ព័ត៌មានជាតិ

អន្ទាក់ជាង៦ម៉ឺន ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងដកហូតកាំភ្លើងច្នៃ៧៥៨គ្រឿង នៅឆ្នាំ២០២១

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា អន្ទាក់ ចំនួន ៦១ ៦១១ ត្រូវដោះចេញពីតំបន់ការពារធម្មជាតិនៅឆ្នាំ ២០២១ និងកាំភ្លើងកែច្នៃ ៧៥៨ គ្រឿងត្រូវបានដកហូតដែរ ហើយក៏មានសត្វព្រៃជាច្រើនត្រូវបានសង្គ្រោះជីវិតផងដែរ ។


តាមរយៈគេហទំព័រហ្វេសប៊ុកក្រសួងបរិស្ថាននាថ្ងៃ១៩ មករា លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃនៅកម្ពុជាមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមជាមួយអង្គការអភិរក្សជាដៃគូ និងសហគមន៍តំបន់ការពារ ធម្មជាតិបានដោះអន្ទាក់បានចំនួន ៦១ ៦១១ អន្ទាក់ពីក្នុងតំបន់ការពារធម្មជាតិដែលបានជួយសង្គ្រោះសត្វព្រៃមិនឲ្យជាប់អន្ទាក់របស់ព្រានព្រៃ និងគ្រោះថ្នាក់ដល់មនុស្ស»។

លោកបន្ដថា បរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ២០២១ មានចំនួនកើនឡើងប្រមាណជាង២០% បើ ប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០ អន្ទាក់។ លោកថា អន្ទាក់ដែលត្រូវបានដោះចេញ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃ ព្រោះមានប្រភេទអន្ទាក់ឆក់ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទផ្សេងៗទៀត។

លោកបន្ថែមថា អន្ទាក់នៅតែជាការគំរាមកំហែងយ៉ាងខ្លាំង ដល់សត្វព្រៃគ្រប់ប្រភេទជាពិសេសសត្វជើងចំពាម ហើយមិនមែនត្រឹមតែកម្ពុជាទេមានបញ្ហាប្រឈមនឹងវត្តមានអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ គឺតំបន់អភិរក្សនៅតាមបណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ីក៏ទទួលរងនូវការគំរាមកំហែងដោយសារតែអន្ទាក់ ។ អន្ទាក់ជាច្រើនលានត្រូវបានគេដឹងថា បានដាក់នៅក្នុងតំបន់អភិរក្សក្នុងប្រទេសវៀតណាម កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។

លោកបានថ្លែងទៀតថា កត្តាដែលគំរាមកំហែងខ្លាំងចំពោះសត្វព្រៃ គឺអន្ទាក់ដែលជាឃាតកលាក់មុខ។ ដោយសារតែសម្ភារសម្រាប់ធ្វើអន្ទាក់មានលក់នៅលើទីផ្សារ និងមានតម្លៃថោក ចំនួនអន្ទាក់ត្រូវបានប៉ាន់ស្មានថា មានការកើនឡើង ហើយនៅអាស៊ីមានអន្ទាក់ ប្រមាណជាង ១២លានអន្ទាក់ត្រូវបានលួចដាក់ក្នុងតំបន់ការពារនៅទូទាំងតំបន់អាស៊ី៕

To Top