ព័ត៌មានជាតិ

ប្រធានសហព័ន្ធ​ វិនិយោគិនកម្ពុជា ណែនាំនិងអំពាវនាវ ៩ចំណុច ដល់សមាជិកអង្គការ សមាគម និងវិស័យឯកជន​ ចូលរួមក្នុងកិច្ចការអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាល

ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយពីការគាំទ្រ និងការអំពាវនាវ​ ៩ចំណុច ដល់សមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជន ដើម្បីបន្តការគាំទ្រ និងចូលរួមក្នុងកិច្ចការអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាល​​ ដែលធ្វើឡើងនៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមសមាសភាពចូលរួម ពីសមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជន​ សរុបជាង ៦០០នាក់ ។

នាឱកាសនោះ លោកប្រធាន ឡី សុភាព បានដាក់ចេញការគាំទ្រ និងការអំពាវនាវ ចំនួន៩ចំណុច រួមមាន៖ ចំណុចទី១៖ ប្រកាសគាំទ្រគោលនយោបាយ ចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទី២៖ អំពាវនាវឱ្យសមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជនទាំងអស់ ចូលរួមចាក់វ៉ាក់សាំងដូលទី៤ ឱ្យបានគ្រប់ៗគ្នា។ ទី៣៖ ប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

ទី៤៖ ប្រកាសគាំទ្រ និងកោតសរសើរ ដល់គណៈអភិបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចបានល្អ​ កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងមក ក្នុងនោះរួមមានការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមបានល្អ ខិតខំដោះស្រាយនិងគ្រប់គ្រង បញ្ហាទឹកជំនន់ទឹកភ្លៀង ជូនប្រជាជនក្នុងរាជធានីភ្នំពេញ ឱ្យរួចពីគ្រោះថ្នាក់ផ្សេងៗ ដូចជាការលិចលង់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ពន្ធផ្សេងៗ ក៏ដូចជាខិតខំដោះស្រាយ ការកកស្ទះសំរាមនាអំឡុងពេល ក្រុមហ៊ុនប្រមូលសំរាម មានបញ្ហាកន្លងមក ឱ្យទទូលបានលទ្ធផលល្អ ជូនប្រជាពលរដ្ឋ និងកិច្ចសម្របសម្រួលការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានល្អប្រសើរ ទាំងដូចមូលដ្ឋាន និងដូសជំរុញ។

ទី៥៖ អំពាវនាវឱ្យសមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជនទាំងអស់ ចូលរួមបង់ថ្លៃសេវាសំរាម ឱ្យបានគ្រប់ៗគ្នា។ ទី៦៖ អំពាវនាវឱ្យគ្រប់មូលដ្ឋានអាជីវកម្ម ក្នុងវិស័យឯកជន ត្រូវស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម នៅការិយាល័យច្រកចេញចូលតែមួយ ទូទាំងរាជធានី-ខេត្ត។ ទី៧៖ អំពាវនាវឱ្យគ្រប់មូលដ្ឋានអាជីវកម្ម ក្នុងវិស័យឯកជន ត្រូវពង្រឹងនិងពង្រីកអាជីវកម្មមីក្រូតូច មធ្យម ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ និងកម្លាំងពលកម្មក្នុងស្រុក។

ទី៨៖ ប្រកាសគាំទ្រគោលនយោបាយ ទេសចរណ៍ក្នុងស្រុក ឱ្យបានទូលំលាយ ពិសេសក្នុងបរិបទ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី នៃជំងីកូវីដ១៩ និងមេរោគបំប្លែងថ្មីអូមីក្រុង និងទី៩៖ គាំទ្រឱ្យអាជីវករ ពាណិជ្ជករ អង្គការ សមាគម និងវិស័យឯកជន​ ចូលជាសមាជិក តាមវិស័យនីមួយៗ ឱ្យបានគ្រប់ៗគ្នា ។

គួរជម្រាបថា បន្ទាប់ពីបញ្ចប់វេទិកា សំណេះសំណាលខាងលើរួចមក អង្គពិធីក៏បានរៀបចំអាហារសាមគ្គី​ ជូនសមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជនទាំងអស់​ យ៉ាងអធិកអធមសប្បាយរីករាយផងដែរ៕

To Top