ព័ត៌មានជាតិ

ក្រសួងសាធារណការ ជំរុញឲ្យប្រើប្រាស់រថយន្ត ដើរដោយថាមពលអគ្គិសនី

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាជំរុញការប្រើប្រាស់ រថយន្តដើរដោយថាមពលអគ្គិសនី ឲ្យទូលំទូលាយ ដើម្បីចូលរួមចំណែកកាត់បន្ថយ ការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាសផែនដី។

ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហព័ន្ធ ឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ដឹកនាំដោយ លោក តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា «ការរៀបចំសេចក្តីព្រាងគោល នយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្ត ដើរដោយថាមពលអគ្គិសនី (EV) ក្នុងការចូលរួមចំណែកកាត់បន្ថយ ការបំភាយឧស្ម័នកាបូន កិច្ចសហការរវាងក្រសួងសាធារណការ និងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើងស្ថានីយសាកថ្ម Evs ចំនួន៥ទីតាំង រួមមាន៖ ទីស្តីការក្រសួងសាធារណការ និងបណ្តារាជធានី-ខេត្ត មួយចំនួន»។

លោក បន្ដថា គម្រោងដំឡើង ស្ថានីយថ្ម EV នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងដាក់ឲ្យប្រើប្រាស់ ក្នុងខែកញ្ញា ឆ្នាំ២០២២ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ PTT និងគម្រោងដំឡើងស្ថានីយសាកថ្ម EV នៅក្នុងរាជធានី ចំនួន១០ទីតាំង ដោយសហការជាមួយវិស័យឯកជន ផងដែរ។

លោក ក៏បានគូសបញ្ជាក់ពីតួនាទីនាំមុខ និងការប្តេជ្ញាចិត្តប្រកបដោយ ការទទួលខុសត្រូវខ្ពស់ របស់ក្រសួងសាធារណការ ក្នុងការជំរុញការប្រើប្រាស់ រថយន្តដើរដោយថាមពលអគ្គិសនី ឲ្យបានទូលំទូលាយ។ លោកថា រាជរដ្ឋាភិបាល មានការបើកចំហរទូលំទូលាយ ដល់វិនិយោគិនទាំងក្នុងស្រុក ក៏ដូចជាក្រៅស្រុកវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ដំណើរការរថយន្តដើរ ដោយថាមពលអគ្គិសនី។

នាឱកាសនោះ គណៈប្រតិភូសហព័ន្ធ ឧស្សាហកម្មយានយន្តកម្ពុជា បានសំណូមពរឲ្យក្រសួងជួយពិនិត្យ និងសម្របសម្រួលលើការងារ បច្ចេកទេសពាក់ព័ន្ធនឹងការ ដំឡើងឧបករណ៍ស្តង់ដារួម (យថាប្រភេទតែមួយ) ដែលអាចឱ្យរថយន្តដើរដោយ ថាមពលអគ្គិសនីគ្រប់ប្រភេទ ទាំងអស់ដោតសាកថ្ម EVs នៅតាមស្ថានីយសាកថ្មណាមួយក៏បាន និងបានស្នើឲ្យមានគោលនយោបាយ សម្រាប់រថយន្តដើរដោយ ថាមពលអគ្គិសនី ផងដែរ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានណែនាំសហព័ន្ធសហការ ឲ្យបានជិតស្និទ្ធជាមួយមន្ត្រី ជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅដោះស្រាយបញ្ហាដែល សហព័ន្ធបានលើកឡើងឲ្យបានជោគជ័យ ដើម្បីជំរុញលើកទឹកចិត្តឲ្យ មានការប្រើប្រាស់រថយន្តដើរ ដោយថាមពលអគ្គិសនី បានទូលំទូលាយ និងទាក់ទាញចំណាប់ អារម្មណ៍ខ្ពស់ពីវិស័យឯកជន ក៏ដូចជាសាធារណជនជាទូទៅ ៕

To Top