ព័ត៌មានជាតិ

ជម្រះបណ្តឹង បុរជាប់ចោទជនជាតិ វៀតណាមម្នាក់ ពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស និង ប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទជនជាតិ វៀតណាមម្នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារកំណត់៥ ឆ្នាំ ពាក់ព័ន្ធបទល្មើស
លួចមានស្ថានទម្ងន់ទោស, ការលួចចូលក្នុងព្រះរាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត និង ការប្រើប្រាស់គ្រឿងញៀនប្រព្រឹត្តនៅ ឃុំបាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីអំឡុង ឆ្នាំ ២០២០ ។

លោក ស៊ិន វិសាល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ដូ ម៉េងលាភ ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិវៀតណាម ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាលពី ខែ ធ្នូ ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ពីបទ “លួចមានស្ថានទម្ងន់ទោស, ការលួចចូលក្នុងព្រះរាជាណាចក្តកម្ពុជា ដោយគ្មានការអនុញ្ញាត និង ការប្រើប្រាស់គ្រឿងញៀន ” ។

តែគាត់បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០២០ នៅក្នុងឃុំ ឃុំបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាល ដកហូតបាន ម៉ូតូចំនួន១គ្រឿង ( វត្ថុតាង ដែលគាត់លួចគេ) និង រកឃើញមានសារធាតុញៀនក្នុងខ្លួនជនជាប់ចោទ ។

នាពេលសវនាការ ,ជនជាប់ចោទ ឈ្មោះដូ ម៉េងលាភ បានឆ្លើយសារភាពថា គាត់ពិតជានបានប្រព្រឹត្តដូចការចោទប្រការមែន ។

ជនជាប់ចោទ ដូ ម៉េងលាភ បាន សំណូមពរ ដល់សាលាឧទ្ធរណ៍ មេត្តាជួយ បន្ធូរបន្ថយទោស ដើម្បីឆាប់វិលត្រឡប់បានជួបជុំគ្រូសារវិញ នៅប្រទេសវៀតណាម៕

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា សំណរឿងក្តីនេះ នៅព្រឹកថ្ងៃទ ១៥ ខែ កុម្ភៈ ឆ្នាំ ២០២២ ៕

ដោយ គា លីហ្សា

To Top