ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោស បុរសជាប់ចោទគ្រឿងញៀនម្នាក់ ជាប់គុក៥ឆ្នាំ ពាក់ព័ន្ធជួញដូរគ្រឿងញៀន៩ កញ្ចប់

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៦ ខែ មករា ឆ្នាំឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា និង តម្កល់ទោស ទណ្ឌិត ម្នាក់ ជាប់គុក កំណត់ ៥ ឆ្នាំ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន ប្រព្រឹត្ត កាលពីអំឡុង ឆ្នាំ ២០១៨ នៅចំណុចភូមិ បាវិត ឃុំបាវិតលើ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

លោកស្រី គិម សត្ថាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងអោយដឹងនៅក្នុងសវនាការ ថា ទណ្ឌិត រូបនេះ មានឈ្មោះ មាន ឈ្មោះ រស់ សម្បត្តិ ហៅ កាត់ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ លាងម៉ូតូ ។

ទណ្ឌិតឈ្មោះ រស់ សម្បត្តិ ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី ១៣ ខែ កុម្ភៈឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ១០ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ក្រោមការចោទប្រកាន់ពីបទ ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់បានប្តឹងឧទ្ធរណ៍ ខណៈសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកដដែល។ គាត់ ក៏ប្តឹងសារទុក្ខ មក តុលាការកំពូលទៀត។

ទណ្ឌិតឈ្មោះ រស់ សម្បត្តិ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០១៨ នៅភូមិបាវិត ឃុំបាវិតលើ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វតាមីន ចំនួន៩ កព្ចាប់ មានទម្ងន់ ៤៣, ៩១ ក្រាម ៕

ដោយ គា លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top