ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ស្នើរដ្ឋបាលរាជធានី-ខេត្ត បូកសរុប លទ្ធផលការងារ រួចបញ្ជូនមកក្រសួង មុនខែមករា

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ស្នើរដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំសន្និបាតបូក សរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់ខ្លួនឡើងវិញ រួចហើយបញ្ជូនមកក្រសួង ឲ្យបានមុនដំណាច់ខែមករា ឆ្នាំ២០២២ ជាកំណត់ ។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា នាពេលកន្លងមក ដោយសារតែការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាក ជាបណ្ដោះអាសន្ន នូវការរៀបចំសន្និបាត ត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២០ និងលើក ទិសដៅការងារ ឆ្នាំ២០២១ របស់ក្រសួង និង សន្និបាតរបស់រដ្ឋបាល រាជធានី-ខេត្ត ដើម្បីចូលរួមទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ-១៩។

ក្រសួងបន្ដថា បច្ចុប្បន្ន កម្ពុជាអាចគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ព្រមទាំងបានប្រកាស បិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១ ដែលជាបរិយាកាសដ៏ល្អប្រសើរ ក្នុងកិច្ចដំណើរការសកម្មភាព សេដ្ឋកិច្ច-សង្គម តាមគន្លងប្រក្រតីភាពថ្មី ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។

ក្រសួងបញ្ជាក់ថា «ឈរលើមូលដ្ឋាននេះ ក្រសួងមហាផ្ទៃ ស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត ដំណើរការរៀបចំសន្និបាតបូក សរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់ ខ្លួនឡើងវិញ នៅក្រោយការរៀបចំសន្និបាតត្រួត ពិនិត្យលទ្ធផលការងារ ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ»៕

To Top