នយោបាយ

យុទ្ធសាស្រ្តដង្កៀប ក្នុងការទប់ស្កាត់ឥទ្ធិពលចិន នៅក្នុងតំបន់ ដោយយកបញ្ហាសមុទ្រចិនខាងត្បូង និងទន្លេមេគង្គរបស់អាមេរិក!

         ការលូកដៃកកូរយ៉ាងសកម្មរបស់អាមេរិក ក្នុងសមុទ្រចិនខាងត្បូង និងក្រោយមកមានបញ្ហាទន្លេមេគង្គទៀត បានធ្វើឱ្យអ្នកកាន់អំណាចរបស់ចិន មានឥរិយាបថនយោបាយមុតមាំឡើង និងប្រតិកម្មខ្លាំងដោយមិនចុះញ៉ម រាថយឡើយ!។ ជំហានដំបូងដែលជាលេស(Pretext)របស់អាមេរិក គឺការលើកទឹកចិត្ត និងមានការជំរុញយ៉ាងខ្លាំងមកលើកិច្ចសហប្រតិបត្តិការរវាងអាមេរិកជាមួយប្រទេស ដែលស្ថិតនៅភាគខាងក្រោមរបស់ដងទន្លេមេគង្គ ដែលសកម្មភាពមួយនេះ ធ្លាប់បានធ្វើឱ្យអាជ្ញាធរចិន មានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាទីបំផុតនោះ!។

          អនុលោមទៅតាមការសិក្សាស្រាវជ្រាវរបស់លោក John Lee ដែលជាភ្នាក់ងារជាន់ខ្ពស់នៅក្នុងវិទ្យាស្ថានCenter for independent studies ធ្វើការវិភាគ វាយតម្លៃថា បន្ទាប់ពីសមុទ្រចិនខាងត្បូងមក គឺនៅមានវិធានទីពីរមួយទៀត ដែលជាភាពអនុគ្រោះរបស់អាមេរិក ក្នុងការលូកដៃចូលមកក្នុងតំបន់ដែលអ្នកទាំងឡាយមើលមិនឃើញថា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនោះ ដោយសកម្មភាពមួយនេះមានចរិតយុទ្ធសាស្រ្ត មនុស្សធម៌ និងព្រមទាំងមានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ ក្នុងការជួយសម្រួល និងស្ដារឥទ្ធិពលរបស់អាមេរិកឡើងវិញ ទាំងនៅក្នុងតំបន់ និងលើសកលលោកនោះ!។

          យោងទៅតាមសេចក្ដីបរិយាយរបស់លោក John Lee នៅលើទស្សនាវដ្ដី Foreign Affairs នោះ គឺតំបន់ទន្លេមេគង្គខាងក្រោម (Lower Mekong) បាននិងកំពុងមានភាពទោមនស្សយ៉ាងខ្លាំងចំពោះអំពើទាំងឡាយរបស់ចិន ដែលមានសកម្មភាពប្រកបទៅដោយភាពអនាធិបតេយ្យ ធ្វើយ៉ាងផ្ដេសផ្ដាស ស្រេចតែចិត្តមកលើតំបន់ទន្លេមេគង្គខាងលើ (Upper Mekong) ដែលអំពើទាំងនេះ បានបង្កឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិកររាប់លាននាក់ ដែលរស់នៅតំបន់មេគង្គក្រោម ដោយសំណង់វារីអគ្គិសនីនោះ(Sic)!។

          តាមរយៈការអះអាងរបស់លោក John Lee គឺក្នុងករណីដែលសហរដ្ឋអាមេរិក មានបំណងយ៉ាងពិតប្រាកដក្នុងការចង់វិលមកពង្រឹងអានុភាព ពង្រីកឥទ្ធិពល និងពង្រាយវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីនេះ! គឺអាមេរិក ច្បាស់ជានិងសម្រេចបាននូវលទ្ធផលយ៉ាងវិជ្ជមានច្រើនទាំងផ្នែកនយោបាយការទូត យុទ្ធសាស្រ្តសង្គម ជាពិសេស គឺដណ្ដើមបានបេះដូងពីប្រជាជនទាំងអស់ ដែលរស់នៅតាមដងទន្លេមេគង្គក្រោម ដោយតថភាពបំផុតនោះ!។

          ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានបោះជំហានយ៉ាងវែង និងរឹងមាំបំផុតក្នុងការដាច់ខាត នៅក្នុងបញ្ហារបស់សមុទ្រចិនខាងត្បូង ដែលសកម្មភាពទាំងអស់នេះបានធ្វើឱ្យចិនមានការបារម្ភ ព្រមទាំងមានការយកចិត្តទុកដាក់ជាទីបំផុត!។ ការប្ដេជ្ញាម៉ឺងមាត់នៃនយោបាយការទូតរបស់លោកស្រី Hillary Clinton គឺជាកាយវិការមួយយ៉ាងច្បាស់លាស់ ដែលគ្មានការសម្របសម្រួល ឬការសម្បទានណាមួយ នៅពេលដែលលោកស្រីបានប្រកាសយ៉ាងឱឡារិកថា ដើម្បីជាInternational interests គឺអាមេរិកត្រូវជួយសម្រួល ធ្វើជាអាជ្ញាកណ្ដាលក្នុងការស្វែងរកនូវគ្រប់ដំណោះស្រាយ ក្នុងការទំនាស់វិវាទរវាងចិនជាមួយប្រទេសអាស៊ីជាច្រើនផ្សេងទៀត អំពីអធិបតេយ្យភាពលើបញ្ហាកោះ និងការពារសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍នៅលើសមុទ្រចិនខាងត្បូងនោះ(Sic)!។

          ជាការពិត សហរដ្ឋអាមេរិកបាននាំមកតំបន់អាស៊ីអាគ្នេយ៍ដូចអ្វីដែលលោកស្រី Hillary Clinton បានសន្យាពីខែមករា ដើមឆ្នាំ២០១០មកម្ល៉េះ!ក៏ប៉ុន្តែនៅមានចំណុចសំខាន់មួយចំនួនដែលនៅមានចរិតរសើបបំផុតនោះ ដែលគ្មាននរណាចាប់អារម្មណ៍ ហើយដែលមានផលប៉ះពាល់ធំដែលអាចធ្វើឱ្យចិនមានការយកចិត្តទុកដាក់ និងបារម្ភខ្លាំងនោះ គឺការចូលរួមជាEngagement របស់អាមេរិកចូលក្នុងតំបន់ទន្លេមេគង្គនេះឯង!។

          ទន្លេមេគង្គមានប្រវែង ២៧០០ miles ដែលទន្លេមួយនេះមានប្រភពដើមចាប់ពីតំបន់ភ្នំTibet រត់តាមទន្លេយូណានរបស់ចិន ចូលមកភូមា បន្ទាប់មកថៃ ហូររត់កាត់ឡាវ ឆ្លងចូលកម្ពុជា រត់រហូតចុះទៅដែនដីសណ្ដរវៀតណាមភាគខាងត្បូង រួចហូរចេញទៅសមុទ្រចិនខាងត្បូង!។ ជាតថភាព ក្នុងផលប្រយោជន៍ជាតិ ចិនបានកសាងទំនប់វារីអគ្គិសនីជាច្រើនលើដងទន្លេមេគង្គ ក្នុងទឹកដីរបស់ចិន ហើយនឹងកសាងទំនប់វារីអគ្គិសនីថែមទៀត ដែលសំណង់ទាំងនេះនឹងចប់ជាស្ថាពរនៅក្នុងបណ្ដាឆ្នាំខាងមុខ! ហើយក្នុងពេលបច្ចុប្បន្ននេះ កម្រិតទឹកនៅក្នុងទន្លេមេគង្គក្រោម បានចុះទាបក្នុងកម្រិតមួយគួរឱ្យបារម្ភជាទីបំផុត ដែលកម្រិតទឹកចុះទាបនេះ បាននិងកំពុងយាយីមកលើជីវភាពរស់នៅរបស់ប្រជាជនប្រមាណ ៧០លាននាក់ ដែលបានរស់នៅតាមតាមដងទន្លេមេគង្គក្រោមនោះ។ មួយភាគធំនៃប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គក្រោមនេះ ប្រកបមុខរបរកសិកម្ម អ្នកចំការ ឬជាអ្នកនេសាទនោះ!។ បណ្ដាប្រទេសដែលស្ថិតនៅក្នុងតំបន់ទន្លេមេគង្គក្រោមនេះ ពិសេសគឺវៀតណាម បានធ្វើការតិទៀនយ៉ាងខ្លាំងក្លាមកលើរាល់អំពើរបស់អាជ្ញាធរចិន ដែលគិតតែអំពីការកសាងទំនប់វារីអគ្គិសនី ដើម្បីស្រូបយកផលចំណេញសម្រាប់ប្រជាជនរបស់ខ្លួន! ទុកឱ្យប្រជាជនដទៃទៀតដែលរស់នៅតាមដងទន្លេមេគង្គក្រោមស្លាប់ ដោយសារមកពីការប្រែប្រួលរបស់ចរន្តទឹក និងការអត់ត្រី(Sic)!។

          តែជាតថភាពរហូតមកដល់ថ្ងៃនេះ នៅឥតទាន់មានឯកសារវិទ្យាសាស្រ្ត ឬភស្តុតាងណាមួយដែលអាចបង្ហាញ ក្នុងការអះអាងយ៉ាងដាច់ខាតថា មកអំពីទំនប់វារីអគ្គិសនីទាំងនេះរបស់ចិន  ឬមកអំពីមានគោលនយោបាយទឹករបស់អាជ្ញាធរចិននេះហើយ ដែលជាមូលហេតុចម្បងក្នុងការនាំឱ្យកម្រិតទឹកចុះទាបនៅក្នុងតំបន់ទន្លេមេគង្គក្រោមនេះដែរឬទេ? ក៏ប៉ុន្តែប្រការដែលអាជ្ញាធរចិន មិនអនុញ្ញាតឱ្យមានការត្រួតពិនិត្យមកលើបណ្ដាទំនប់វារីអគ្គិសនីរបស់ចិន  ក៏ដូចជាឥរិយាបថមើលស្រាលមកលើពួកប្រទេសតូចៗដែលចេះតែមានការតវ៉ាអំពីភាពមិនប្រក្រតីក្នុងតំបន់ទន្លេមេគង្គក្រោមនេះ ទើបបានធ្វើឱ្យពួកប្រទេសមេគង្គក្រោមមានការបារម្ភ និងយល់ថា ចិនមានចរិតរឹងរូស មើលស្រាល និងប្រកបទៅដោយភាពUnfair treatment! ហើយពួកប្រទេសមេគង្គក្រោមនេះ បាននិងកំពុងបារម្ភ គិតថា ក្នុងអនាគតជោគវាសនាស្លាប់រស់នៃប្រភពទឹកដែលផ្ដល់ជីវិត និងចិញ្ចឹមពួកគេ ត្រូវបានទន្រ្ទានកាន់កាប់ និងគ្រប់គ្រងទៅដោយក្រសួងធនធានទឹករបស់អាជ្ញាធររបស់ចិននោះ(Sic)!។

               ពួកអ្នកបរិស្ថាននិយម ឬពួកអ្នកសង្កេតការណ៍អំពីគោលនយោបាយទឹករបស់ទន្លេមេគង្គ បានធ្វើការអះអាងថា ចិនត្រូវតែមានគោលនយោបាយមួយសម្រាប់ទន្លេមេគង្គឱ្យបានត្រឹមត្រូវច្បាស់លាស់!។ហើយប្រការដែលចិនមានអាកប្បកិរិយាមើលស្រាល និងគំរាមកំហែងមកលើពួកប្រទេសមេគង្គក្រោមនៅពេលដែលផលប្រយោជន៍សួនតួ ឯកសិទ្ធិរបស់ចិនត្រូវបានប៉ះពាល់ បំពានមកលើនោះ!។ក៏ប៉ុន្តែនៅក្នុងបរិបទថ្មីជាមូលដ្ឋាននេះ ការជួបប្រាស្រ័យទាក់ទងរបស់ចិន ជាមួយប្រទេសជាច្រើននៅអាស៊ីនេះ គឺជាគោលនយោបាយដណ្ដើមយកបេះដូង និងខួរក្បាល(Conquer the heart and nerve ) ហើយដើម្បីអនុវត្តន៍គោលនយោបាយនេះឱ្យបានជោគជ័យ ចិនបានសម្រេចធ្វើខ្លួនទៅជាអ្នកមានចិត្តល្អ Gentlemen agreement មួយ ក្នុងការផ្ដល់ជាហិរញ្ញប្បទាន ឬជាកម្ចីឥណទានមានចរិតអនុគ្រោះ ដោយពុំមានភ្ជាប់នូវទោះបីលក្ខខណ្ឌណាមួយទៅឱ្យបណ្ដារដ្ឋាភិបាលក្នុងទ្វីបអាស៊ី! ជាពិសេស គឺបណ្ដាប្រទេសដូចជាហ្វីលីពីន ថៃ ម៉ាឡេស៊ី ឬឥណ្ឌូនេស៊ីនោះ ដោយពួកប្រទេសទាំងនេះ ជួនពេលខ្លះបានដើរចេញផុតពីតារាវិថី(Orbit )នៃរង្វង់ឥទ្ធិពលរបស់ក្រុងវ៉ាស៊ីនតោន ងាកមករកចិនម្ដងម្កាល ស្របទៅតាមកាលៈទេសៈនៃផលប្រយោជន៍របស់សម័យកាលនីមួយៗនោះ!។

