ភ្នំពេញ ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានថ្លែងថា ស្រុកខ្សាច់កណ្ដាលទទួលបាន ODF ស្របតាមគោលការណ៍ណែនាំ ក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រជាពលរដ្ឋយល់ដឹងពីសុខភាព និងអនាម័យ ព្រមទាំង បញ្ឈប់ការបន្ទោរបង់ ពាសវាលពាសកាល ឬទីសាធារណៈ ហើយងាកមកប្រើប្រាស់បង្គន់អនាម័យបាន ១០០ភាគរយ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តកណ្ដាល។
ក្នុងឱកាសចុះពិនិត្យមើលផ្ទាល់ រួមនឹងការវាយតម្លៃ ស្ដីពីការបញ្ឈប់ ការបន្ទោរបង់ពាសវាលពាសកាល ODF ថ្នាក់ស្រុក ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ លោក នុត ពុធដារ៉ា បានបញ្ជាក់ថា «ស្រុកខ្សាច់កណ្ដាល ទទួលបាន ODF ស្របតាមគោលការណ៍ ណែនាំរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្ដាល មានការយល់ដឹងពីសុខភាព អនាម័យខ្ពស់ និងបានបញ្ឈប់ការបន្ទារបង់ ពាសវាលពាសកាល ឬតាមទីសាធារណៈផ្សែងៗ ងាកមកការប្រើប្រាស់បង្គន់ អនាម័យវិញ បាន ១០០ភាគរយ ហើយគ្មានការបន្ទោរបង់ ពាសវាលពាសកាល គ្រប់ក្រុមគ្រួសារទាំងអស់ បានទុកដាក់លាមកកុមារ ទៅក្នុងបង្គន់អនាម័យខ្លួនឯង ឬបង្គន់អនាម័យរួម ហើយសហគមន៍របស់ស្រុក បានផ្ដួចផ្ដើម និងពង្រឹងការអនុវត្តសកម្មភាព ទាំងផ្លូវការ ឬមិនផ្លូវការ ក្នុងការទប់ស្កាត់ ទៅនឹងការបន្ទោបង់ ពាសវាលពាសកាលផងដែរ»។
លើសពីនេះទៀត លោកអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់អាជ្ញាធរ និងមន្រី្តរដ្ឋបាល ទាំងរដ្ឋបាល ភូមិ-ឃុំ ត្រូវតែបន្តសកម្មភាព បំផុស និងពិនិត្យមើល បន្ថែមទៀត លើបញ្ហាប្រជាពលរដ្ឋដែលរស់នៅតាមផ្ទះលើទឹក និងប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពសាងសង់បង្គន់អនាម័យ ត្រូវរកដៃគូ ឬរកជំនួយពីអង្គការនានា ដើម្បីចូលរួមសហការកសាងបង្គន់ជូនពួកគាត់ ដើម្បីកាត់បន្ថយការបន្ទារបង់ ពាសវាលពាសកាល បានកាន់តែល្អប្រសើរបន្ថែមទៀត។
នាឱកាសនោះដែរ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានទទួលការ សម្រេចបាននូវការបញ្ឈប់ ការបន្ទារបង់ពាសវាលពាសកាល ODF ១០០ភាគរយ មានចំនួន ៩៣ភូមិ ស្មើនឹង ៣០,២៤១ ខ្នងផ្ទះ ដែលបានប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន ចំនួន២៩,៥៤២ និងបានប្រើប្រាស់រួមគ្នា ចំនួន៦១១ ៕