ភ្នំពេញ៖ លោក សព បូរ៉ល វុនតេលេស តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងប្រធានគណៈកម្មការអឺរ៉ុប បានទទួលស្គាល់ថា វិបត្តិនៅមីយ៉ាន់ម៉ា ពិតជាមានភាពស្មុគស្មាញ និងពិបាកដោះស្រាយ។ ជាមួយនឹងការទទួលស្គាល់នេះ លោកក៏សម្តែងការព្រួយបារម្ភ ពាក់ព័ន្ធនឹងវិបត្តិដែលកំពុងតែកើតឡើង នៅក្នុងប្រទេសមួយនេះដែរ ។
វិបត្តិនយោបាយ នៅមីយ៉ាន់ម៉ា មានសភាពការណ៍កាន់តែតានតឹងទៅៗ ចាប់តាំងពីមានការធ្វើ រដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានសូជី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។
ក្នុងកិច្ចសន្ទនា តាមទូរស័ព្ទ ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆាំ្ន២០២២ លោក សព បូរ៉ល វុនតេលេស បានអបអរសាទរកម្ពុជា ដែលបានចូលកាន់តំណែងប្រធាន អាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងការតែងតាំង លោក ប្រាក់ សុខុន ជាប្រេសិតពិសេស របស់អាស៊ានស្តីពីមីយ៉ាន់ម៉ា។
ក្នុងជំនួបនេះ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបរូបនេះ បានទទួលស្គាល់ថា «ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានភាពស្មុគស្មាញ និងពិបាក។ លោក ក៏បានសម្តែងនូវការព្រួយបារម្ភ ពាក់ព័ន្ធនឹងវិបត្តិ ដែលកំពុងតែកើតឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានស្វែងរកផែនការ របស់កម្ពុជា ដើម្បីដោះស្រាយស្ថានការណ៍»។
ជាការឆ្លើយតប ប្រាក់ សុខុន បានលើកឡើងពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា កាលពីថ្ងៃ៧-៨ មករា កន្លងមក ដែលជាការបោះមួយជំហានទៅមុខ ក្នុងការព្យាយាមរកផលចំណេញ លើការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច (5PC) ។ ដំណើរទស្សនកិច្ចនេះ បាននាំមកនូវលទ្ធផលវិជ្ជមានជាច្រើន រួមមាន ការសន្យា របស់ក្រុមប្រឹក្សារដ្ឋបាល រដ្ឋក្នុងការពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំនេះ និងបញ្ចប់អំពើហិង្សា គាំទ្រប្រេសិតពិសេសដើម្បីអនុវត្តអាណត្តិ និងអាចជួបជាមួយ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រួលដល់ការជួបប្រជុំ ជាមួយភាគីពាក់ព័ន្ធ ដើម្បីធានានូវការអាចទទួលបាន ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងគ្មានការរើសអើង សម្រាប់អ្នកដែលត្រូវការជំនួយជា ចាំបាច់ ។
លោក ប្រាក់ សុខុនបន្តថា ការរៀបចំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេស ស្ដីពីមីយ៉ានម៉ា និងសំណើគំនិតផ្តួចផ្តើមចំនួនពីរដែលសម្តេចតេជោ បានប្រកាសថាជាសកម្មភាពតាមដានបន្ត ពីដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់មីយ៉ាន់ម៉ា នាពេលថ្មីៗនេះ រួមមាន ការបង្កើតយន្តការមួយ ដែលមានសមាសភាពមកពី អាស៊ាន Troika និងអគ្គលេខាធិការអាស៊ាន ដើម្បីសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តការព្រមព្រៀង ជាឯកច្ឆន្ទបីចំណុច (5PC) និងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីមធ្យោបាយចែកចាយជំនួយមនុស្ស ធម៌នៅមីយ៉ាន់ម៉ា។
លោក ប្រាក់ សុខុន ក៏បានជម្រាបជូន អំពីផែនការបង្កើតក្រុម «មិត្តរបស់មីយ៉ាន់ម៉ា ដែលជាគំនិតផ្តួចផ្តើម របស់ប្រទេសព្រុយណេដារូស្សាឡាម ដោយផ្តោតលើជំនួយ មនុស្សធម៌ និងស្វែងរកការគាំទ្រ និងការចូលរួមពីសហភាពអឺរ៉ុប។
ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីដោះស្រាយ វិបត្តិនៅមីយ៉ាន់ម៉ា ត្រូវបានអនុវត្តស្របតាមការព្រមព្រៀង ជាឯកច្ឆន្ធប្រាំចំណុច (5PC) និងធម្មនុញ្ញអាស៊ាន (ASEAN Charter) ហើយផ្អែកលើបទពិសោធន៍ ពីអតីតកាលរបស់កម្ពុជា៕