          មុននេះរដ្ឋអំណាចរបស់ ត្រាំ ពុំសូវបានដាក់បញ្ហានេះខ្លាំងដូច្នោះ បច្ចុប្បន្ននៅពុំទាន់វាយតម្លៃថា តើរដ្ឋាភិបាល ប៉ៃដិន មានការប្ដេជ្ញាចិត្តក្នុងការជំរុញអត្ថប្រយោជន៍ថ្មី ក្នុងបញ្ហាទន្លេមេគង្គដែរឬអត់!តែបើសហរដ្ឋអាមេរិកចេះប្រើប្រាស់អាវុធការទូត ដោយយកជីវភាពរស់នៅជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលរស់នៅពឹងផ្អែកលើទន្លេមេគង្គធ្វើជាកម្លាំងសមតាមួយ ដើម្បីផ្ដល់ការគាំទ្រដល់គោលនយោបាយរបស់អាមេរិក ក្នុងការកំហិតដល់មហិច្ឆតាទាំងឡាយរបស់ចិន នៅក្នុងតំបន់គឺជាវិធីសាស្រ្តមួយដ៏ល្អបំផុតរបស់វ៉ាស៊ីនតោន ក្នុងការអនុវត្តន៍គោលនយោបាយទន្រ្ទានកាន់កាប់បេះដូង និងខួរក្បាលរបស់់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គខាងក្រោម ឱ្យធ្វើការគាំទ្រអាមេរិកប្រឆាំងទៅនឹងឥទ្ធិពលនៃកម្លាំងទន់(Soft power) របស់ចិននៅទីនេះ!។

          ប្រការដែលចិនបន្តជំរុញការកសាងទំនប់ទឹកនៅលើដងទន្លេមេគង្គលើ (Upper Mekong)បានធ្វើឱ្យប្រទេសមួយចំនួនដែលស្ថិតនៅតាមដងទន្លេមេគង្គក្រោម(Lower Mekong)មានការមិនសប្បាយចិត្ត ហើយប្រការទោមនស្សនេះ បង្កទៅជាលេសមួយសម្រាប់អាមេរិករៀបចំទៅជា សមរភូមិយុទ្ធសាស្រ្តមួយផ្សេងទៀត ក្រៅពីហេតុការណ៍នៅលើសមុទ្រចិនខាងត្បូងដើម្បីបង្កើតឡើងទៅជាតុល្យភាពកម្លាំងមួយ សម្រាប់តទល់ទៅនឹងឥទ្ធិពលនៃអំណាចទន់របស់ចិនដែលមួយថ្ងៃកាន់តែរីកធំធាត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍និយាយដោយឡែក និងក្នុងតំបន់អាស៊ីនិងពិភពលោកនិយាយជារួមនោះ!។

          ការប្រទូស្តរាយមួយថ្ងៃកាន់តែតានតឹងឡើងៗជុំវិញបញ្ហាទាំងអស់នេះ ស្របពេលដែលអាមេរិកបាននិងកំពុងជំរុញគំនិតផ្ដួចផ្ដើមថ្មីមួយចំនួននៅក្នុងតំបន់ រួមមានការដឹកនាំសមយុទ្ធយោធាចម្រុះសាសន៍ថ្មីៗនេះនៅក្នុងតំបន់ ការធ្វើសមយុទ្ធយោធាខាងកងទ័ពជើងទឹកជាមួយវៀតណាម ការរៀបចំសិក្ខាសាលានៅហាណូយស្ដីពីការចែករំលែកនូវវត្ថុធាតុដើមនុយក្លេអ៊ែរ និងការជូនព័ត៌មានអំពីការRe-engagement របស់អាមេរិកជាមួយនឹងKopassus ដែលជាអង្គភាពទ័ពជំនាញពិសេសរបស់ឥណ្ឌូនេស៊ីនោះ!។

          វេទិកាARFនៅហាណូយ ត្រូវបានបិទបាំង គ្របដណ្ដប់ទៅដោយការប្រកួតប្រជែងគ្នារវាងមហាអំណាចទាំងពីរចិន និងអាមេរិក!ហើយប្រការដែលលោកជំទាវ Hillary Clinton និយាយថា អាមេរិកត្រៀមខ្លួនជាអាជ្ញាកណ្ដាលក្នុងពាក់ព័ន្ធដល់ទំនាស់ វិវាទអំពីអធិបតេយ្យភាពលើដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូងនោះ ត្រូវបានប្រទេសខ្លះសម្ដែងការស្វាគមន៍ ប្រទេសខ្លះមានការថ្លឹងថ្លែង ប្រុងប្រយ័ត្ន និងប្រទេសខ្លះខឹងក្រេវក្រោធ! ហើយដោយឡែកចំពោះរដ្ឋមន្រ្តីការបរទេសចិនវិញ បានចាត់ទុកការលើកឡើងរបស់លោកជំទាវ Hillary Clinton គឺជាអំពើវាយប្រហារមួយមកលើចិន!។

          យុទ្ធសាស្រ្តដង្កៀប (Pincer Strategic )នៃការហ៊ុមព័ទ្ធចិនពីសហរដ្ឋអាមេរិកកាន់តែត្រូវបានលេចធ្លោឡើងតាមរយៈបណ្ដាសកម្មភាពលើដងទន្លេមេគង្គ។ អាចនិយាយបានថា រហូតមកដល់ពេលនេះមានទំនប់វារីអគ្គិសនីក្នុងចំនួន ដែលត្រូវបានកសាងតាមផែនការកំណត់នៅលើដងទន្លេមេគង្គលើ ព្រមទាំងមានទំនប់ទៀតបាននិងកំពុងត្រូវបានសាងសង់ និងកំពុងរង់ចាំការសាងសង់ក្នុងតំបន់កណ្ដាល និងភាគខាងក្រោមរបស់ដងទន្លេមេគង្គ ដែលទំនប់ទាំងនេះស្ថិតនៅលើក្នុងទឹកដីរបស់ឡាវ និងកម្ពុជា! ហើយដែលរហូតមកដល់ថ្ងៃនេះ គេទាំងឡាយនៅពុំទាន់ដឹងច្បាស់អំពីផលប៉ះពាល់មកពីបណ្ដាទំនប់វារីអគ្គិសនីទាំងនេះ! មកលើតំបន់នេះនៅឡើយទេ!

          ប្រទេសដែលបានជំរុញការកសាងទំនប់វារីអគ្គិសនីទាំងអស់ហាក់បីដូចជាពុំមានការទំនាក់ទំនង សម្របសម្រួល ដោយការធ្វើទាំងនេះច្រើនតែផ្អែកមកលើអត្ថប្រយោជន៍ជាតិរបស់ប្រទេសរៀងៗខ្លួន!រួមទាំងការបាត់នូវជំនឿចិត្តគ្នាផង និងការមិនពេញចិត្តចំពោះគ្នាផងរវាងភាគីដែលស្ថិតនៅតាមដងទន្លេមេគង្គដូចគ្នានោះ!។ យោងតាមមតិរបស់លោក Richard Cronin នាយកកម្មវិធីអាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Stinson នៅវ៉ាស៊ីនតោនឱ្យដឹងថា ការសម្រេចទាំងនេះច្រើនតែអនុលោមទៅតាមផលប្រយោជន៍របស់ប្រទេសនីមួយៗ ព្រមទាំងមានការខ្វះភាពទំនាក់ទំនង សម្របសម្រួលជាមួយគ្នា ដែលនេះគឺជាបច្ច័យមួយដ័ចម្បងធ្វើឱ្យពួកគេក្ដាប់មិនជុំ និងមានការយល់មិនអស់ រួមមានទាំងការលាក់ព័ត៌មានផង អំពីកម្រិតនៃផលប៉ះពាល់ទាំងអស់នេះមកលើដងទន្លេមេគង្គ មានទ្រង់ទ្រាយប៉ុណ្ណានោះ? និងមកលើប្រព័ន្ធអេកូឡូស៊ីរបស់តំបន់ទាំងមូលយ៉ាងដូចម្ដេចនោះឡើយ!។

          ការឈ្លោះប្រកែក វិវាទគ្នាអំពីទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គមួយថ្ងៃកាន់តែមានចរិតផ្សារភ្ជាប់ទៅជាបញ្ហានយោបាយវូបនីយកម្ម (Politicalization issue  )ទាំងក្នុងតំបន់ ទាំងលើពិភពលោកទៅវិញ! លែងស្ថិតនៅក្នុងក្របខណ្ឌប្រទេស និងប្រទេសទៀតហើយ!។

          តាមការបញ្ជាក់អះអាងរបស់លោក PoRnlert Lattana ប្រធានក្រុមហ៊ុន Electric របស់ថៃ ដោយលោកបានធ្វើការកត់សម្គាល់អំពីឡាវ និងកម្ពុជាថា ប្រទេសពីរនេះប្រហែលជានឹងមិនលើកបញ្ហាទន្លេមេគង្គជាមួយភាគីចិនទេ! ដោយប្រទេសពីរនេះ មានទំនាក់ទំនងដ៏ល្អ និងជិតស្និទជាមួយនឹងចិន!។ ប្រការទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងសក្ខីកម្មបំផុតនាកិច្ចប្រជុំកំពូលMekong River Committee MRC កន្លងមក ដែលគណៈប្រតិភូកម្ពុជាបានជម្រាបជូនអង្គប្រជុំថា កម្រិតទឹក ដែលទាបនៅក្នុងតំបន់ទន្លេមេគង្គក្រោម មកអំពីមានការប្រែប្រួលអាកាសធាតុ(Climate Change ) ដោយពុំមែនមកអំពីចិនរក្សាស្ដុកទុកនូវប្រភពទឹក នៅក្នុងបណ្ដាទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គភាគខាងលើក្នុងទឹកដីចិននោះទេ!។

          ឆ្លើយតបទៅនឹងបញ្ហាកម្រិតទឹកទាបនៅក្នុងទន្លេមេគង្គនេះ ភាគីថៃហាក់បីមានការថ្លឹងថ្លែង ប្រុងប្រយ័ត្ននៅពេលដែលខ្លួនមានមតិនាកិច្ចប្រជុំកំពូលMRCនេះ ដោយភាគីថៃបានអះអាងថា ប្រទេសទាំងអស់ដែលស្ថិតនៅតាមដងទន្លេមេគង្គទាំងក្នុងតំបន់លើ ទាំងក្នុងតំបន់ក្រោម សុទ្ធតែជាប្រទេសទាំងអស់ដែលមានការពាក់ព័ន្ធ ហើយដែលយើងទាំងអស់គ្នាសុទ្ធតែមានការទទួលខុសត្រូវ មានកាតព្វកិច្ចរួមចំពោះភាពគង់វង្ស ចីរភាពរបស់ទន្លេមេគង្គនេះ!។ក៏ប៉ុន្តែនៅខែមិថុនា ២០១០ ពេលដែលតំណាងមកពីភាគីថៃចូលរួមនៅក្នុងកិច្ចប្រជុំMRC ដែលប្រព្រឹត្តទៅនៅវៀតណាមនោះ ថៃបានប្រកាសយ៉ាងចំហរ និងខ្លាំងក្លាថា ទំនប់វារីអគ្គិសនីរបស់ចិនដែលស្ថិតនៅក្នុងតំបន់លើរបស់ទន្លេមេគង្គ បានបំផ្លិចបំផ្លាញមកលើប្រព័ន្ធអេកូឡូស៊ីរបស់ចរន្តទឹកទន្លេមេគង្គនេះ!។

          ចំពោះវៀតណាមវិញកាន់តែសម្ដែងការបារម្ភ រួមទាំងការយកចិត្តទុកដាក់បំផុតមកលើផែនការសាងសង់ទំនប់វារីអគ្គិសនីនៅលើទឹកដីឡាវនិងកម្ពុជាទៀតផង!ដោយវៀតណាមបានធ្វើការកត់សម្គាល់យ៉ាងជ្រាលជ្រៅមកលើលទ្ធផលនៃបណ្ដាការសិក្សាស្រាវជ្រាវ ចំពោះគម្រោងការសាងសង់ទំនប់វារីអគ្គិសនីទាំងអស់នេះ ដែលទំនប់ទាំងនេះជាបច្ច័យមួយយ៉ាងអវិជ្ជមានក្នុងការប៉ះពាល់មកលើផែនកសិកម្ម និងជលផលយ៉ាងធ្ងន់ធ្ងរក្នុងតំបន់Mekong Delta របស់វៀតណាមនោះ!។

