ភ្នំពេញ ៖ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា នៅក្នុងបេសកកម្មការងារ សិទ្ធិមនុស្ស នាពេលកន្លងមក ដោយទទួល បានសមិទ្ធផលជាច្រើន។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កែវ រ៉េមី រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី២១ មករា លោក ហ្សាក់ ប៉ឺឡេ បានថ្លែងថា ការងារសិទ្ធិមនុស្ស គឺជាការងារមួយដែលមានការពាក់ព័ន្ធជាអន្តរវិស័យ និងមិនមានភាព ងាយស្រួលនោះទេ ដែលទាមទារនូវការ យកចិត្តទុកដាក់ខ្ពស់។
លោក បញ្ជាក់ថា «សូមវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងបេសកកម្មការងារសិទ្ធិមនុស្សនាពេលកន្លងមក ដោយទទួលបានសមិទ្ធផល ជាច្រើន»។

ជាងនេះទៅទៀត លោក ឯកអគ្គរដ្ឋទូត បានរំពឹងថា នឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ និងប្រសើរឡើងថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងបារាំង ក្នុងវិស័យសិទ្ធិមនុស្ស។
នាឱកាសនោះ លោក កែវ រ៉េមី បានលើកឡើងពីវឌ្ឍនភាពដ៏ល្អប្រសើរ នៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសក្នុងកំឡុងពេលនៃ រីករាលដាលនៃជំងឺកូវីដ-១៩។

លោក បានបន្ថែមថា បេសកកម្មការងារ និងសមិទ្ធផលស្នាដៃរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការងារសរសេររបាយការណ៍ជាតិ សិទ្ធិមនុស្ស ការងារស៊ើបអង្កេត យន្តការទទួល និងដោះស្រាយពាក្យបណ្ដឹង ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស និងការផ្តល់ជំនួយផ្នែក ច្បាប់ដោយមិនគិតថ្លៃ៕
