ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ ជំនួយរថយន្តពន្លត់អគ្គិភ័យ របស់ជប៉ុន មកដល់សមស្រប នឹងភាពរីកចម្រើន និងតម្រូវការជាក់ស្តែង ទីក្រុងភ្នំពេញ (Video)

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា គម្រោងធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពពន្លត់អគ្គិភ័យ តាមរយៈការផ្តល់ រថយន្តពន្លត់អគ្គិភ័យ ដែលប្រើប្រាស់រួច ជូនរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន (គម្រោងគូសាណូណិ) សមស្របទៅនឹងភាពរីកចម្រើន និងតម្រូវការជាក់ស្តែង របស់រាជធានីភ្នំពេញ ។

ក្នុងពិធីប្រគល់ទទួល រថយន្តពន្លត់អគ្គិភ័យ ប្រើប្រាស់រួចចំនួន ៤គ្រឿង ក្នុងគម្រោងធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពពន្លត់អគ្គិភ័យ តាមរយៈការផ្តល់ រថយន្តពន្លត់អគ្គិភ័យ ដែលប្រើប្រាស់រួច ជូនរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទាន ឥតសំណង របស់ជប៉ុន នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំកម្ពុជា ដែលបានផ្តល់ជំនួយឧបត្ថម្ភ ជាថវិកា សម្ភារៈ និងបច្ចេកទេស ក្នុងដំណើរការស្តារ កសាង និងអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ជារៀងរហូតមក ជាពិសេសគម្រោងធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពពន្លត់អគ្គិភ័យ សមស្របទៅនឹងភាពរីកចម្រើន និងតម្រូវការជាក់ស្តែង របស់រាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានឲ្យដឹងថា “ក្នុងរយៈពេលកន្លងមក ដើម្បីគ្រប់គ្រងស្ថានភាព និងសភាពការណ៍គ្រោះអគ្គិភ័យ ដែលបានកើតមានឡើង រដ្ឋបាលរាជធានីភ្នំពេញ ដែលមានការរិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំណុះឲ្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានសហការ អនុវត្តការងារនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងនោះយើងបានចាត់តាំងបញ្ជា កម្លាំងប្រចាំការ នៅតាមគោលដៅ ដែលនៅជិត ទីតាំងឆេះបំផុត ដើម្បីងាយស្រួលធ្វើអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ បានឆាប់រហ័ស ដោយបានធ្វើការបែងចែកភារកិច្ច និងការទទួលខុសត្រូវ ទៅតាមមុខព្រួញ ហ៊ុនព័ន្ធកន្លែងកើតហេតុ ចៀសវាងការរីករាលដាលធំ និង កំណត់យុទ្ធសាស្ត្រ ដើម្បីធ្វើការពន្លត់ឲ្យបានឆាប់រហ័ស និងដើម្បីផ្តល់ ការសង្គ្រោះ ដល់ប្រជាពលរដ្ឋ ក្នុងតំបន់ឆាបឆេះ ឲ្យបានទាន់ពេលេលា” ។

លោកអភិបាលរាជធានីភ្នំពេញ គូសបញ្ជាក់ថា “ស្របពេលដែលរាជធានីភ្នំពេញ កាន់តែមានភាពរីកចម្រើន ដែលបានបង្ហាញ ឲ្យឃើញតាមរយៈវត្តមាន ទីក្រុងរណប អគារពាណិជ្ជកម្ម សំណង់បុរី ខុនដូ និងផ្សារទំនើប ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នោះ ទីក្រុងភ្នំពេញ ក៏កំពុងប្រឈម ទៅនឹងបញ្ហាថ្មីៗ លើការងារបង្ការ និង ពន្លត់អគ្គិភ័យ ដែលអាំចកើតមាន ចំពោះសំណង់អគារខ្ពស់ៗ និង បណ្តាអាជីវកម្មដ្ឋានងាយឆាបឆេះ ដូច្នេះការផ្តល់ នូវជំនួយបច្ចេក ទេស និងរថយន្តពន្លត់អគ្គិភ័យ ដែលមានសមត្ថភាព របស់មិត្តជប៉ុន សម្រាប់ការងារនេះ គឺពិតជាបានឆ្លើយតប ទៅនឹងតម្រូវការចាំបាច់ ចំពោះមុខ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាដល់ប្រសិទ្ធភាព នៃការអន្តរាគមន៍ពន្លត់អគ្គិភ័យ ក្នុងទីក្រុង បានទាន់ពេលវេលា និងកាន់តែប្រសើរឡើង” ។