          ការគំរាមកំហែងនេះ បានក្លាយទៅជាចំណងផ្លូវចិត្តមួយក្នុងការអូសទាញ ការយកចិត្តទុកដាក់របស់ពួកប្រទេសខាងក្រៅតំបន់លើដងទន្លេមេគង្គ ដែលមានការទាក់ទងដល់សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជនជាង៧០លាននាក់ ក្នុងតំបន់មេគង្គក្រោមនេះ!។ ផ្ដើមចេញពីទស្សនទាននេះ ជប៉ុនបានរៀបចំកិច្ចប្រជុំជាមួយក្រុមប្រទេសមេគង្គនៅហាណូយ ស្របពេលដែលមានកិច្ចប្រជុំARF ដើម្បីរួមគ្នាពិភាក្សាលើគំនិតផ្ដួចផ្ដើមរួមមួយស្ដីពីGreen Mekong សម្រាប់បណ្ដាឆ្នាំខាងមុខៗទៀត!ក្នុងគោលបំណងទប់ទល់ទៅនឹងភាពប្រឈមទាំងឡាយ មកពីគ្រោះមហន្តរាយពីធម្មជាតិ និងការបំផ្លិចបំផ្លាញព្រៃឈើនៅក្នុងតំបន់ ពិសេសគឺគេសម្គាល់ឃើញអាមេរិកកំពុងStrong engaged មកក្នុងបញ្ហាទន្លេមេគង្គនេះ ដូចជាចំណែកមួយក្នុងនយោបាយប្រឹងប្រែងទប់ទល់ទៅនឹងឥទ្ធិពលដែលកំពុងតែរីករាលដាលយ៉ាងខ្លាំងរបស់ចិននៅក្នុងតំបន់!ហើយក្នុងបរិបទមួយនេះ អាមេរិកក៏បានជួបធ្វើការជាមួយថៃ ឡាវ កម្ពុជា និងវៀតណាម ក្នុងក្របខណ្ឌLower Mekong Initiative ដែលជាយន្តការមួយបម្រើឱ្យគោលនយោបាយយុទ្ធសាស្រ្តរបស់អាមេរិក ក្នុងការជាសន្សឹមៗជ្រៀតចូលមកក្នុងតំបន់នេះ ដោយឆ្លងតាមរយៈមធ្យោបាយក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន សុខាភិបាល អប់រំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនោះ!។

          មុននិងក្រោយ ទន្លេមេគង្គទាំងមូលក៏ត្រូវចិនគ្រប់គ្រងដោយប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គក្រោមទាំងអស់មិនទទួលបាននូវចរន្តនៃលំហូរទឹក ដោយគ្មានការបើកទ្វារទឹកពីបណ្ដាទំនប់ខាងលើមេគង្គក្នុងខេត្ត យូណាន ត្រូវបានហាមដើម្បីរក្សាកុំឱ្យចរន្តទឹកមានការរីងស្ងួតនារដូវប្រាំងឱ្យបាន!នេះបើតាមការអះអាងរបស់លោកCroninនោះ(Sic)!។

          ទាក់ទងដល់ចំណុចស្លាប់រស់នេះ ភាគីចិនបានបដិសេធនូវការចោទប្រកាន់ថា មូលហេតុដែលនាំឱ្យកម្រិតទឹកក្នុងទន្លេមេគង្គចុះទាបមកពីមានទំនប់ទឹកនៅក្នុងប្រទេសចិននោះ គឺជាទឡ្ហីករណ៍មួយដែលគ្មានមូលដ្ឋានច្បាស់លាស់ឡើយ!។ការអះអាងរបស់ចិន ត្រូវបានលោក Jeremy Bird នាយកប្រតិបត្តិរបស់MRCទទួលស្គាល់ថា ជាការពិតដោយមានកម្រិតទឹកចុះទាបនៅក្នុងទន្លេមេគង្គ ទើបនាំឱ្យមានការរាំងស្ងួតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កន្លងមក!តែលោកBird មិនបានបដិសេធនូវលទ្ធភាពអំពីទំនប់វារីអគ្គិសនីចិន ក៏ជាមូលហេតុចម្បងនាំឱ្យមានការរាំងស្ងួតនេះដែរ!។

          លោក Cronin ទទួលស្គាល់ថា សំណើរទាំងឡាយនាពេលថ្មីៗនេះរបស់អាមេរិក មានការទាក់ទិនដោយផ្ទាល់ទៅនឹងភូមិសាស្រ្តនយោបាយក្នុងតំបន់!តែជំហានដំបូងនឹងមានការលំបាកច្រើន គឺការដាក់បញ្ចូលនូវបញ្ហារបស់ទន្លេមេគង្គនេះទៅក្នុងតារាវិថីនយោបាយ(Political Orbit)នៃPolicy Making របស់ក្រុងវ៉ាស៊ីនតោនដែលបច្ចុប្បន្ននេះ អាមេរិកកំពុងប្រឈមមុខទៅនឹងបញ្ហាក្ដៅគគុកយ៉ាងច្រើននៅក្នុងតំបន់ ក្រោយពីមានការកកើតឡើងនូវបណ្ដាយន្តការនយោបាយ និងយោធា ដូចជាTPP, Indo-Pacific ,Quad ក្រោយមកមានAUKUS មួយទៀតនោះ!ដែលសុទ្ធតែជាយន្តការមានមុខងាររារាំង ទប់ស្កាត់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ទាំងអស់!។

          ប្រការមួយដ៏គ្រោះថ្នាក់ និងហានិភ័យបំផុតនោះ គឺការបូកបញ្ចូលបញ្ហាទាំងអស់ ទាំងបរិស្ថាន បញ្ហានយោបាយ សេដ្ឋកិច្ច សង្គម ទៅនឹឹងការផ្ចាញ់ផ្ចាល ប្រឈមមុខ ប្រកួតប្រជែងកម្លាំងអនុភាពដាក់គ្នា រវាងមហាយក្សទាំងពីរអាមេរិកចិន រួមទាំងជប៉ុននិងឥណ្ឌាផង នៅលើដងទន្លេមេគង្គតែមួយនេះ!។

          ការយកចិត្តទុកដាក់របស់អាមេរិកលើដងទន្លេមេគង្គនេះ ដែលយ៉ាងហោចណាស់គ្រាន់តែជាការដាស់អារម្មណ៍រំលឹកចិនថា សូមឱ្យចិនមេត្តាយកចិត្តទុកដាក់មកលើការព្រួយបារម្ភរបស់បណ្ដាប្រទេសផ្សេងផង!។ការបកស្រាយចំពោះចំណុចបារម្ភនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការសម្រេចចិត្តរបស់ចិន ក្នុងការអញ្ជើញមន្រ្តីរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ឱ្យទៅទស្សនាទំនប់ទឹកមួយចំនួនដែស្ថិតនៅលើទន្លេមេគង្គក្នុងទឹកដីរបស់ចិន នាភាគខាងត្បូងរបស់ប្រទេសចិន ដែលជាសកម្មភាពមួយក្នុងការសាកល្បង កសាងជំនឿទុកចិត្ត (Confidence building )គ្នារបស់បណ្ដាប្រទេសនៅក្នុងតំបន់នោះ។

          តែយ៉ាងណាក៏ដោយ បើពិនិត្យមកលើសំណូមពរនៃសេចក្ដីត្រូវការថាមពលដែលមួយថ្ងៃកាន់តែកើនឡើង សំដៅបម្រើឱ្យដំណើរការវិវត្តន៍សេដ្ឋកិច្ច និងអារម្មណ៍មួយដែលកំពុងគិតថា ចិនកំពុងតែងើបឡើងយ៉ាងខ្លាំងក្លាដូច្នោះ បានធ្វើឱ្យគេទាំងឡាយនឹកគិតដល់អំពីការត្រូវតែចងគ្នាទៅជាសម្ព័ន្ធភាពមួយដោយអរូបី(Allied without Agreement )រវាងអាមេរិក និងពួកប្រទេសអាស៊ីមួយចំនួន សម្ដៅជាកំពែងមិនចេញមុខក្នុងការរារាំង និងកំហិតដល់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ដោយយកបញ្ហាសមុទ្រចិនខាងត្បូងនិងបញ្ហាទន្លេមេគង្គ ធ្វើជាលេសនយោបាយសម្រាប់ជាការជ្រៀតចូល(Infiltration )របស់អាមេរិកចូលមកក្នុងតំបន់នេះ តាមរយៈផែនការកម្ម សមុទ្រចិនខាងត្បូង និងទន្លេមេគង្គនោះ!។

          ការប៉ះទង្គិចគ្នារវាងអាមេរិកនិងចិននៅអាស៊ី និងផលវិបាកនៃការប៉ះទង្គិចនេះជះមកលើក្រុមប្រទេសអាស៊ាន ពាក់ព័ន្ធដល់សមុទ្រចិនខាងត្បូង និងទន្លេមេគង្គ!

         នៅពេលដែលលោកជំទាវ Hillary Clinton ប្រកាសជាចំហរជាមួយក្រុមប្រទេសអាស៊ានថា អាមេរិកនឹងវិលមកអាស៊ីវិញ!នោះ ពាក្យនេះជាយថាភាពបានប្រែក្លាយទៅជាសារនយោបាយមួយយ៉ាងច្បាស់លាស់ បញ្ជាក់ឱ្យឃើញយ៉ាងជាក់ស្ដែងថា អាមេរិកបានគិតគូរជាយូរមកហើយក្នុងការស្វែងរកនូវគ្រប់វិធាន ដើម្បីជាការផ្ចាញ់ផ្ចាលទៅនឹងអំណាចឥទ្ធិពល ដែលមួយថ្ងៃកាន់តែរីកធំធាត់ ពិសេសគឺក្រោយពីចិនប្រកាសផែនការផ្លូវមួយខ្សែក្រវាត់មួយ BRI ទាំងនៅក្នុងតំបន់ និងលើសាកលលោកមក!។

          ជាច្រើនឆ្នាំ រដ្ឋបាលBush បានដាក់អាស៊ានចេញពីរបៀបវារៈក្នុងគោលនយោបាយការទូតរបស់អាមេរិក ហើយលោកស្រី  Condoleezza Rice វិញក៏បានចូលរួមក្នុងការធ្វើឱ្យខកខាន មិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ពីរដងក្នុងរយៈពេលបីឆ្នាំ ដែលនេះជាបុព្វបទមួយដ៏សំខាន់ក្នុងការជួយសម្រួលក្រាលផ្លូវឱ្យចិន ក្នុងការធ្វើដំណើរឱ្យកាន់តែរលូន ក្នុងការធ្វើម្ចាស់កាន់កាប់មកលើសភាពការណ៍ និងទីតាំងយុទ្ធសាស្រ្តសំខាន់ៗនៅក្នុងតំបន់កន្លងមក!។

          នៅមុនពេលដែលនយោបាយ BRI ត្រូវបានដាក់ពង្រាយ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិនអាស៊ាន ត្រូវបានឆ្លុះបញ្ចាំងឆ្លងតាមរយៈទំនាក់ទំនងពាណិជ្ជកម្ម រកស៊ីមានការរីកចម្រើនផុសផុល ដែលក្នុងនោះក៏មានវិទ្យាស្ថានខុងជឺ (Confucius institutes )រីកដូចផ្សិត ជំនួយមនុស្សធម៌ រួមទាំងកម្ចីឥណទាន សម្បទាន ត្រូវបានចែកជូនដល់បណ្ដារដ្ឋាភិបាលដែលមាននយោបាយជិតស្និទជាមួយចិន ដោយមិនសំចៃឡើយ!។

          ដំណើរការរីកចម្រើនក្នុងទំនាក់ទំនងអាស៊ានចិន ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ នាំឱ្យមានទស្សនទាននយោបាយអំពីពាក្យពេចន៍ថ្មីទាក់ទិនដល់ទំនាក់ទំនងដ៏ល្អរវាងចិននិងអាស៊ានដូចជាChinasean ដែលត្រូវបានពួកអ្នកនយោបាយយកមកប្រើប្រាស់ច្រើនជាភាសាការទូតដែលមានការទាក់ទង ពាក់ព័ន្ធទៅដល់ចិន ដូចជាពាក្យChimerica (China+America)រហូតដល់មានពាក្យChafrica China+Africa ល.លទៀតផងនោះ!។

