ព័ត៌មានជាតិ

WB អនុម័តជំនួយ ហិរញ្ញាប្បទាន ជិត៧០លានដុល្លារ ដើម្បីបង្កើនការរៀន និងលទ្ធភាព ទទួលបានការ អប់រំនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានអនុម័តជំនួយហិរញ្ញប្បទាន ចំនួន៦៩.២៥ លានដុល្លារ ដើម្បីជួយកម្ពុជា ក្នុងការធ្វើឲ្យកាន់តែប្រសើរ នូវលទ្ធភាពប្រកប ដោយសមធម៌ សម្រាប់ការទទួលបានការ អប់រំជាមូលដ្ឋាន និងក្នុងការឆ្លើយតបឲ្យបានរហ័ស ទៅនឹងវិបត្តិនានាដែលប៉ះពាល់ ដល់ប្រព័ន្ធអប់រំក្នុងប្រទេស ។

យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក នាពេលថ្មីៗនេះ បានបញ្ជាក់ថា កញ្ចប់មូលនិធិថ្មីនេះ រួមមានទឹកប្រាក់ ចំនួន៦០ លានដុល្លារ ដែលធនាគារពិភពលោក នឹងផ្តល់ជាឥណទានតាមរយៈសមាគម អភិវឌ្ឍន៍អន្តរជាតិ (International Development Association/IDA) ចំនួន៩.២៥លានដុល្លារទៀត ដែលជាជំនួយឥតសំណង ពីអង្គការ ភាពជាដៃគូសាកលដើម្បីការអប់រំ។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រង នៃធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «កម្ពុជាពិតជាបានសម្រេច សមិទ្ធផលធំៗច្រើន នៅក្នុងការពង្រីកលទ្ធភាព ទទួលបានការអប់រំ ប៉ុន្តែបញ្ហានៅបន្តមាននៅឡើយ ពាក់ព័ន្ធទៅនឹងលទ្ធភាពទទួលបាន ការអប់រំប្រកបដោយសមធម៌ ជាពិសេសសម្រាប់កុមារច្រើនក្រុម មានដូចជា កុមាររស់នៅតាមតំបន់ ដាច់ស្រយាល, កុមារក្នុងគ្រួសារក្រីក្រ ឬ ក្នុងបណ្តាសហគមន៍ជនជាតិដើមភាគតិច និងកុមារមានពិការភាព» ។

ដោយឡែក លោកស្រី អាលីស អលប្រាយ (Alice P. Albright) នាយិកាប្រតិបត្តិនៃអង្គការ ភាពជាដៃគូសាកលដើម្បីការអប់រំ បានថ្លែងថា ការផ្តល់ជំនួយហិរញ្ញវត្ថុនេះ គឺចំពេលដ៏សំខាន់ ក្នុងខណៈដែលវីរុសបំប្លែងនៃកូវីដ-១៩ កំពុងបង្កផលប៉ះពាល់កាន់តែអាក្រក់ ទៅលើប្រព័ន្ធអប់រំ នៅទូទាំងពិភពលោក ។ លោកស្រីសង្ឃឹមថា ជំនួយទាំងនេះ នឹងជួយកម្ពុជាឲ្យបន្តពង្រីកលទ្ធភាព ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព និងធានាយ៉ាងណាឲ្យកុមារ ក្នុងក្រុមងាយរងគ្រោះបំផុតបានចូលសាលារៀន និងទទួលចំណេះដឹងផង។

សូមបញ្ជាក់ថា គម្រោងនេះមានសកម្មភាពធំៗ ដូចជា ការអនុវត្តកម្មវិធីគ្រប់គ្រងនៅតាមសាលារៀន, ការផ្តល់ការអភិវឌ្ឍសមត្ថភាពរបស់គ្រូបង្រៀន ថ្នាក់ដឹកនាំសាលា គ្រូបណ្តុះបណ្តាល និងបុគ្គលិកសិក្សា, និងការកែលម្អបរិយាកាសរៀន ឲ្យប្រសើរឡើងថែមទៀត។ គម្រោងនេះ មានការសាងសង់ និងស្តារជួសជុលឡើងវិញ នូវអគារសិក្សា, មន្ទីរពិសោធន៍វិទ្យាសាស្ត្រ, ស្ថាប័នបណ្តុះបណ្តាលគ្រូ និង សាលាអប់រំពិសេស ហើយនិង តម្រូវការទិញគ្រឿង បរិក្ខារបច្ចេកវិទ្យាសម្រាប់ការអប់រំ និងការជួយដល់សិស្សមានពិការភាព រាប់ទាំងការវាយតម្លៃលើសភាព នៃពិការភាពនីមួយៗផង។ ក្រៅពីនេះ គម្រោងនៅមានការសាកល្បងកម្មវិធីអប់រំបច្ចេកវិទ្យាមួយ (EdTech) សម្រាប់មុខវិជ្ជាគណិតសាស្ត្រ ៕

To Top