ភ្នំពេញ៖ ដើម្បីកែប្រែស្ថានការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកមួយ នៃសមាគមអាស៊ាន មេដឹកនាំ កម្ពុជា-ឥណ្ឌូណេស៊ី បាន លើកយកនិងបង្ហាញពីគោលគំនិត ចំនួនពីរ ក្នុងការដោះស្រាយវិបត្តិដ៏ស្មុគស្មាញនេះ។
នៅក្នុងជំនួបពិភាក្សាការងារ តាមទូរស័ព្ទ រវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី នៅថ្ងៃទី២១ មករា ឆ្នាំ២០២២នេះ សម្ដេចតេជោបានគូសបញ្ជាក់អំពី ការងារ ដែលពាក់ព័ន្ធនឹងយន្តការ ដែលសម្ដេចតេជោបានលើកជាគំនិត នៅក្នុងការបង្កើតជាយន្តការ អាស៊ាន-ត្រយការ ដើម្បីធ្វើយ៉ាងណាចូលរួមជួយដល់ មីយ៉ាន់ម៉ា ។
ដោយឡែក លោកចូកូ វីដូដូ បានបង្ហាញនូវ គំនិតផ្ដួចផ្ដើម ចង់បង្កើតក្រុមអ្នកសង្កេតការណ៍ ដោយប្រើប្រាស់មន្ត្រីស្ថានទូត របស់បណ្ដាប្រទេសអាស៊ាន ប្រចាំនៅទីក្រុងយ៉ាំងហ្គូន នៃប្រទេសមីយ៉ាន់ម៉ានេះ ។
សូមរំលឹកថា បន្ថែមពីលើគំនិតផ្ដួចផ្ដើម ឲ្យមានការកែលម្អស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងដោយសម្លឹងឃើញថា វិបត្តិនៅក្នុងប្រទេសនេះ មិនអាចបញ្ចប់ ក្នុងឆ្នាំ២០២២បាន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឲ្យមានការបង្កើត នូវយន្តការត្រ័យការ ដែលមានសមាសធាតុមកពី អតីតប្រធានអាស៊ាន គឺព្រុយណ ប្រធានបច្ចុប្បន្នអាស៊ានគឺកម្ពុជា និងអនាគតប្រធាន អាស៊ាន គឺឥណ្ឌូនេស៊ី បូកជាមួយនឹងលេខាធិដ្ឋាន អាស៊ាន ៕