          បញ្ហាដែលចោទឡើងនៅទីនេះ សូរថាតើសហរដ្ឋអាមេរិកមានកម្លាំង និងសមត្ថភាពគ្រប់គ្រាន់ក្នុងការតទល់ ទប់ទល់បានជាមួយនឹងចិនដែរឬអត់?ដោយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីបញ្ចុះបញ្ចូលអូសទាញអាស៊ាន ដោយមានផែនការBRIជាបុព្វបទក្នុងលំនាំនយោបាយនៃនយោបាយការទូតក្នុងទំនាក់ទំនង និងសហប្រតិបត្តិការ ក្នុងពេលដែលសហរដ្ឋអាមេរិកបាននិងកំពុងជាប់ដៃ ផុងខ្លួនទៅក្នុងបញ្ហាជាច្រើនទាំងក្នុងតំបន់ និងលើពិភពលោកនោះ!។

          ទន្ទឹមនឹងនេះ ចិនក៏បានសម្ដែងឡើងនូវអំណាចទន់(Soft power)ដោយឆ្លងតាមរយៈការផ្ដល់អាហារូបករណ៍ទៅឱ្យនិស្សិតអាស៊ានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយបើយោងតាមព័ត៌មានរបស់Asia Time គឺមាននិស្សិតថៃប្រមាណ១០ម៉ឺននាក់ ដែលបាននិងកំពុងបំពេញការសិក្សានៅក្នុងប្រទេសចិន ច្រើនជាងនៅសហរដ្ឋអាមេរិកទៀតផង!។

          របៀបចាត់ការក្នុងការងារក៏មាននីតិវិធីខុសផ្សេងទៅនឹងអាមេរិកផងដែរ ដែលជាប្រទេសមួយតែងតែបង្កហេតុសន្សំរឿងជាមួយនឹងប្រទេសទាំងឡាយនៅក្នុងតំបន់ ដូចជាជួនពេលខ្លះ ក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធមកលើអាស៊ានអំពីមីយ៉ាន់ម៉ា ជួលពេលខ្លះមកលើប្រទេសនេះអំពីសិទ្ធិមនុស្ស សេរីភាពសាសនា ប្រជាធិបតេយ្យឬអំពីសិទ្ធិជនជាតិ!ចំពោះកម្ពុជាវិញ អាមេរិកទាមទារឱ្យមានតម្លាភាពអំពីតារាសាគរ កំពង់ផែរាម និងវត្តមានយោធាចិននៅក្នុងតំបន់ទាំងនេះ!ដែលទោះបីជាកម្ពុជាបានបញ្ជាក់អះអាងជាច្រើនដងក៏ដោយនោះ!តែបើចិនវិញ មើលមកលើពួកប្រទេសអាស៊ានថាជាមិត្តរបស់ខ្លួនទាំងអស់ ដោយពុំមានការបែងចែកនិន្នាការនយោបាយណាមួយឡើយ!គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នារបស់អាស៊ាន ក៏ជាទស្សននយោបាយមួយដ៏សារវ័ន្តរបស់បក្សកុម្មុយនីស្តចិន ដែលថ្នាក់ដឹកនាំរបស់ចិនទាំងអស់តែងតែអះអាង ព្រមទាំងបានបញ្ជាក់ថា ទំនាក់ទំនងរវាងរដ្ឋនេះជាមួយនឹងរដ្ឋនោះ មិនត្រូវបានយកធ្វើជាលេសដើម្បីជាឱកាសធ្វើការជ្រៀតជ្រែកចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់គេឡើយ!។

               អំពីភូមិសាស្រ្តនយោបាយវិញ គឺស្ថានភាពនេះហាក់បីដូចជាមានភាពលំអៀងមករកការអនុគ្រោះ អំណោយផលឱ្យចិនដែរ ដោយចិនមានព្រំដែនរួមជាមួយឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដូច្នោះហើយទើបធ្វើឱ្យប្រទេសទាំងអស់នេះ យ៉ាងតិចក៏ច្រើនត្រូវស្រូបចូលទៅក្នុងតារាវិថីនៃការរីកចម្រើន អភិវឌ្ឍន៍ក្នុងអំណាចរបស់ប្រទេសចិនដ៏ធំនេះដែរ!ក៏ប៉ុន្តែជួនពេលខ្លះ Geo-Politics factors នេះ ក៏ជាចំណុចអវិជ្ជមានរបស់ចិនផងដែរ ព្រោះការនៅជិតគ្នានេះ ជួនពេលខ្លះអាចមានហេតុការណ៍តានតឹង មិនចុះសម្រុងជាមួយគ្នា បងបង្កើតទៅជាហេតុបច្ច័យដ៏អាក្រក់មួយ ដែលកើតទៅជាលេសមួយក្នុងការនាំឱ្យអាមេរិក យកបញ្ហានេះធ្វើជាទឡ្ហីករណ៍ក្នុងការជ្រៀតជ្រែកចូលប្រឆាំងចិនវិញផងដែរ!។

          ជាតថភាព ចិនត្រូវបានស្ដីបន្ទោសជាប្រទេសដែលមានការទទួលខុសត្រូវក្នុងការធ្វើឱ្យកម្រិតទឹកបច្ចុប្បន្ននៅក្នុងទន្លេមេគង្គមានការចុះទាប ដែលគួរឱ្យមានការបារម្ភជាទីបំផុតនោះ!ទាំងវៀតណាម ឡាវ ថៃ និងកម្ពុជា សុទ្ធតែបានជូនព័ត៌មានជុំវិញទំនប់វារីអគ្គិសនីទាំងឡាយនៅក្នុងប្រទេសចិន ដែលទំនប់ទាំងអស់នេះ គឺជាចំណុចឧបសគ្គចម្បងក្នុងការធ្វើឱ្យមានចរន្តទឹកហូរពីខាងលើចុះមកខាងក្រោមរបស់ដងទន្លេមេគង្គ ទទួលបានលំហូរទឹកមានភាពមិនប្រក្រតីដូចសព្វថ្ងៃនោះ!។

          បើវៀតណាមវិញ មួយថ្ងៃកាន់តែអាក់អន់ចិត្ត ព្រមទាំងបានចេញមុខប្រឆាំងចិន ជុំវិញការអះអាងអធិបតេយ្យភាពដែនដីរបស់ខ្លួនមកលើតំបន់សមុទ្រចិនខាងត្បូង ដែលក្នុងពេលថ្មីៗនេះ វៀតណាមបង្ខំរុករកប្រេង ឧស្ម័ន រៀបចំការបោះឆ្នោតនិងរដ្ឋបាលស៊ីវិលនៅលើកោះឱ្យកាន់តែមានភាពសុក្រិត្យប្រកបទៅដោយនីតិសម្បទា ព្រមទាំងបានរៀបចំកញ្ចប់ទេសចរណ៍មកលើបណ្ដាកោះទាំងនេះក្នុងតំបន់សមុទ្រចិនខាងត្បូង រួមទាំងការស្រែកបំប៉ោងអំពីគ្រោះមហន្តរាយមកលើតំបន់ទន្លេមេគង្គមិនចេះចប់ ដែលនេះគឺជាជំហរក្នុងការឆ្លើយតបយ៉ាងផ្ចាញ់ផ្ចាលជាមួយនឹងចិនផងដែរ ដែលអ្នកទាំងឡាយមើលឃើញមានស្រមោលរបស់អាមេរិក នៅពីក្រោយវាំងនន Make in Vietnam នេះ!។

          ចំពោះមីយ៉ាន់ម៉ាវិញ ជាប្រទេសមួយដែលចិនតែងតែចាត់ទុកថា ជាសម្ព័ន្ធមិត្តដ៏ជិតស្និទរបស់ចិនបំផុតនោះ ក៏បច្ចុប្បន្ននេះនៅពេលមុន និងក្រោយពីមានឧបទ្ទវហេតុនយោបាយ ថ្ងៃ១ កុម្ភៈ ២០២១មក មីយ៉ាន់ម៉ាកាន់់តែមានជំហានយ៉ាងប្រុងប្រយ័ត្នជាមួយចិនផងដែរ!បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាកម្លាំងអាវុធ រវាងរដ្ឋអំណាចមូលដ្ឋានមីយ៉ាន់ម៉ាជាមួយនឹងក្រុមកុលសម្ព័ន្ធKaren ដើមកំណើតចិន ដែលហេតុការណ៍ទាំងនេះ បានធ្វើឱ្យចិនបង្កើនកម្លាំងយោធានៅតាមបណ្ដោយព្រំដែនចិនមីយ៉ាន់ម៉ា កន្លងមកនោះ!។

          ទន្ទឹមនឹងនេះ សូម្បីតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនអាស៊ាន CAFTA ក៏បានធ្វើឱ្យសមាជិករបស់អាស៊ានមួយចំនួនពុំសូវសប្បាយចិត្តផងដែរ ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងហ្វីលីពីន! ព្រោះពួកប្រទេសទាំងនេះមានឥរិយាបថក្នុងការស្ទាក់ស្ទើរប្រយ័ត្នប្រយែងចំពោះកិច្ចព្រមព្រៀងនេះ ដោយពួកគេមានសេចក្ដីបារម្ភថា ការកាត់បន្ថយពន្ធចំពោះផលិតផលរបស់ចិន ដែលនេះជាបច្ច័យមួយយ៉ាងហានិភ័យក្នុងការធ្វើឱ្យរាល់ទំនិញ ផលិតផលក្នុងស្រុក ពុំមានលទ្ធភាពប្រកួតប្រជែងទៅនឹងទំនិញរបស់ចិនបាន ដែលបច្ច័យមួយនេះរហូតធ្វើឱ្យឥណ្ឌូនេស៊ីមានបំណងចង់សើរើចរចាឡើងវិញ នូវការព្រមព្រៀងទាំងឡាយទាក់ទងដល់កិច្ចព្រមព្រៀងCAFTA នេះ!។

          ក្រៅពីនេះក៏នៅមានសេចក្ដីបារម្ភមួយចំនួនទៀត ចំពោះចិនទាក់ទងដល់វិស័យយោធា អំពីការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់ ភាពតានតឹងជាយោធារវាងចិនជាមួយវៀតណាម និងហ្វីលីពីន និងភាពប្រឈមជាប្រចាំរបស់អាស៊ាននៅចំពោះមុខនៃការរីកធំធាត់លើគ្រប់វិស័យ ជាពិសេេសគឺលើផ្នែកយោធារបស់ចិននៅក្នុងតំបន់នេះឯង!។

          យោងតាមព័ត៌មានថ្មីៗនេះបញ្ជាក់ឱ្យឃើញថា ទាំងវៀតណាម ទាំងមីយ៉ាន់ម៉ា សុទ្ធតែបានចុះContracts ទិញអាវុធយុទ្ធភ័ណ្ឌពីប្រទេសរុស្ស៊ី ដែលទោះបីជាចិនបាន Offer in favour ដល់ការលក់អាវុធឱ្យពួកប្រទេសទាំងនេះក៏ដោយ!។ចិនជាប្រទេសមួយបានទទួលការជោគជ័យក្នុងការលក់អាវុធទៅឱ្យបណ្ដាប្រទេសនៅក្នុងទ្វីបអាហ្វ្រិក និងអាមេរិកខាងត្បូង  តែបើការលក់អាវុធទៅឱ្យបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នេះ ហាក់បីដូចជាមានភាពកម្រិតនៅឡើយ!។ការមិនអើពើនូវសម្ភារៈសឹកពីចិនរបស់បណ្ដាប្រទេសអាស៊ាន អាចជាការបញ្ជាក់មួយឱ្យឃើញនូវជំហររបស់ប្រទេសអាស៊ានខ្លះថា មិនចង់រណបចិនច្រើនពេក!និងក៏មិនចង់ធ្វើឱ្យអាមេរិកមិនសប្បាយចិត្តផងដែរ!។

          បទពិសោធន៍មួយក្នុងប្រវត្តិសាស្រ្ត គួបផ្សំទៅនឹងការងារជាក់ស្ដែងក្នុងបច្ចុប្បន្នភាព និងផលប្រយោជន៍របស់ប្រទេសនីមួយៗត្រូវបានឆ្លុះបញ្ចាំងតាមរយៈរបស់ប្រទេសអាស៊ាននីមួយៗ ក្នុងការឆ្ពោះទៅរកការរក្សាលំនឹងអំណាចរវាងពួកប្រទេសធំជាមួយគ្នានៅក្នុងតំបន់!តែបញ្ហាដ៏ធំបំផុតនាបច្ចុប្បន្នភាព គឺឆន្ទានុសិទ្ធិរបស់អាមេរិកក្នុងការស្វែងរក ហេតុនិងផល ដើម្បីខ្លួនវិលមកតាំងទីលំនៅក្នុងតំបន់នេះវិញ ហើយដែលក្រុងវ៉ាស៊ីនតោន យ៉ាងហោចណាស់ក៏ត្រូវបានម្ចាស់ផ្ទះរបស់ប្រទេសអាស៊ានមួយចំនួន ក្រាលព្រំក្រហមទទួលស្វាគមន៍ផងដែរ!។

