ភ្នំពេញ ៖ ក្នុងចេតនាចូលរួមសម្រួល ទៅដល់ស្ថានភាពលំបាក រយៈពេលខ្លី របស់លោកតាស៊ីក្លូ ជនចាស់ជរា ដែលមានជីវភាព ខ្សត់ខ្សោយ ក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានសហការរៀបចំកម្មវិធី “ចែករំលែកភាពកក់ក្តៅលើកទី៦” នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅបរិវេណសួនច្បារវត្តបទុមវត្តី ក្នុងខណ្ឌដូនពេញ ដើម្បីចែកអំណោយជាគ្រឿង ឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំសង្កូវ និងថវិកាមួយចំនួន ជូនលោកតា លោកយាយ ចាស់ជរា និងប្រជាជន មានជីវភាពខ្សត់ខ្សោយ ប្រមាណជិត ៣០០នាក់ ក្នុងរាជធានីភ្នំពេញ ។
កម្មវិធីសប្បុរសធម៌នេះ បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា នៃក្រុមហ៊ុនទឹកពិសាវីតាល់ និងផលិតផលមីជាតិ ព្រមទាំងមានការចូលរួម ពីសំណាក់គណៈគ្រប់គ្រងក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្ត និងក្រុមការងារជាច្រើននាក់ ។
លោកស្រី អគ្គនាយិកានៃក្រុមហ៊ុន បានមានប្រសាសន៍ថា “ព្រឹត្តិការណ៍សប្បុរសធម៍ ប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយមានគោលបំណង និងគុណតម្លៃយ៉ាងច្បាស់លាស់ ក្នុងការផ្សាយមេត្តាចិត្ត ជាមួយគោលការណ៍ស្រលាញ់រាប់អាន ផ្តល់អធ្យាស្រ័យ និងគោរពគ្នាដោយស្មោះស្ម័គ្រ ក្នុងនាមជាមនុស្សជាតិតែមួយ តាមរយៈការចែករំលែកនូវស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជូនដល់លោកតា លោកយាយ លោកពូ អ្នកមីង បងៗ អ្នកខ្សត់ខ្សោយ ខ្វះខាត ដែលជួបប្រទះការលំបាក ។
បន្ថែមពីនេះ លោកស្រី អគ្គនាយិកា បានបន្តថា “ស្ថានភាពកូវីដ១៩ មានសភាពល្អប្រសើរ ប៉ុន្តែវានៅជាការលំបាកសម្រាប់ជនចាស់ជរា និងប្រជាជនមួយចំនួនដែលមានជីវភាពខ្សត់ខ្សោយ។ អាស្រ័យហេតុដូចនេះ វីតាល់ និងមីជាតិ នៅតែបន្តរៀបចំកម្មវិធីនេះឡើងដោយសង្ឃឹមថា នឹងអាចចូលរួមចំណែក សម្រួលនូវការលំបាកមួយចំនួន និងផ្តល់ភាពកក់ក្តៅជូនដល់លោកតា លោកយាយ និងប្រជាជនដែលជួបការលំបាក បានមួយរយៈខ្លីផងដែរ។”
ចំពោះអំណោយ ដែលក្រុមហ៊ុនបានចែកជូននាថ្ងៃនេះរួមមាន អង្ករ ទឹកពិសាវីតាល់ មីជាតិ ត្រីខ អាវ ក្រមា ថ្នាំសង្កូវ និងថវិកាមួយចំនួនផងដែរ។ ចាស់ជរា និងប្រជាជន ដែលចូលរួមឱកាសនោះ ភាគច្រើនប្រកបរបរតិចតួច ដើម្បីជីវភាពប្រចាំថ្ងៃ តួយ៉ាងធាក់ស៊ីក្លូ លក់អំបោស សំលៀងកាំបិត ឬកាន់ជញ្ជីងថ្លឹងគីឡូជាដើម។
គួរបញ្ជាក់ផងដែរ កម្មវិធីសប្បុរសធម៌ “ចែករំលែកផ្តល់ភាពកក់ក្តៅ” ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយក្រុមហ៊ុនទឹកពិសាវីតាល់ តាំងពីឆ្នាំ២០១៦ មកម៉្លេះ ហើយមកដល់សព្វថ្ងៃនេះ គឺមានរយៈពេល៦ឆ្នាំ ។ ចំពោះក្រុមហ៊ុនមីជាតិ នេះក៏ជាឆ្នាំទី៣ ដែលក្រុមហ៊ុនមីជាតិ បានចូលរួមសហការ ជាមួយក្រុមហ៊ុនវីតាល់ ក្នុងការរៀបចំកម្មវិធីនេះឡើង ។ ក្រុមហ៊ុនទាំងពីរ ប្តេជ្ញាបន្តសកម្មភាពរបស់ខ្លួន នៅក្នុងការងារ សប្បុរសធម៌ ក្នុងបុព្វហេតុជួយដល់សង្គម លើគ្រប់វិស័យឲ្យកាន់តែទូលំទូលាយបន្តទៅទៀត ដើម្បីសង្គមជាតិយើងទាំងអស់គ្នា ក្នុងស្មារតី ខ្មែរតែមួយជួយគ្នា ក្នុងគ្រាលំបាក ៕