ក្នុងឱកាសនោះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុន ប្រចាំ កម្ពុជា បានថ្លែងឲ្យដឹងថា “តាមរយៈគម្រោងនេះ រថយន្តពន្លត់អគ្គិភ័យ១គ្រឿង បំពាក់ដោយកាំជណ្តើរកម្ពស់៤០ម៉ែត្រ ដែលជារថយន្តពន្លត់អគ្គិភ័យដំបូង សម្រាប់ដាក់ឲ្យប្រើប្រាស់ នៅកម្ពុជា ។ រថយន្តពន្លត់អគ្គិភ័យបំពាក់ ដោយសារធាតុគីមី១គ្រឿង និងរថយន្តបូមទឹកពន្លត់អគ្គិភ័យ២គ្រឿង ត្រូវបានផ្តល់ជូន ហើយកម្មវិធីបណ្តុះបណ្តាល ស្តីពីប្រតិបត្តិករ នៃ ឧបករណ៍ពន្លត់អគ្គិភ័យ ក្នុងអគារខ្ពស់ៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដែលបានបំបាក់ដោយកាំជណ្តើរ ឆ្លើយតបទៅនឹង ឧប្បត្តិហេតុនានាបង្ក ឡើង ដោយវត្ថុធាតុដែលមានគ្រោះថ្នាក់ខ្ពស់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ បំពាក់ដោយសារធាតុគីមី និងអនុវត្តសកម្មភាព ពន្លត់អគ្គិភ័យ និងជួយសង្គ្រោះប្រកបដោយប្រសិទ្ធភាព នៅកន្លែងច្រើនជាងមួយ ដោយប្រើប្រាស់រថយន្តបូមទឹក ពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ហើយវានឹងពង្រឹងសមត្ថភាព ការពារគ្រោះមហន្តរាយ នៅក្នុងរាជធានីភ្នំពេញ” ។

លោកទូតសង្ឃឹមថា រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ដែលបានដាក់ពង្រាយ ក្នុងរាជធានីភ្នំពេញ នឹងត្រូវបានប្រើប្រាស់បានយូរអង្វែង និងជានិមិត្តរូបនៃមិត្តភាព រវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា ។
គួរបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យជប៉ុន ផ្តល់ដល់អង្គភាព ពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ចំនួន៤គ្រឿង នេះ មានរថយន្តជណ្តើរ១គ្រឿង រថយន្តប្រភេទបាញ់គីមី១គ្រឿង និងរថយន្តស្តុកទឹកចំនួន២គ្រឿង ។ បច្ចុប្បន្ននេះ នគរបាលពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មានកម្លាំងសរុប ១០៤នាក់ រួមមាន បុគ្គលិកកិច្ចសន្យា ចំនួន៣៧នាក់ ។ រថយន្តពន្លត់អគ្គិភ័យគ្រប់ប្រភេទចំនួន ៥៤គ្រឿង (ក្នុងចំណោមរថយន្ត ទាំង៥៤គ្រឿង មានរថយន្តបាញ់ ទឹកពន្លត់អគ្គិភ័យ ចំនួន៤៥គ្រឿង រថយន្តដឹកសម្ភារៈ ២គ្រឿង រថយន្តជណ្តើរ២គ្រឿង រថយន្តកន្ត្រក២គ្រឿង រថយន្តបុកបេតុង ១គ្រឿង រថយន្តស្ទូច ១គ្រឿង និងរថយន្តបាញ់ភ្លើងហ្វា ចំនួន ១គ្រឿង) មានស្ថានីយ៍រថយន្តប្រចាំការ នៅទូទាំងរាជធានីភ្នំពេញ ចំនួន៧កន្លែង មានគោលដៅប៊ូសបូមទឹក ចំនួន១១០ទីតាំង ។ នេះបើយោងតាមរបាយការណ៍ លោក ឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង តំណាងអគ្គភាព នគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ៕

To Top