          សារនយោបាយមួយនេះ ក៏ត្រូវបានលោក Lee Kwan Yew អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី ធ្លាប់បានធ្វើការអះអាងនៅវ៉ាស៊ីនតោនថា ការរីកធំធាត់របស់ចិនក្នុងរយៈពេលពី១០ទៅ២០ឆ្នាំទៀត នឹងធ្វើឱ្យប្រទេសអាស៊ីទាំងអស់ រួមទាំងជប៉ុន ឥណ្ឌា និងអូស្រ្តាលីចាប់ផ្ដើមមានការលំបាកចំពោះអនុភាពដ៏មហិមារបស់ចិន!ដូច្នោះ ពួកគេច្បាស់ជានឹងត្រូវការអំណាចរបស់អាមេរិក ដើម្បីជួយបំពេញមុខងារជាតុល្យភាពកម្លាំងមួយយ៉ាងតថភាពបំផុតនៅក្នុងតំបន់នេះ!។

          កម្រាលព្រំក្រហមត្រូវបានក្រាលដើម្បីទទួលស្វាគមន៍អាមេរិក ហើយរដ្ឋការពីអូបាម៉ាមកដល់បៃដិន ក៏បានយល់ឃើញថា អាមេរិកត្រូវតែបំពេញតួនាទីនៅអាស៊ីអាគ្នេយ៍នាពេលនេះដើម្បីឆ្លើយតបទៅនឹងអ្វីដែលចិនកំពុងតែងើបឡើងអុងអាត់នៅក្នុងតំបន់!ក៏ប៉ុន្តែ ស្ថានការណ៍អស្ថិរភាពនៅមជ្ឈឹមបូព៌ា លើឧបទ្វីបកូរ៉េ ក្នុងឈូងសមុទ្រតៃវ៉ាន់ លើសមុទ្រចិនខាងត្បូង និងនៅតំបន់អឺរ៉ុបខាងកើតបច្ចុប្បន្ន គួបផ្សំទៅនឹងវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួនផងសួរថា តើសហរដ្ឋអាមេរិកមានថាមពលគ្រប់គ្រាន់សម្រាប់រត់ម៉ារ៉ាតុនផ្លូវឆ្ងាយជាមួយនឹងចិនបានដែរឬអត់!។

          ដំបៅនយោបាយដែលពុំអាចព្យាបាលបាន គឺសមុទ្រចិនខាងត្បូង និងទន្លេមេគង្គសម្រាប់បរិបទថ្មី!

         ជាការពិតសមុទ្រចិនខាងត្បូង បានក្លាយទៅជាធុងរំសេវជាតិផ្ទុះយូរមកហើយ តែភាពតានតឹងបំផុតនោះ គឺទើបបានកើតមានឡើងក្នុងប៉ុន្មានឆ្នាំនេះ បន្ទាប់ពីមានគោលនយោបាយយុទ្ធសាស្រ្ត Indo-Pacific បន្ទាប់មកAUKUS នោះ!។

          ទោះបីជាបាវចនារបស់អាស៊ាន One Vision ,One Identity, One Community ក៏ដោយ តែដោយអំណាចឥទ្ធិពលដ៏ធំធេងរបស់ចិន ដែលមួយថ្ងៃកាន់តែវិវត្តន៍រីកធំធាត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ហើយដែលអំណាចឥទ្ធិពលនេះ ជាយថាហេតុបានធ្វើឱ្យអាស៊ានមួយជាដីគោក និងប្លុកអាស៊ានមួយទៀតជាដែនទឹកនោះ!។ហើយដោយមានចំណុចនៃកត្តាអភិវឌ្ឍន៍ដែលនៅមានភាពសមាមាត្រក្នុងតំបន់មេគង្គយ៉ាងដូច្នោះ ទើបពួកប្រទេសក្នុងតំបន់ទន្លេមេគង្គដែលត្រូវបានចិនលូកដៃជួយ ដោយការជួយគាំទ្រនេះឆ្លងតាមរយៈADB ហើយបន្ទាប់មកតំបន់ដែលស្ថិតនៅតាមបណ្ដោយព្រំដែនជាមួយនឹងចិនប្រជាមានិត ក៏បានប្រែក្លាយទៅជាតំបន់ដ៏ពិសេសដាច់ដោយឡែក ដែលដំណើរការនេះហាក់បីដូចជានិន្នាការមួយឆ្ពោះទៅកាន់ការបែងចែកអាស៊ានដាច់ពីគ្នាជាអមតៈនោះ!។

          មហាអនុតំបន់ទន្លេមេគង្គ ឬGreat Mekong sub-Region -GMSនេះរួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម ក៏ដូចជាខេត្តពីរទៀតរបស់ចិនរួមមាន Yunnan និងQuangzhow។ តែជាការពិតចិនទេ ដែលជាសមាជិកពេញសិទ្ធិ ដោយគេសម្គាល់ឃើញពួកExperts ថ្នាក់ជាតិរបស់ចិនជាច្រើនបានមកចូលរួមក្នុងគ្រប់Initiatives ដែលGMSបានដាក់ចេញ ហើយឆ្លងតាមរយៈសមាជិកភាពមិនសមាមាត្រនេះ ដែលទឹកដីចិនមានប្រជាជន១,៣កោដិនាក់ ដែលជាចំនួនច្រើនលើសលប់ បានគ្របដណ្ដប់មកលើទាំង Institutions និងមកលើខឿនសេដ្ឋកិច្ចរបស់ក្រុមប្រទេសដីគោក នៅក្នុងអាស៊ីអាគ្នេយ៍នេះ!។

          មានថវិកាប្រមាណ១១កោដិដុល្លារអាមេរិក ដែលត្រូវបានយកមកវិនិយោគមកលើហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់GMSនារយៈពេលមួយទសវត្សរ៍កន្លងមក ដែលក្នុងនោះ១/៣ជាប្រភពទុនមកពីADB ហើយហិរញ្ញប្បទានទាំងនេះ ត្រូវបានយកមកកសាងទៅជារបៀងសេដ្ឋកិច្ច ដែលការកកើតតភ្ជាប់ទៅជាប្រព័ន្ធគមនាគមន៍មានខ្សែរយៈជា Inter-states ក្នុងអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ននេះ!។

          របៀបសេដ្ឋកិច្ចជើងត្បូងដែលតភ្ជាប់ពី គុនមីងនិងបាងកក ដែលក្នុងពេលនោះរបៀងកើតលិច មានការតភ្ជាប់សមុទ្រឥណ្ឌារបស់មីយ៉ាន់ម៉ាជាមួយនឹងកំពង់ផែទាំងឡាយរបស់វៀតណាមចេញទៅសមុទ្រចិនខាងត្បូងនោះ!ហើយបើរបៀងសេដ្ឋកិច្ចខាងត្បូងវិញ គឺតភ្ជាប់បាងកកនិងជាមួយភ្នំពេញទៅនឹងទីក្រុងហូជីមិញ ជាមួយនឹងក្រុងVung Tau របស់វៀតណាម។ ក្នុងបរិបទនៃការកសាងរបៀបសេដ្ឋកិច្ចទាំងនេះ ចិនបានប្រកាសយ៉ាងចំហរថា GMS គឺជារូបមន្តសេដ្ឋកិច្ចមួយដែលមានប្រសិទ្ធភាពខ្ពស់បំផុតនៅក្នុងតំបន់នេះ!។

          អំពីទន្លេមេគង្គវិញ ដែលត្រូវពួកអ្នកនយោបាយយកឈ្មោះមកប្រើប្រាស់នោះ បានប្រែក្លាយទៅជាប្រភពនៃការកកើតទំនាស់វិវាទទៅវិញ!ដោយមានលេសថាចិនបានកសាងទំនប់វារីអគ្គិសនីនៅភាគខាងលើរបស់ដងទន្លេមេគង្គ ហើយដែលបច្ចុប្បន្នចិនក៏បាននិងកំពុងបណ្ដាក់ទុនមកលើការកសាងទំនប់វារីអគ្គិសនីថែមទៀតនៅលើទឹកដីឡាវ និងនៅកម្ពុជាដែលផែនការទាំងអស់នេះ និងមានផលអាក្រក់ជះមកលើដងទន្លេមេគង្គក្នុងតំបន់មេគង្គក្រោមនេះឯង!។

          ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បើអនុលោមទៅតាមគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំទាំងឡាយរបស់ចិន ដែលតែងតែបានលើកឡើងនោះ គឺក្រុងគុនមីងត្រូវបានចាត់ទុកថាជាក្បាលរទេះភ្លើងរបស់ចិនក្នុងការតភ្ជាប់ជាខ្សែរយៈដើម្បីអូសWagons រទេះភ្លើងសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍!ហើយក្នុងទិដ្ឋភាពមួយដែលទំនាក់ទំនងរកស៊ី មានការរីកចម្រើនយ៉ាងផុសផុលនោះ ក៏នេះជាគោលដៅយុទ្ធសាស្រ្តមួយដ៏ចម្បងរបស់ចិន ក្នុងការឆ្ពោះទៅពង្រីកការប្រើប្រាស់លុយ Yuan ក្នុងទំនាក់ទំនងផ្លាស់ប្ដូរពាណិជ្ជកម្មរវាងពួកដៃគូGMSជាមួយគ្នានេះឯង!។

          ពាក់ព័ន្ធទៅនឹងបញ្ហានេះ គេឃើញនៅពាក់កណ្ដាលដើមឆ្នាំ២០១០ ធនាគារកសិកម្មចិន ចាប់ផ្ដើមមានកម្មវិធីប្រើប្រាស់លុយYuan ធ្វើជាឯកតាក្នុងការទូទាត់ក្នុងទំនាក់ទំនងពាណិជ្ជកម្មឆ្លងដែនជាមួយនឹងតំបន់គុនមីងរបស់ចិន។នេះជាចំណែកមួយក្នុងផែនការទាំងមូលរបស់ចិនក្នុងការជាសន្សឹមៗធ្វើអន្តរជាតូបនីយកម្មលុយYuanរបស់ខ្លួន!។

          ហើយដែលបច្ចុប្បន្ននេះ មាន៥០%នៃការធ្វើពាណិជ្ជកម្មឆ្លងដែននឹងក្រុងគុនមីងត្រូវបានទូទាត់គ្នាទៅវិញទៅមក ដោយរូបិយបណ្ណYuan របស់ចិននោះ!។

          ថវិកាដែលត្រូវយកមកប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ពួកប្រទេសអាស៊ីអាគ្នេយ៍ ដីគោកផ្ដើមចេញពីថវិការបស់ADB រួមទាំងកម្ចីឥណទាននិងការវិនិយោគទុនដោយផ្ទាល់របស់ចិន!ក្រៅពីនេះ ចិនក៏បានបង្កើតមូលនិធិសហប្រតិបត្តិការវនិយោគចិនអាស៊ាន ដែលមានថវិកា១០កោដិដុល្លារអាមេរិក សំដៅផ្ដល់ការឧបត្ថម្ភគាំទ្រដល់ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់ ដែលវិធានការទាំងនេះរួមមានវិស័យ ទូរគមនាគមន៍ និងដឹកជញ្ជូន ផងដែរ!។

          ទន្ទឹមនេះ ប្រព័ន្ធផ្លូវដែកសមាហរណកម្មមួយ(Integration Railway System)និងត្រូវបានកសាងហើយតភ្ជាប់រវាងពួកប្រទេសGMS ក្នុងបណ្ដាឆ្នាំខាងមុខ ដោយចិនបានបំពេញតួនាទីមួយយ៉ាងសកម្ម និងសំខាន់ក្នុងការផ្ដល់បច្ចេកទេសនិងហិរញ្ញប្បទាន។ប្រព័ន្ធផ្លូវដែកនិងផ្លូវគោកត្រូវបានចិនជួយកសាង និងផ្ដល់ថវិកា ដែលប្រព័ន្ធទាំងនេះនឹងត្រូវបានតភ្ជាប់ ពីគុនមីងមកកាន់Yangon រួចចូលមកបាងកករត់មកតភ្ជាប់វៀងចន្ទន៍ហើយមកដល់ភ្នំពេញតែម្ដង!ដែលក្នុងពេលនោះ ប្រព័ន្ធថាមពលអគ្គិសនី ប្រព័ន្ធនាំអគ្គិសនី និងប្រព័ន្ធថាមពល ក៏នឹងត្រូវតភ្ជាប់រវាងពួកប្រទេសអាស៊ីអាគ្នេយ៍ជាមួយនឹងប្រទេសចិនផងដែរ។ហើយបើតាមគម្រោង គឺប្រព័ន្ធនាំប្រេង ឧស្ម័ន Kyaukphyu -Kunming ដែលប្រព័ន្ធនេះ រត់តាមឆ្នេរសមុទ្ររបស់មីយ៉ាន់ម៉ា រហូតដល់គុនមីងរបស់ចិន ដែលជាចំណុចភ្ជាប់មួយធ្វើឱ្យចិនមានភាពងាយស្រួលលែងរណបមកលើឈូងសមុទ្រម៉ាឡាកាទៀត ក្នុងការនាំចូលនូវឧស្ម័នដែលជាកត្តាចាំបាច់ ស្លាប់រស់របស់ចិននោះ!។

          រួមជាមួយចិនប្រជាមានិត ពួកប្រទេសអាស៊ីអាគ្នេយ៍ ដីគោកបាននិងកំពុងកកើតទៅជាតំបន់មហាមេគង្គមួយ ហើយការផ្សារភ្ជាប់ទំនាក់ទំនងដែលកំពុងតែវិវិត្តន៍រីកចម្រើននោះ នឹងធ្វើឱ្យគម្រោងការទាំងឡាយរបស់អាស៊ានដែលមានស្រាប់និងកំពុងតែគិតនោះ ត្រូវសាបរលាបទៅតាមពេលវេលាទាំងអស់!។

          អាងទន្លេមេគង្គក្រោម ត្រូវបានដាក់សំណាញ់ហ៊ុមព័ទ្ធដោយនយោបាយទឹករបស់ប្រទេសខាងលើមេគង្គ!

