នយោបាយ

សម្តេចតេជោ លើកពីគម្រោង តភ្ជាប់ផ្លូវដែកកម្ពុជា-វៀតណាម នៅមុខរដ្ឋមន្រ្តីការបរទេស វៀតណាម (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកពីគម្រោងការតភ្ជាប់ផ្លូវដែក រវាងកម្ពុជា និងវៀតណាម នៅចំពោះមុខ លោកប៊ូយ ថាញ់សឺន (Bùi Thanh Sơn) រដ្ឋមន្ត្រីការបរទេសវៀតណាម ។ ក្នុងន័យនេះ សម្តេចចង់ឃើញ ពីការជំរុញតភ្ជាប់ផ្លូវដែករវាងកម្ពុជា-វៀតណាមឆាប់ៗ ។

ក្នុងជំនួបជាមួយលោក ប៊ូយ ថាញ់សឺន នាថ្ងៃ២០ មករា នេះ សម្ដេចតេជោបានមានប្រសាសន៍ ពីគម្រោងនៃការតភ្ជាប់ផ្លូវដែកកម្ពុជា និងវៀតណាម ។ ដោយសម្ដេចចង់ឃើញ ជំរុញការតភ្ជាប់ផ្លូវដែកនេះ ដែលនឹងអាចជួយសម្រួល ដល់ការតភ្ជាប់សេដ្ឋកិច្ច រវាងប្រទេសទាំងពីរផងដែរ ។

ក្នុងជំនួបនេះ ភាគីទាំង២ ក៏បានលើកពីកំណើនពាណិជ្ជកម្ម នាពេលបច្ចុប្បន្ន ថាកើនឡើងយ៉ាងខ្ពស់ បើប្រៀបធៀបទៅឆ្នាំមុន។

ផ្លូវដែកតភ្ជាប់ពីខេត្តទៅខេត្តមួយ ដែលជាខេត្តគោលដៅ ហើយនិងពីកម្ពុជាទៅកាន់ថៃ-វៀតណាម គឺជាការយកចិត្តទុកដាក់ ពីសម្តេចតេជោ ទៅលើប្រជាពលរដ្ឋ។ ថ្មីៗនេះ ក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោក្នុងនាម រាជរដ្ឋាភិបាល បានលើកពីគ្រោងការបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាបឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើន សមត្ថភាពការដឹកជញ្ជូន សំដៅរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម។

ចំណែកក្នុងជំនួបពិភាក្សាការងារ ជាមួយបណ្តារដ្ឋមន្ត្រី ទេសចរណ៍អាស៊ាន ដឹកនាំដោយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន នៅ១៩ មករា សម្តេចក៏បានផងដែរថា ក្រៅពីកម្ពុជាកំពុងពិចារណា លើការកសាងផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅវៀតណាម កម្ពុជាក៏គ្រោងភ្ជាប់ទៅថៃដែរ៕

To Top