ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២នេះ បានអនុញ្ញាតឱ្យលោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី KAMEI Haruku ប្រធាន JICA ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែង ការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ (គម្រោងជំនួយ) លើវិស័យធនធានទឹក នាទីស្តីការក្រសួង ។
ជាកិច្ចស្វាគមន៍ លោករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈលោកឯកអគ្គរាជទូត ដែលបាននឹងកំពុងបន្តជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា ដោយផ្តោតសំខាន់លើវិស័យសំខាន់ៗ មួយចំនួនដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត លើគ្រប់វិស័យ ការគាំទ្រដល់វិស័យ សុខាភិបាល ការស្តារ និងលើកកម្ពស់វិស័យអប់រំ ការលើកកម្ពស់ការអភិវឌ្ឍន៍សង្គម និងការពង្រឹងអភិបាលកិច្ចនៅកម្ពុជា ជាពិសេសវិស័យធនធានទឹក ក៏ត្រូវបានពង្រឹង ពង្រីក និងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។
លោករដ្ឋមន្រ្តី បានជម្រាបជូន លោកឯកអគ្គរាជទូត និងលោកស្រីប្រធាន អំពីសមិទ្ធផល និងការងារ ដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងកិច្ចការងារចំពោះមុខ ក្នុងក្របខណ្ឌវិស័យ ធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយ នូវបញ្ហាប្រឈមក្នុងបរិបទ នៃបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ។
លោក MIKAMI MASAHIRO បានបង្ហាញ នូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារ ដោយផ្ទាល់ជាមួយលោករដ្ឋមន្រ្តី នាពេលនេះ និងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារ លើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេច បាន ក៏ដូចជាកិច្ចការបន្ត ដែលត្រូវអនុវត្ត ក្នុងបេសកកម្មរួមចំណែក ដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច ប្រទេសកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត ។ លោកឯកអគ្គរាជទូត បានជម្រាបជូនលោករដ្ឋមន្រ្តី នូវការប្តេជ្ញាចិត្ត បន្តរួមចំណែកជួយរបស់រាជរដ្ឋាភិបាលជប៉ុន ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខ ។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានជួយដល់កម្ពុជាលើការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យធនធានទឹក ដែលជាជំនួយឥតសំណង និងក្រោមហិរញ្ញប្បទានសម្បទាន ។
គម្រោងមួយចំនួនត្រូវបានបញ្ចប់ និងមួយចំនួនទៀតកំពុងដំណើរការ មានដូចជា គម្រោងប្រព័ន្ធធារាសាស្រ្ត កណ្តាលស្ទឹង ស្ថិតក្នុងខេត្តកណ្តាល, គម្រោងកម្មវិធីកែលម្អ សមត្ថភាពទប់ទល់នឹងគ្រោះធម្មជាតិ បង្កឡើងដោយការប្រែប្រួល អាកាសធាតុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា (ការផ្តល់គ្រឿង ចក្រធុនធ្ងន់), គម្រោងប្រព័ន្ធធារាសាស្រ្តធ្លាម្អម ស្ថិតក្នុងខេត្តពោធិ៍សាត់, គម្រោងប្រព័ន្ធធារាសាស្រ្តម្កាក់ ស្ថិត ក្នុងខេត្តសៀមរាប, គម្រោងសេវាបច្ចេកទេស ប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា, គម្រោងប្រើប្រាស់ធនធានទឹក នៅតាមអាងស្ទឹង, គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ខាងលិចទន្លេសាប, គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ប៉ែកនិរតីរាជធានីភ្នំពេញ និងបណ្តាគម្រោងថ្មីៗ មួយចំនួនទៀត ដែលបាននឹងកំពុងអនុវត្តក្នុងឆ្នាំ ២០២២ ហើយនឹងត្រូវអនុវត្តនា បណ្តាឆ្នាំខាងមុខ ទៀត ដែលរាជរដ្ឋាភិបាលជប៉ុនបានអនុម័តរួចហើយ ៕