         ពួកអ្នកភូមិសាស្រ្តនយោបាយបានកត់សម្គាល់ឃើញក្នុងគ្រប់ទិដ្ឋភាពតំបន់និងអន្តរជាតិ ចិនពុំដែលបោះបង់ចោលឱកាសក្នុងការគ្រប់គ្រងនិងពង្រីកឥទ្ធិពលរបស់ខ្លួន ក្នុងការធ្វើយ៉ាងណាគ្រប់គ្រងសភាពការណ៍ឱ្យបានល្អ មានអំណោយផលក្នុងការពាក់ព័ន្ធដល់ផលប្រយោជន៍នៅលើទន្លេមេគង្គនោះ!។

          ការរៀបចំផែនការសម្រាប់តំបន់ទន្លេមេគង្គ ក៏ដូចជាការតភ្ជាប់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសនិងប្រទេស សុទ្ធតែមានចរិតយុទ្ធសាស្រ្តសំខាន់ទាំងអស់! ដោយការរៀបចំ ចាត់តាំងការផ្សារភ្ជាប់បណ្ដាញទាំងនេះ គឺសុទ្ធតែជាការបង្កើតឱ្យមានកូនអុកនៅលើក្ដារអុកមួយដ៏ល្អសម្រាប់ចិននៅក្នុងតំបន់មួយនេះ!សំដៅបម្រើឱ្យគោលដៅយុទ្ធសាស្រ្ត ជាច្រកទ្វារចេញទៅកាន់សមុទ្រប៉ាស៊ីហ្វិកទាំងអស់។

          ក្នុងបរិបទយុទ្ធសាស្រ្តមួយនេះ គេឃើញក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរចិនបានចំណាយលុយរាប់សិបកោដិ ដើម្បីជំរុញការកសាងប្រព័ន្ធផ្លូវដែកមួយរត់ចេញពីគុនមីងតភ្ជាប់រហូតដល់ប្រទេសសិង្ហបុរី ដែលផ្លូវរទេះភ្លើងនេះបានរត់កាត់ប្រទេសឡាវទាំងមូលដែលមានប្រវែងជិត៤២០គីឡូម៉ែត្រ ដែលការសាងសង់សម្រាប់តែក្នុងប្រទេសឡាវ ត្រូវបានចំណាយអស់ជិត៧កោដិដុល្លារអាមេរិក ហើយដែលធនាគារADBពុំបានផ្ដល់ការឯកភាពគាំទ្រនោះ ដោយខ្លាចឡាវរអិលធ្លាក់ទៅក្នុងអន្ទាក់បំណុលរបស់ចិននោះ(Sic)!។

          ពាក់ព័ន្ធដល់គម្រោងផ្លូវដែកយុទ្ធសាស្រ្តនេះ ចិនក៏បានចុះហត្ថលេខាជាមួយសមភាគីថៃ ស្ដីពីការព្រមព្រៀងកសាងផ្លូវរទេះភ្លើងល្បឿនលឿនមួយក្នុងទឹកដីថៃ ក្នុងក្របខណ្ឌអាងទន្លេមេគង្គនិងក្នុងគម្រោងផ្លូវដែកមួយដ៏ធំ គុនមីងសិង្ហបុរី ផងដែរនោះ។

          ជាតថភាពក្នុងផែនការផ្លូវរទេះភ្លើងយុទ្ធសាស្រ្តមួយនោះដែលក្នុងកិច្ចព្រមព្រៀងមួយនេះ រួមមានបណ្ដាញផ្លូវរទេះភ្លើងពីរផ្សេងគ្នា ដែលផ្លូវមួយមានប្រវែង៧៣០គីឡូម៉ែត្រពីតំបន់ភាគខាងជើងរបស់ថៃរត់ទៅភ្ជាប់នឹងកំពង់ផែទឹកជ្រៅ Map Taphut ដែលស្ថិតនៅតំបន់អាគ្នេយ៍របស់រដ្ឋធានីបាងកក រួចរត់រហូតទៅដល់ឈូងសមុទ្របាងកកតែម្ដង។ ដោយឡែកចំពោះបណ្ដាញផ្លូវរទេះភ្លើងទីពីរដែលមានប្រវែង១៣០គីឡូម៉ែត្រ ដែលផ្លូវនេះរត់ចេញពីបាងកកទៅតភ្ជាប់និងតំបន់ Kaeng Khoi ដែលមានទីតាំងស្ថិតនៅភាគកណ្ដាលរបស់ថៃ។ជារួមគម្រោងសាងសង់បណ្ដាញរទេះភ្លើងទាំងនេះ នឹងត្រូវបានបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២២នេះ!។

          ទន្លេមេគង្គ អាចត្រូវបានប្រើប្រាស់ជាមធ្យោបាយក្នុងការវាតទីទាំងនយោបាយ សេដ្ឋកិច្ច និងអំណាចនៅអាស៊ី!

         ជប៉ុន និងប្រទេសនៅក្នុងតំបន់ (ថៃ មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាម) បានជួបប្រជុំគ្នានាកិច្ចប្រជុំកំពូលនាឆ្នាំ២០១៨នៅ តូក្យូ និងបណ្ដាកិច្ចប្រជុំបន្តបន្ទាប់ ដែលក្នុងបណ្ដាកិច្ចប្រជុំទាំងនេះ គឺបានជំរុញនូវគោលនយោបាយថ្មីមួយសំដៅអភិវឌ្ឍន៍តំបន់នេះទាំងមូលទៅតាមទិសផ្សារភ្ជាប់គ្នានៅក្នុងតំបន់ ដោយយកសហគមន៍ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គនេះយកធ្វើជាគោលដៅចម្បង ក្នុងការផ្សារភ្ជាប់រួមទាំងការការពារបរិស្ថានឱ្យបានហ្មត់ចត់បំផុតផងនោះ!។

          ទោះបីជាសកម្មភាពខាងលើនេះ ពុំបានបង្ហាញជាសាធារណៈក៏ដោយ ក៏ពួកអ្នកវិភាគនយោបាយនៅក្នុងតំបន់ជឿជាក់ថា ការខិតខំប្រឹងប្រឺងរបស់ទីក្រុងតូក្យូ ក្នុងទិសដៅតែមួយគត់ គឺសំដៅកំហិតនូវអំណាចវាតទី ពង្រឹងឥទ្ធិពលរបស់ក្រុងប៉េកាំងចុះមកតំបន់អាស៊ីអាគ្នេយ៍តាមរយៈផ្លូវទឹកសាប របស់ដងទន្លេមេគង្គនេះឯង!។ក្នុងយុទ្ធសាស្រ្តរារាំង ទប់ទល់(Containment) មួយនេះ!។ក្នុងយុទ្ធសាស្រ្តរារាំង ទប់ទល់មួយនេះ គេបានឃើញយ៉ាងច្បាស់នៅក្នុងអត្ថបទវិភាគនយោបាយដែលមានចំណងជើងថា China Reshapes the Vital Mekong River to Power its Expansion នោះ!។

          ក្នុងបរិបទមួយនេះ ក្រោមលេសការពារកុំឱ្យមានអំពើឧក្រិដ្ឋកម្ម និងការរត់ពន្ធគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណមាស ដែលបាននិងកំពុងរីករាលដាលនៅក្នុងតំបន់នោះ អាជ្ញាធរចិន បានលើកឡើងជាសំណូមពរស្នើសុំឱ្យមានការយាមល្បាតរួម(Join Patrol) ជារៀងរាល់ខែ រួមទាំងការការពារដល់កប៉ាល់ដឹកទំនិញ ប្រជាពលរដ្ឋនិងសហគមន៍ទាំងឡាយដែលរស់ប្រកបអាជីវកម្មនៅតាមបណ្ដោយទន្លេមេគង្គនេះ!។ តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏ពួកអ្នកវិភាគបានមើលឃើញថា ក្រោមលេសធានាសុវត្ថិភាព និងសន្តិសុខ គឺចិនបានបង្កើននិងពង្រឹងនូវអំណាចឥទ្ធិពលរបស់ខ្លួនដោយឆ្លងតាមរយៈរូបភាពការយាមល្បាតរួមមួយនេះ ដើម្បីជាការគំរាមកំហែង សំឡុតមកលើសន្តិសុខរបស់ពួកប្រទេសនៅក្នុងតំបន់ទន្លេមេគង្គមួយនេះ(Sic)!ព្រោះវត្តមានរបស់បណ្ដាកប៉ាល់យោធារបស់ចិនទៅមក ចល័តនៅលើទន្លេមេគង្គ ដែលយ៉ាងហោចណាស់ក៏ជាការរំលឹកដល់ពួកប្រទេសនៅក្នុងតំបន់ អំពីអំណាចឥទ្ធិពលទាំងយោធានិងសេដ្ឋកិច្ចដ៏មហិមានៅអាស៊ីអាគ្នេយ៍មានជាអមតៈមិនសាបសូន្យឡើយរបស់ចិន(Sic)!។

         ការសាងសង់ទំនប់វារីអគ្គិសនី ជួយក្នុងការគ្រប់គ្រងមកលើពួកប្រទេសដែលស្ថិតនៅខ្សែទឹកខាងក្រោមរបស់មេគង្គ!

          ទោះស្ថិតនៅក្នុងកាលៈទេសៈណាមួយក៏ដោយ ក៏អាជ្ញាធរចិនចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ ពិសេសគឺដងទន្លេមេគង្គជាទីលានដែលមិនអាចកាត់ផ្ដាច់ចេញពីយុទ្ធសាស្រ្តតំបន់របស់ចិនបានឡើយ!។ឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយរបស់ចិនកាន់តែមានឥទ្ធិពលនៅលើពិភពលោកដោយអំណាចទាំងនេះបានឆ្លងតាមរយៈផ្លូវមួយខ្សែក្រវាត់មួយក្នុងការជួយពង្រឹងនិងពង្រីកនូវអំណាចឥទ្ធិពលនេះ ដោយចិនបានជំរុញការកសាងបណ្ដាញផ្លូវល្បឿនលឿន ប្រព័ន្ធផ្លូវដែក កំពង់ផែ វាលយន្តហោះ តំបន់សេដ្ឋកិច្ចពិសេសដោយចងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ទៅជាបណ្ដុំបម្រើឱ្យទំនិញសេដ្ឋកិច្ចរបស់ចិនមានភាពរលូនទៅកាន់តំបន់និងពិភពលោក សំដៅបម្រើឱ្យគោលនយោបាយយុទ្ធសាស្រ្តក្នុងការត្រួតត្រា កាន់កាប់របស់ចិនចំពោះមុខនិងយូរអង្វែងនៅក្នុងតំបន់សិន(Sic)!។

          អំណាចរបស់ចិន ពុំមានឧបសគ្គរារាំងនៅក្នុងតំបន់!

