងយល់ ពីអារ្យធម៌រវាងគ្នា (កម្ពុជា-ចិន) នាពេលថ្មីៗនេះ លោកបណ្ឌិត ប៊ិន ឈិន ថ្លែងថា “ប្រទេសកម្ពុជា និងចិនមានប្រវត្តិ ទំនាក់ទំនងជាមួយគ្នាជាយូរលង់ណាស់មកហើយ ។ ប្រទេសទាំងពីរមានវប្បធម៌ និងអារ្យធម៌ស្រដៀងគ្នា ហើយចំពោះការប្រាស្រ័យ ទាក់ទងគ្នាដោយមេត្រីភាព រវាងប្រទេសទាំងពីរ មានប្រវត្តិជាង១០០០ឆ្នាំ មកហើយ”។

ដោយលោកបានលើកឡើង ពីចម្លាក់លើជញ្ជាំងប្រាសាទបាយ័នថា បានបង្ហាញពីទិដ្ឋភាព ដ៏រស់រវើក នៃការប្រាស្រ័យទាក់ទងគ្នា រវាងពាណិជ្ជករចិន និងប្រជាជនកម្ពុជា កាលពីសម័យបុរាណ។ ចាប់តាំងពីឆ្នាំ១៩៥៨មក ទំនាក់ទំនងកម្ពុជា-ចិន គឺជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ ដែលជានិច្ចកាល កម្ពុជានិងចិន តែងតែគាំទ្រគ្នាទៅវិញទៅមក ហើយមានកិច្ចសហការល្អ។

លោកថា ចំពោះកំណាព្យបុរាណចិនមួយឃ្លាពោលថា «ភ្នំទាំងឡាយទោះនៅឆ្ងាយពីគ្នា តែស្រស់បំព្រងក្រោមដំណក់ទឹកភ្លៀងរួមគ្នា ដូច្នេះ “យើងនៅឃ្លាតឆ្ងាយពីគ្នា យ៉ាងម៉េចកើត បើយើងទទួលពន្លឺព្រះចន្ទតែមួយ?» ដូចគ្នានឹងប្រជាជនកម្ពុជា តែងនិយាយថា យើងត្រូវរួមវាសនាជាមួយគ្នា ព្រោះយើងរស់ក្រោមដំបូល មេឃតែមួយ ស្រូបយកខ្យល់អុកស៊ីសែន ពីលំហអាកាសតែមួយ និងផឹកទឹកទន្លេមេគង្គ ជាមួយគ្នា”។

លោកបន្តថា ក្នុងនាមជាប្រទេសជិតខាង និងជាដៃគូជិតស្និទ្ធ កម្ពុជានិងចិន បានបង្កើតនិងថែរក្សាចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបាន ដែលឆ្លងកាត់ការសាកល្បង និងការលំបាកផ្សេងៗជាច្រើន ក្នុងប្រវត្តិសាស្ត្រ ។ ទំនាក់ទំនងដ៏រឹងមាំ រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ បង្កើតបានជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការរីកចម្រើនជាបន្តបន្ទាប់ នៃកិច្ចសហប្រតិបត្តិការ ជាមិត្តភាពរវាងកម្ពុជា-ចិន ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹងលើគ្រប់វិស័យ។

ដោយឡែក ពាក់ព័ន្ធ នឹងកីឡាអូឡាំពិក ដែលចិនជាម្ចាស់ផ្ទះនាពេលខាងមុខវិញ លោកឧបនាយករដ្ឋមន្រ្តី បញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជា បាននិង កំពុងការពារស្មារតីអូឡាំពិក រក្សាភាពបរិសុទ្ធ នៃចលនា អូឡាំពិក គាំទ្រការរួបរួមនិងមិត្តភាព ហើយប្រឆាំង នឹងចលនាបំបែកបំបាក់ និងនិន្នាការប្រឆាំងស្មារតីអូឡាំពិក ។ ក្នុងនាមកម្ពុជាលោកថា កម្ពុជានឹងបន្តប្រឆាំងរាល់ទម្រង់ នៃនយោបាយ នីយកម្មអូឡាំពិក និងនយោបាយនីយកម្មកីឡា ហើយទន្ទឹងរង់ចាំជោគជ័យទាំងស្រុង នៃកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ដែលប្រទេសចិនជាម្ចាស់ផ្ទះ៕

To Top