ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅម៉ោងប្រមាណជាង ១០ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បាននិងកំពុងទទួលជួបពិភាក្សាការងារអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់ ជាមួយលោក ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្រ្តីការបរទេសវៀតណាម ។

តបតាមការអញ្ជើញ របស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម បានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២ ។
សូមបញ្ជាក់ផងដែរថា ខណៈឆ្នាំ២០២២ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២» ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប៊ូយ ថាញ់សឺន មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដែលត្រូវបានកសាងឡើង ដោយឈរលើស្មារតីមិត្តភាព ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-វៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ ប្រជាជនទាំងពីរ ៕