         ចិនមានអំណោយផលធម្មជាតិមួយ គឺប្រភពដើមរបស់ទន្លេមេគង្គបានចាប់ផ្ដើមចេញពីតំបន់ខ្ពង់រាបទីបេដែលចិនហៅថា ទន្លេឡាងឆាននោះ!។ប្រការដែលចិនអាចគ្រប់គ្រងបានដងទន្លេមេគង្គ និងត្រួតត្រាបានសមុទ្រចិនខាងត្បូង លើផ្នែកយុទ្ធសាស្រ្តនោះ គឺដោយសារចិនបានមើលឃើញជាយូរមកហើយ ព្រមទាំងបានដាក់តំបន់អាស៊ីអាគ្នេយ៍ នៅក្នុងស្ថានភាពដង្កៀប(Pincer)មួយ ដោយនៅលើទឹកសាបហាក់បីដូចជាពុំមានឧបសគ្គ តែបើនៅលើទឹកប្រៃវិញ ត្រូវជួបប្រទះទៅនឹងអំណាចរបស់ពួកឥណ្ឌូប៉ាស៊ីហ្វិក ហើយឥឡូវនេះមានAUKUS មួយទៀតដែលមានសហរដ្ឋអាមេរិកជាមេខ្លោងនោះ!តែចិននិងប្រើយុទ្ធវិធី Salami-slicing កាត់ជាចំណែកៗ កាត់ជាកង់ៗដើម្បីតទល់ជាមួយពួកប្រទេសទាំងនេះនោះ(Sic)!។

               ការពង្រីកដងទន្លេ សំដៅបម្រើអត្ថប្រយោជន៍សេដ្ឋកិច្ច!

         បច្ចុប្បន្ន ដងទន្លេមេគង្គត្រូវបានពង្រីក និងការជីកឱ្យជ្រៅទៅតាមតំបន់ខ្លះ រួមទាំងការបំផ្ទុះថ្ម កោះដែលមាននៅក្នុងបាតទន្លេ ដើម្បីជាការសម្រួលឱ្យកប៉ាល់ទំនិញដែលមានទំហំធំៗងាយស្រួលក្នុងការធ្វើនាវាចរណ៍ពីគុនមីងរត់ចុះរហូតដល់ ហ្លូងព្រះបាង បានយ៉ាងរលូន!តែកិច្ចការទាំងអស់នេះ ក៏បានបន្សល់ទុកមកនូវផលវិបាកដ៏ច្រើនផងដែរ!។

          ទឹក អាចប្រែក្លាយទៅជាអាវុធប្រឆាំងទៅនឹងប្រទេសអមិត្តរបស់ខ្លួន!

         មិនត្រឹមតែគំរាមកំហែង រំលោភបំពានមកលើតំបន់សមុទ្ររបស់ពួកប្រទេសភូមិផងប៉ុណ្ណោះទេ! តែថែមទាំងបានសម្ដែងអំណាចមហិទ្ធរិទ្ធិមកលើដែនដីគោក រួមទាំងមកលើប្រភពទឹករបស់ទន្លេ បឹងបួរទាំងឡាយដែលមានចរន្តទឹកហូរចុះទៅពួកប្រទេសដែលស្ថិតនៅខ្សែទឹកខាងក្រោមទៀតផង(Sic)!។

               នៅក្នុងអត្ថបទមួយស្ដីពី China is Weaponizing Water ដែលអ្នកនិពន្ធមួយនេះ បានធ្វើបកអាក្រាតនូវរាល់សកម្មភាព និងអំពើរបស់អាជ្ញាធរចិន ជាប្រទេសដែលមានទីតាំងស្ថិតនៅក្នុងប្រភពដើមរបស់ទន្លេទាំងឡាយ ហើយដែលមានចរន្តទឹកហូរចុះមកភាគខាងក្រោម!និងដោយចិនបានសាងសង់ទំនប់វារីអគ្គិសនីរាប់សិបសំណង់នោះ ដែលនេះពួកអ្នកវិភាគនយោបាយមើលឃើញថា សំណង់ទាំងនេះអាចប្រែក្លាយចរន្តទឹកហូរចុះមកក្រោម ទៅជាមធ្យោបាយនយោបាយមួយក្នុងការគាបសង្កត់ គំរាមកំហែង បង្កើតទៅជាការខ្វះទឹក រីងស្ងួត ទឹកជំនន់ដល់តំបន់ខ្សែទឹកខាងក្រោមយ៉ាងធ្ងន់ធ្ងរតាមគោលបំណងរបស់ខ្លួននោះ(Sic)!។

               ស្ថានភាពអំណោយផលក្នុងឧត្តមភាពធម្មជាតិរបស់ចិន!

         ដោយមានភាពអនុគ្រោះក្នុងភូមិសាស្រ្ត ដែលប្រទេសចិនបានស្ថិតនៅចំកណ្ដាលរបស់ផែនដីនៃពិភពលោក រួមទាំងមានប្រភពដើមរបស់ទឹកដែលហូរចុះមកក្នុងទ្វីបអាស៊ីនេះ!។ ដោយចិនកាន់កាប់បានតំបន់ខ្ពង់ររាប របស់ទីបេ ដែលដែនដីនេះសំបូរទៅដោយប្រភពទឹក និងតំបន់Xian Yang មួយដ៏ធំ ដែលជាសភាវកម្មជាតិ ចិនបានប្រែក្លាយទៅជាប្រភពទឹករបស់ទន្លេទាំងឡាយដែលហូរចាក់ចុះមក១៨ប្រទេសដែលស្ថិតនៅខ្សែទឹកខាងក្រោមនោះ!ហើយដែលគ្មានប្រទេសណាមួយលើពិភពលោក ដែលមានស្ថានភាពជាប្រទេសស្ថិតនៅក្នុងភាពដើមរបស់ប្រភពទឹក ដូចប្រទេសចិននេះឯង!។

          ហានិភ័យកើតមកពីការកសាងទំនប់ទឹក!

               ទំនាស់វិវាទដែលបានអូសបន្លាយជាងទសវត្សរ៍ហើយដែលគ្មានដំណោះស្រាយនៅKashmir ក្នុងតំបន់អាស៊ីខាងត្បូង ឬនៅFerghana Valley ក្នុងតំបន់អាស៊ីកណ្ដាល សុទ្ធតែមានការពាក់ព័ន្ធទៅនឹងបញ្ហារបស់ប្រភពទឹក ក៏ដូចជាដែនដីផងដែរ!។បើនៅប្រទេសអាស៊ីមួយចំនួន ពួកគេបានស្វែងរកវិធីក្នុងការគ្រប់គ្រងសម្បត្តិធម្មជាតិរបស់ទន្លេ បឹងបួរល.ល តាមរយៈការសាងសង់ទំនប់ ដីព្រែកឬរំកិលខ្សែព្រំដែន ផ្លាស់ប្ដូរទីតាំងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋខ្លួនជាដើម!។

          ស្ថានភាពគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមួយដែលធ្លាប់បានកើតឡើងលើតំបន់ជាច្រើន ពីប្រទេសអូស្រ្តាលីរហូតដល់ឧបទ្វីបឥណ្ឌានិងទ្វីបអាហ្រ្វិកនោះ!សុទ្ធតែមានទាក់ទងទៅដល់ដំណោះស្រាយទំនប់ទឹកទាំងអស់!ដែលទំនប់ទាំងនេះ បាននាំទៅដល់ការខ្វះទឹកក្នុងការប្រើប្រាស់ទាំងអស់នោះ!។

          មានតំបន់ជាច្រើននៅក្នុងទ្វីបអាស៊ីដែលសំបូរទៅដោយសហគមន៍ប្រជាជនរស់នៅ បាននិងកំពុងប្រឈមទៅនឹងការខ្វះទឹកយ៉ាងធ្ងន់ធ្ងរបំផុត!ហើយការប្រកួតប្រជែង ដណ្ដើមគ្នាក្នុងការកសាងទំនប់ទឹក អាចជាហេតុបច្ច័យមួយដ៏ចម្បងក្នុងការនាំឱ្យមានស្ថានភាពតានតឹង ព្រមទាំងឈានទៅដល់ការវិវាទ ប្រទូស្តរាយនោះ!។

          ក្នុងបរិបទមួយនេះ ទើបនៅលោកខាងលិច សំណង់ទំនប់ធំៗលែងបានឃើញទៀតហើយ!ជាពិសេស គឺនៅបណ្ដាប្រទេសដូចជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ល.ល ដោយការកសាងទំនប់ទឹកត្រូវបានមហាជនប្រឆាំង ជំទាស់មិនឱ្យដំណើរការទៀតឡើយ!។

          ក្នុងផែនការកសាងទំនប់ទឹឹកថ្មី ដែលគ្រោងនឹងសាងសង់ទំនប់មួយនៅលើទន្លេBrahmaputra ដែលទំនប់មួយនេះស្ថិតនៅជិតតំបន់មានការប្រទូស្តរាយ វិវាទជាមួយឥណ្ឌា ដោយទំនប់មួយនេះមានកម្លាំងថាមពលពីរដងនៃតំនប់មួយដ៏ធំបំផុតក្នុងប្រទេសចិន ព្រោះទំនប់នេះគ្រោងមានអាងស្តុកទឹកវែងហើយធំជាង Great Lake នៅក្្នុងតំបន់អាមេរិកខាងជើងទៀតផង!។ក្នុងយុទ្ធសាស្រ្តយូរអង្វែងអាជ្ញាធរចិន ហាក់បីដូចជាពុំមានការស្ទាក់ស្ទើរក្នុងការកសាងទំនប់ទឹកស្ថិតនៅក្នុងតំបន់ដែលនៅមានទំនាស់វិវាទ!ដូចជានៅក្នុងតំបន់Kashmir ក្នុងដែនដីគ្រប់ដោយប៉ាគីស្ថាន!ឬនៅក្នុងតំបន់ជនជាតិភាគតិចនាតំបន់ភាគខាងជើងរបស់ប្រទេសភូមាជាដើម!។

          ដំណោះស្រាយស្រោចស្រង់សភាពការណ៍ទឹក!

         ជាការពិត ចិនដែលជាប្រទេសស្ថិតនៅលើខ្សែទឹកខាងលើ បានបំពេញតួនាទីមួយយ៉ាងសកម្មធ្វើជាអ្នកមានគុណធម៌ក្នុងការឆ្លើយតបទៅនឹងសំណូមពររបស់ពួកប្រទេសដែលស្ថិតនៅខ្សែទឹកខាងក្រោម ក្នុងការស្នើឱ្យមានការបើកទ្វារទំនប់ទឹក ក្នុងការបង្ហូរទឹកឱ្យចុះមកតំបន់ដែលកំពុងរងនូវការររាំងស្ងួតនោះ!តែការបង្ហូរទឹក និងការទទួលទឹក គឺអាស្រ័យទាំងស្រុងទៅនឹងអាកប្បកិរិយានយោបាយរបស់បណ្ដាប្រទេសដែលស្ថិតនៅតំបន់របស់ខ្សែទឹកខាងក្រោមទៅវិញ!។

          នៅចំពោះមុខគ្រោះមហន្តរាយអំពីទឹកដែលមានវិសាលភាពដ៏ធំនៅអាស៊ីយ៉ាងដូច្នោះ! បានធ្វើឱ្យពួកប្រទេសអាស៊ីខ្លះ ប្រឈមទៅនឹងការសម្រេចក្នុងការត្រូវធ្វើការជ្រើសរើសផ្លូវដែលត្រូវដើរដូចបច្ចុប្បន្ននេះ!។ព្រោះបើដើរតាមផ្លូវដូចនឹង សភាពបច្ចុប្បន្ននេះ គឺប្រការនេះនឹងបន្តនាំដល់ការធ្លាក់ចុះ និងការបំផ្លិចបំផ្លាញបរិស្ថានច្រើនជាង រហូតដល់អាចមានសង្រ្គាមដណ្ដើមទឹកទៀតផង!។

          ក្នុងករណីបើមិនចង់ឱ្យមានការប្រទូស្តរាយជាមួយចិនអំពីទឹក គឺមានវិធានល្អតែមួយ គឺចូលរួមសហការជាមួយចិនដោយឯកភាពទទួលយកនូវគ្រប់លក្ខខណ្ឌកើតជាយថាហេតុក្នុងករណីដែលចិនមិនសោមនស្សនោះ!។

          ការកាន់កាប់ទន្លេមេគង្គ គឺដើម្បីទម្លុះផ្លូវចេញ ទៅសមុទ្រចិនខាងត្បូង!

