ព័ត៌មានជាតិ

រាជរដ្ឋាភិបាល គ្រោងកែលម្អ ផ្លូវជាតិលេខ៣១, ៣៣, ៤១ ដើម្បីឲ្យហេដ្ឋាន រចនា សម្ព័ន្ធ ប្រទាក់ក្រឡាគ្នា ជាមួយផ្លូវជាតិលេខ៣

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ប្រមុខរាជរដ្ឋាភិបាល គ្រោងសាងសង់ កែលម្អផ្លូវជាតិលេខ៣១, លេខ៣៣, លេខ៤១ ដើម្បីធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ ទាំងនោះ ប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែប ជាមួយផ្លូវជាតិលេខ៣ ។

ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នាំមកនូវការបញ្ចប់ទាំងស្រុង ចំពោះសង្គ្រាមស៊ីវិលនៅកម្ពុជា និងធ្វើឲ្យកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងកំពង់ផែ និងមានការទទួលស្គាល់ និងស្មើមុខស្មើមាត់ជាមួយបណ្តា ប្រទេសនៅក្នុងតំបន់ និងពិភពលោក ។

លោកបញ្ជាក់ថា «នៅពេលខាងមុខ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់កែ លម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិ លេខ៤១ ដើម្បីធ្វើឲ្យហេដ្ឋា រចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែប ជាមួយផ្លូវជាតិ លេខ៣ ដែលទើបបានសាងសង់ ចប់ជាស្ថាពរនាពេលថ្មីៗ ងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តកែប កាន់តែច្រើនថែមទៀត ដែលនឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះ មានសកម្មភាព កាន់តែមានភាពមមារញឹក» ។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ដ្រីរាជការ និង ប្រជាពលរដ្ឋ និងក្រុមហ៊ុននានា នៅក្នុងខេត្តកែប ក៏ដូចជាជនរួមជាតិទាំងអស់ជួយថែរក្សា អភិវឌ្ឍន៍ និងមកធ្វើទេសចរណ៍ នៅរមណីយដ្ឋានធម្មជាតិខេត្តកែប និងបន្ដចូលរួមសហការ ខិតខំបំពេញការងារឲ្យ បានកាន់តែល្អប្រសើថែមទៀត ដើម្បីលើកកម្ពស់ការចូលរួម ចំណែកក្នុងការថែរក្សាសុវត្ថិភាព ការថែទាំ និងការអភិវឌ្ឍផ្លូវ-ស្ពាន ឆ្នេរ និងកំពង់ផែទេសចរណ៍ ជាពិសេសផ្លូវចូល និងសំណង់កំពង់ផែនេះ ដើម្បីប្រើប្រាស់ឲ្យមាននិរន្ដរភាព និងយូរអង្វែង។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានសំណូមពរដល់អ្នកគ្រប់គ្រង កំពង់ផែទេសចរណ៍នេះ ក៏ដូចជា ម្ចាស់ទូក ឬនាវា បំពាក់នូវសម្ភារៈបរិក្ខា និងឧបរណ៍ផ្សេងៗ ឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទាំងអ្នកបើកបរទូក ឬនាវា ទាំងអ្នករួមដំណើរ ពាក់អាវពោងឲ្យបានគ្រប់ៗគ្នា ដើម្បីធានាសុវត្ថិភាព ក្នុងពេលធ្វើដំណើរទៅមក អ្នកបើកបរទូក ឬនាវា ត្រូវចេះបញ្ជាទូក ឬនាវាឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ព្រមទាំងចេះប្រើប្រាស់ នូវឧបករណ៍ទាំងនោះ ដើម្បីទទួលព័ត៌មានអំពីអាកាសធាតុ និងបាតុភូតនានា ឲ្យបានស្ទាត់ជំនាញ មុននឹងបញ្ជាទូក ឬនាវាក្នុងពេលធ្វើនាវាចរណ៍ ៕

To Top