ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារភ្លាមៗ ចេញជួយស្វែងរកបុរសម្នាក់​ ធ្លាក់ពីលើទូកនេសាទ បាត់ខ្លួន ក្នុងទឹកសមុទ្រ

ភ្នំពេញ៖ លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជន​​ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃ២៤ ខែមករា ឆ្នាំ២០២២នេះ​ បានបញ្ជូនអូបរ័ពេទ្យ និងក្រុមការងារសង្គ្រាះ របស់ក្រុមហ៊ុនលោកឧកញ៉ា ទៅជួយស្វែងរក​បុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ តាមការស្នើសុំ ពីក្រុមគ្រួសារជនរងគ្រោះ ។

យោងតាមក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទ ចូលទៅក្នុងសមុទ្រ នៅចំនុចដាវលេខ៤៣_៧៩០ ម្តុំខាងក្រោយឃ្លាំងស្តុកប្រេងសូគីមិច ចន្លោះពាក់កណ្តាលកោះដូង ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួចបាត់ខ្លួន។

ចំណែកម្ចាស់ទូកឈ្មោះ អ៊ុក ស៊ិន ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅលើទូក មានស្រុកកំណើត ភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឲ្យដឹងដែរថា មុនកើតហេតុពួកគាត់ បានចេញទៅនេសាទ មានគ្នាចំនួន៣នាក់ ហើយពេលកំពុងនេសាទក្នុងសមុទ្រ ជនរងគ្រោះដែលជាកូនដៃទូក បានធ្លាក់ទឹកបាត់ខ្លួន ហើយភ្លាមៗពួកគាត់ ក៏បានស្វែងរកដែរ ប៉ុន្តែមិនប្រទះឃើញ។

ជនរងគ្រោះឈ្មោះ ហ៊ូត ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ មានប្រពន្ធឈ្មោះ មាស សារី អាយុ៤៥ឆ្នាំ មានស្រុកកំនើត ភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែប។

គួរបញ្ជាក់ថា រហូតមកត្រឹមព្រលប់ថ្ងៃ២៤​ ខែមករា ឆ្នាំ២០២២នេះ នៅមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយ ហើយក៍មិនទាន់ដឹងពីជោគវាសនា របស់ជនរងគ្រោះថាយ៉ាងណានៅឡើយ ចំណែកការស្វះស្វែងរកជនរងគ្រោះកំពុងធ្វើបន្ត ដោយក្រុមសង្គ្រោះ ក្រុមហ៊ុនលោកឧកញ៉ាទៀ វិចិត្រ សហការ ជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក និងកម្លាំងនគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ​ ប្រកាសប្រាប់បងប្អូនប្រជានេសាទ ក្នុងសមុទ្រផងដែរថា ក្នុងករណីប្រទះឃើញជនរងគ្រោះ នៅចំណុចណាមួយ សូមជួយរាយការណ៍ មកក្រុមសង្គ្រោះតាមទូរសព្ទ័លេខ 012 964 893៕

To Top