         ទន្លេមេគង្គ ដងទន្លេដែលប្រទានដោយព្រះធម្មជាតិដែលទន្លេមេគង្គមួយនេះពោរពេញទៅដោយទេវកថានោះ បាននិងកំពុងត្រូវបានអ្នកយុទ្ធសាស្រ្តយកមកប្រើប្រាស់ធ្វើជាឧបករណ៍នយោបាយការទូត បម្រើឱ្យយុទ្ធសាស្រ្តសេដ្ឋកិច្ច និងយោធានៅលើផ្លូវទឹកមួយនេះ ក្នុងសតវត្សរ៍ទី២១!។

          នៅលើដងទន្លេមេគង្គ ដែលមានប្រវែង៤៥០០គីឡូម៉ែត្រ គេឃើញមានកន្លែងខ្លះត្រូវបានជីកពង្រីក បំផ្ទុះយកថ្មនៅក្នុងក្រោមបាតទន្លេ ល.ល ដែលសកម្មភាពទាំងអស់នេះ គឺក្នុងបំណងតែមួយគត់ សម្រាប់សម្រួលឱ្យកប៉ាល់ធំៗដែលមានទម្ងន់រាប់តោន រួមទាំងនាវាយោធាផង អាចធ្វើនាវាចរណ៍ចុះពីលើ ឆ្លងកាត់ប្រទេស ហើយចេញទៅសមុទ្រចិនខាងត្បូងបានដោយរលូនក្នុងអនាគតនោះ!។

          ទន្លេមេគង្គ អាចក្លាយទៅជាបញ្ហារបស់សមុទ្រចិនខាងត្បូងថ្មី ក្នុងការនាំឱ្យមានវិវាទរវាងចិន និងអាស៊ាន!

         ក្នុងពីរថ្ងៃ ពីថ្ងៃទី១០ដល់១១ មករា ២០១៨ ដែលក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការឡានឆាងមេគង្គលើកទី២ ចប់!បានធ្វើឱ្យមានកើតឡើងនូវការវិភាគពីពួកអ្នកយុទ្ធសាស្រ្តដាក់បញ្ហាសង្ស័យជុំវិញទន្លេមេគង្គដោយចោទសួរថា Is Mekong River Set to Become the New South China Sea for Regional Disputes?!។

          នៅក្នុងកិច្ចប្រជុំកំពូលមួយនេះ ភាគីចិនបានអះអាងថា យន្តការកិច្ចសហប្រតិបត្តិការឡានឆាងមេគង្គនេះ មានតួនាទីនិងលទ្ធភាពក្នុងការជំរុញអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចដល់ប្រទេសដែលស្ថិតនៅតាមបណ្ដោយទន្លេមេគង្គ ដោយចិនជាអ្នកផ្ដល់ហិរញ្ញប្បទានដល់រាប់សិបគម្រោងនៅក្នុងតំបន់មួយនេះ!។ ក៏ប៉ុន្តែ មជ្ឈដ្ឋានពួកអ្នកបរិស្ថាននិយមបានសម្ដែងការបារម្ភយ៉ាងជ្រាលជ្រៅអំពីផលប៉ះពាល់ និងឥទ្ធិពលអាក្រក់ ដែលកើតចេញមកពីបណ្ដាគម្រោងទាំងនេះមកលើស្ថានភាពបរិស្ថានលើដងទន្លេមេគង្គ ដែលអាជ្ញាធរចិនពុំដែលបានលើកឡើងសោះឡើយ(Sic)!។

               គ្រប់គ្រងបានទន្លេមេគង្គ មានន័យថាត្រួតត្រាបានសេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍!

         រហូតមកដល់ពេលនេះ ទន្លេមេគង្គនៅតែជាទន្លេមួយដែលត្រូវបាននចាត់ទុកថា ប្រភពសម្បត្តិធម្មជាតិមួយដ៏មហាសាលនៅក្នុងតំបន់មួយនេះ ជាពិសេសគឺតំបន់ដែលស្ថិតនៅក្នុងតំបន់មេគង្គក្រោម -Mekong Delta ត្រូវបានមើលឃើញថាជាតំបន់មួយដែលសំបូរទៅដោយដីមានជីជាតិបំផុតលើពិភពលោកសម្រាប់វិស័យកសិកម្មនិងជលផលនោះ!។

          ក្នុងបរិបទមួយនេះ ដែលមួយភាគធំពួកអ្នកជំនាញការបានវាយតម្លៃថា នរណាធ្វើជាម្ចាស់ក្នុងការត្រួតត្រាមកលើដងទន្លេមេគង្គស្មើនឹងត្រួតត្រាបានមួយភាគធំមកលើខឿនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីភាគអាគ្នេយ៍!ហើយដោយមានចក្ខុវិស័យមួយយ៉ាងដូច្នោះ ទើបពួកអ្នកវិភាគយុទ្ធសាស្រ្តបានធ្វើសេចក្ដីសន្និដ្ឋានអំពីលទ្ធភាពដងទន្លេមេគង្គមួយនេះ អាចនឹងប្រែក្លាយទៅជាចំណុចក្ដៅ វិវាទមួយដ៏ធំរវាងចិននិងអាស៊ាន បន្ទាប់ពីឧបទ្ទវហេតុនៃអធិករណ៍នៅលើសមុទ្រចិនខាងត្បូងនោះ!។

          ក្នុងផលប្រយោជន៍យុទ្ធសាស្រ្តយូរអង្វែងយ៉ាងនេះ គឺអាជ្ញាធរចិនបានសម្រេចបង្កើតយន្តការសហប្រតិបត្តិការឡានឆាងមេគង្គ នៅឆ្នាំ២០១៥ ដែលពួកអ្នកនយោបាយនៅក្នុងតំបន់បានមើលឃើញថា ការបង្កើតឡើងនូវយន្តការមួយនេះក្នុងបំណងតែមួយគត់ គឺដើម្បីប្រកួតប្រជែង និងបន្សាបមុខងាររបស់គណៈកម្មាធិការទន្លេមេគង្គ-Mekong River Commission -MRC ដែលមានកំណើតនិងបានធ្វើសកម្មភាពជាង៦០ឆ្នាំមកហើយនោះ(Sic)!។

               បង្កើន ជំរុញអត្ថប្រយោជន៍របស់ចិនលើគ្រប់វេទិកា!

         បណ្ដាញសារព័ត៌មានរបស់លោកខាងលិច បានធ្វើការចោទប្រកាន់ដោយត្រង់មកលើអាជ្ញាធរចិន ដោយចោទថាចិនបានឆ្លៀតប្រើប្រាស់យន្តការLMCនេះ ដើម្បីជំរុញ និងបម្រើឱ្យផលប្រយោជន៍សួនតួរបស់ប្រទេសខ្លួន!ទន្ទឹឹមនេះ ចិនក៏បានឃោសនាលើកកម្ពស់តួនាទីរបស់LMCឱ្យមានភាពលេចធ្លោរ ធ្វើឱ្យមើលឃើញថា LMC មានឧត្តមភាពដ៏ល្អប្រពៃជាងMRC ASEAN GMS ល.ល…ជាដើម(Sic)!។

               ចាប់តាំងពីយន្តការLMC ត្រូវបានបង្កើតឡើងនាឆ្នាំ២០១៥មក មានកិច្ចប្រជុំកំពូល និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស និងបណ្ដាកិច្ចប្រជុំថ្នាក់ជំនាញបានកើតមានឡើងជាហូរហែ ហើយដែលក្នុងកិច្ចប្រជុំនីមួយៗ ភាគីចិនតែងតែបានអះអាងក្នុងការត្រូវចំណាយរាប់កោដិដុល្លារមកលើគម្រោងទាំងឡាយ ដែលមានតាំងពីការកសាងតំបន់ឧស្សាហកម្ម កសិកម្ម រហូតដល់ការធ្វើពាណិជ្ជកម្មឆ្លងដែនល.ល…ទៀតផង!។

          ក្នុងស្ថានភាពស្រេកឃ្លានការអភិវឌ្ឍ រីកចម្រើន គួបផ្សំទៅនឹងការខ្វះថាមពលផង បានបង្ខំឱ្យប្រទេសដែលស្ថិតនៅតាមបណ្ដោយទន្លេមេគង្គមួយចំនួន សម្រេចដើរតាមត្រីវិស័យរបស់អាជ្ញាធរចិន មានឡាវជាដើម ក្នុងការជំរុញនិងកសាងទំនប់វារីអគ្គិសនីលើដងទន្លេមេរបស់ទន្លេមេគង្គ! ដោយការសាងសង់នេះ ពុំបានគិតដល់ផលប៉ះពាល់មកលើស្ថានភាពបរិស្ថានរបស់ទន្លេមេគង្គឡើយ!ដែលទោះបីជាមានការព្រមាន ឬមានអនុសាសន៍ពីគណៈកម្មាធិការទន្លេមេគង្គ NGOs ឬបណ្ដារដ្ឋាភិបាលរបស់ពួកប្រទេសដៃគូដ៏ដោយ!។

          សមុទ្រចិនខាងត្បូង និងទន្លេមេគង្គ ត្រូវបានអនុវត្តន៍ក្នុងយុទ្ធវិធីតែមួយ!

         ពួកអ្នកវិភាគឯករាជ្យជឿជាក់ថា បញ្ហាទន្លេមេគង្គមានលទ្ធភាពប្រែប្រួលទៅជាចំណុចក្ដៅក្នុងទំនាស់វិវាទមួយដ៏ធំរវាងចិនជាមួយពួកប្រទេសអាស៊ានមួយចំនួនដោយមានការញុះញង់ពីខាងក្រៅបន្ទាប់ពីសមុទ្រចិនខាងត្បូងនោះ!ព្រោះការគ្រប់គ្រង ត្រួតត្រា ទន្លេមេគង្គគឺជាគោលដៅយុទ្ធសាស្រ្តរបស់ចិនក្នុងការចុះមកតំបន់នេះ តាមរយៈទឹកប្រៃផង ទឹកសាបផង!។

          អស់រយៈកាលជាងមួយទសវត្សរ៍នៃមេរៀនក្នុងការប្រើប្រាស់នយោបាយការទូតCarrot and Stick នៅក្នុងតំបន់មក!ចិនបានយល់យ៉ាងច្បាស់ នូវអ្វីដែលពួក ប្រទេសអាស៊ាន ចង់បាននិងរបស់ដែលមិនចង់បាន ដែលបច្ច័យទាំងនេះគឺជាហេតុដែលនាំឱ្យចិនចូលជ្រៅទៅក្នុងអាស៊ានបាននោះ!។ហើយក្នុងករណីបើអាជ្ញាធរចិនទទួលបានជោគជ័យក្នុងការគ្រប់គ្រងមកលើដំណើរវិវត្តន៍ រីកចម្រើនរបស់ទន្លេមេគង្គនោះ គឺចិននឹងប្រែក្លាយចំណុចអវិជ្ជមានទាំងនេះទៅជាកោសិកាមួយដ៏សំខាន់ ដើម្បីចិនងើបឡើង និងបង្កើនឥទ្ធិពលនៅក្នុងសមាគមអាស៊ាននេះឯង!។ ក្នុងបរិបទមួយនេះ ទើបពួកអ្នកវិភាគយុទ្ធសាស្រ្តនៅក្នុងតំបន់បានអះអាងថា ឥរិយាបថនយោបាយរបស់ចិនមកលើទន្លេមេគង្គ មានភាពប្រហាក់ប្រហែលទៅនឹងយុទ្ធវិធីដែលចិនបានអនុវត្តន៍នៅក្នុងទំនាស់វិវាទរបស់បញ្ហានៃសមុទ្រចិនខាងត្បូងនោះ(Sic)!។

               យន្តការកិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ -LMC គឺជានិមិត្តរូបនៃល្បែងលេងនៅលើក្ដារអុក ដែលភាគីចិនលេងតែម្នាក់ឯងនៅលើក្ដារអុកតំបន់មេគង្គនេះ(Sic)!។ មុននេះ ចិនបានកសាងទំនប់វារីអគ្គិសនីលើប្រភពទឹកខាងលើ ដែលជាហេតុនាំឱ្យមានការប៉ះពាល់មកលើចរន្តទឹកខាងក្រោម!ក្រោយមក ចិនបានបង្កើតឡើងនូវយន្តការមួយដោយឡែក ដើម្បីដើរតួក្នុងការចាត់ចែងមកលើទន្លេមេគង្គ! បដិសេធអត្ថិភាពរបស់MRCជាយថាភាព! ព្រមទាំងចាត់ទុកទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គទាំងអស់ថាជាករណី Fait Accompli (Sic) ដែលនេះគឺជាទស្សនទានរបស់មជ្ឈដ្ឋានលោកខាងលិច មានសហរដ្ឋអាមេរិកជាមេខ្លោងក្នុងការវាយប្រហារមកលើសុឆន្ទៈរបស់ចិន ក្នុងពេលដែលប្រជាពលរដ្ឋរបស់បណ្ដាប្រទេសមេគង្គក្រោមអបអរសាទរចំពោះគម្រោងអភិវឌ្ឍន៍ទាំងឡាយរបស់ចិន ដែលជាកត្តារួមចំណែកមួយដ៏ថ្លៃថ្លាបំផុតក្នុងការជួយដល់ប្រទេសមេគង្គក្រោម ទាំងនេះរួចផុតពីស្ថានភាពក្រីក្រ មិនឱ្យផុតឆ្នាំ២០៣០នោះ!៕

                                                                                          ដោយ ហើស សិរីធន

To Top